គ្រូ​បង្វឹក​ទាំង​ពីរ​និយាយ​យ៉ាង​ម៉េច​ ក្រោយ​ បឹងកេត​ចាញ់​ការពារ​ជាតិ​២-១?

លោក​ប្រាក់​ សុវណ្ណារ៉ា​ថា​ កូន​ក្រុម​របស់​លោក​បែក​ទម្រង់​លេង​ ខណៈ​ លោក​ ទេព ឡុងរចនា​ថា​ ក្រុម​របស់​លោក​ធ្វើ​តាម​អ្វី​ដែល​លោក​បាន​ប្រាប់​១០០​%​សម្រាប់​ការ​ប្រកួត​​ធំ​ប្រចាំ​សប្តាហ៍​នៃ​លីគ​កំពូល​កម្ពុជា​សប្តាហ៍​ទី​៤​ដែល​បញ្ចប់​ទៅ​​ដោយ​ក្រុម​ក្រសួង​ការពារ​ជាតិ​​ឈ្នះ​​បឹងកេត​អង្គរ​ ២-១​ នៅ​ពហុកីឡដ្ឋាន​ជាតិ​កាល​ពី​ល្ងាច​​មិញ។
 

គ្រូ​បង្វឹក​ទាំង​ពីរ​និយាយ​យ៉ាង​ម៉េច​ ក្រោយ​ បឹងកេត​ចាញ់​ការពារ​ជាតិ​២-១?លោក ទេព ឡុងរចនា

 

ក្រោយ​ចប់​ការ​ប្រកួត​​ដែល​មាន​​ទឹក​​មុខ​រីក​រាយ​នឹង​ជ័យជម្នះ​ លោក​ ទេព ឡុងរចនា គ្រូ​បង្វឹក​ក្រសួង​ការពារ​ជាតិ​បាន​ឲ្យ​ដឹង​ថា​ ទម្រង់​កូន​ក្រុម​របស់​លោក​​ធ្វើ​បាន​១០០​%​តាម​អ្វី​ដែល​ប្រាប់​គឺ​​លេង​ឲ្យ​ពិសេស​ប្លែក​ ចលនា​ឲ្យ​លឿន​រហ័ស​ និង​កៀប​សង្កត់​គូ​បដិបក្ខ។ កត្តា​នេះ​ហើយ​ទើប​​ផ្តល់​ឲ្យ​ការពារ​ជាតិ​មាន​ឱកាស​រក​គ្រាប់​បាល់​បាន​ជា​ច្រើន​ និង​ទាក់​ចិត្ត​អ្នក​ទស្សនា។

 

លោក​ ប្រាក់​ សុវណ្ណារ៉ា គ្រូ​បង្វឹក​បឹងកេត​អង្គរ​បាន​និយាយ​ថា​ ក្រសួង​ការពារ​ជាតិ​​ពិត​ជា​ខ្លាំង​ ហើយ​សមាជិក​មក​ពី​កូរ៉េ​ខាង​ជើង​ពិត​ជា​ល្អ​ដោយ​ពួក​គេ​ខំ​ប្រឹង​លេង​ និង​ហ្វឹកហាត់​​ខ្លាំង​មែន​ទែន​ដែល​អាច​និយាយ​បាន «ហាត់​ងាប់​ចោល»។

 

សមាជិក​ក្រុម​របស់​លោក​បែក​ទម្រង់​លេង​ និង​បែក​អារម្មណ៍​តាម​រយៈ​ការ​ចលនា​លឿន​រហ័ស​ និង​ស៊ី​សង្វាក់​គ្នា​របស់​ក្រុម​ក្រសួង​ការពារ​ជាតិ។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ ប្រាក់​ សុវណ្ណារ៉ា​ ដោយ​បន្ថែម​ថា ក្រុម​របស់​លោក​នឹង​ធ្វើ​បាន​ល្អ​ឡើង​វិញ​សម្រាប់​ការ​ប្រកួត​បន្ត​បន្ទាប់​ទៀត។

 គ្រូ​បង្វឹក​ទាំង​ពីរ​និយាយ​យ៉ាង​ម៉េច​ ក្រោយ​ បឹងកេត​ចាញ់​ការពារ​ជាតិ​២-១?លោក ប្រាក់ សុវណ្ណារ៉ា និង​លោក បែ មករា

 

២​គ្រាប់​របស់​ការពារ​ជាតិ​រក​បាន​ដោយ​ខ្សែ​បម្រើ​ប្រយុទ្ធ​មក​ពី​កូរ៉េ​ខាង​ជើង​ទាំង​ពីរ​គឺ Kyong Ho រក​បាន​នៅ​នាទី​ទី​៥១​ និង​ Myong Ho រក​បាន​នៅ​នាទី​ទី​៨១ ខណៈ​បឹងកេត​អង្គរ​រក​បាន​ដោយ​ Samuel នៅ​នាទី​ទី​៨១។​

 

លទ្ធផល​​ ២-១ ដ៏​វិសេស​វិសាល​នេះ​ ក្រសួង​ការពារ​ជាតិ​បាន​ឡើង​ទៅ​ឈរ​លើ​កំពូល​តារាង​តាម​រយៈ​៤​ប្រកួត​ ឈ្នះ​ទាំង​៤​ និង​មាន​១២​ពិន្ទុ​ ខណៈ​បឹងកេត​អង្គរ​មាន​៩​ពិន្ទុ​​ធ្លាក់​មក​លេខ​៣​វិញ​ ដោយ​សារ​ព្រះ​ខ័នរាជ​ស្វាយរៀង​​មាន​១០​ពិន្ទុ​ឈរ​លេខ​រៀង​ទី​២៕

 

មើល​វីដេអូ​ហាយឡាយ
 

 

អត្ថបទ៖ ជាន ចាន់រ៉ា​