សង្ស័យ​ចាញ់ល្បែង​វាយ​សម្លាប់​យកប្រាក់​យក​សព​ប្លុង​ចោលក្នុង​អូរ​ព្រំដែន​ខ្មែរ​-​ថៃ​

6 Videos


​សព​បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​អូរ​ព្រំដែន​ខ្មែរ​-​ថៃបង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​នៅ​ជិតខាង​ទៅ​ចោមរោម​មើល​សាកសព​នោះ ។ ជនរងគ្រោះ​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​នៅក្នុង​ទឹក​កាលពី​រសៀល​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ ២០១៦ នៅ ក្បែរ​មាត់​អូរ​ព្រំដែនក្រោយ​ផ្សារ​មង្គល​ស្ថិត​ក្នុងភូមិ​ប៉ោយប៉ែត សង្កាត់​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

​ប្រភពពី​ប្រជាពលរដ្ឋ​និង​ប្រជា​ការពារ​ភូមិ​បាន​ឲ្យ​ដឹង​ដែរ​ថា មុនពេល​កើតហេតុ​គេឃើញ​មាន​មនុស្ស​លឹប​លរ នៅ​ម្តុំ​កន្លែងកើតហេតុ ដោយមាន​ការសង្ស័យ​ប្រជា​ការពារ ភូមិ​បាន​ចុះទៅ​មើល​ស្រាប់តែ​ឃើញ​ជនសង្ស័យ ១ ក្រុម​កំពុង​ឈរ​នៅ​មាត់​អូរ​ព្រំដែនរួច​ក៏​ធ្វើការ​សួរនាំ​ហើយ​ជន​ទាំង​នោះបាន​និយាយថាពួកគេ​ប្រទះឃើញ​សព​លង់ទឹកស្លាប់​នៅក្នុង​អូរ ។ បន្ទាប់មក​ក្រុម​ប្រជា​ការពារ​ភូមិ​បាន​ឲ្យ​ជនសង្ស័យ​ទាំងអស់នោះ​ចុះរាវ​យក​សព​ជនរងគ្រោះ​ដែល​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​មកលើ​គោក​គឺពិនិត្យឃើញថាត្រង់​ផ្ទៃមុខ​សព​រងគ្រោះ​មាន​របួស​ដូច​ត្រូវគេ​វាយ​ហើយ​ហោប៉ៅ​ខោទំនង​គេ​លូក​យកប្រាក់ ។​

សង្ស័យ​ចាញ់ល្បែង​វាយ​សម្លាប់​យកប្រាក់​យក​សព​ប្លុង​ចោលក្នុង​អូរ​ព្រំដែន​ខ្មែរ​-​ថៃ​

​ភ្លាមៗ​នោះ​ប្រជា​ការពារ​ភូមិ​បានធ្វើ​ការសួរនាំ​ជនសង្ស័យ​ដែល​ស្ថិតនៅ​កន្លែង​កើតហេតុ​ទើប​ដឹងថាពួកគេ​ស្គាល់​ជនរងគ្រោះ​នៅពេល​ចូលទៅ​លេងល្បែង​ក្នុង​កាស៊ីណូមួយ រួច​នាំគ្នា​មក​ដេក​លេង​នៅក្បែរ​អូរ​ព្រំដែន​នេះ ។

​ទោះបីជា​មានការ​ដោះសារ​បែបណា​ក្តី​ជនសង្ស័យ ៣ នាក់ ត្រូវបាន​ប្រជា​ការពារ​ភូមិទាក់ទង​ហៅ​សមត្ថកិច្ច​ចុះមក​ឃាត់ខ្លួន​និង​សួរនាំ​ហើយ​បន្ទាប់ពី​មានការ​សង្ស័យ និងរកឃើញ​ឧបករណ៍​សេព​គ្រឿងញៀន​មួយចំនួន​នៅនឹងកន្លែង​កើតហេតុ​ទៀតផង ។

​ពាក់ព័ន្ធ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​ជាច្រើន​បានធ្វើ​ការរិះគន់​ទៅលើ​ល្បែងស៊ីសង​ដែលកំពុង​កើតមាន​រីក​ដូច​ផ្សិត ក្នុង​ក្រុង​ប៉ោយប៉ែត ជាពិសេស​បន​ល្បែង​ដែល​ជ្រោក​ក្រោមស្លាក​កាស៊ីណូ រួមទាំង​កាស៊ីណូ​ដែល​បណ្តោយ​ឲ្យ​ខ្មែរ​ចូល​លេង​យ៉ាង​គគ្រឹកគគ្រេងដូច្នេះហើយ​ទើប​ជា​មូលហេតុ​ចំបង​ដែល​ធ្វើ​ឲ្យ​កើតមាន​អំពើចោរកម្ម និង ឃាតកម្ម កើតមាន​ជា​ញឹក​ញាប់​ដូច​ករណី​ខាងលើនេះ ប៉ុន្តែ​សមត្ថកិច្ច​មូលដ្ឋាន​ពុំដែល​រកឃើញជនល្មើស​បាន​ម្តងណា​ឡើយ ៕ សុថា​ត់​