វេ​ស្ទើ​ន​ស្វាគមន៍​ភ្នំពេញ​ក្រោ​ន នគរបាលជាតិ​តទល់​ជាមួយ​អាស៊ី​អឺរ៉ុប​

ក្រុមអាស៊ីអឺរ៉ុបមិនទាន់​រក​បានពិន្ទុ​ឡើយពីការប្រកួត​៣លើកកន្លងមកក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៦​ឈានដល់​ការប្រកួត​បញ្ចប់​សប្តាហ៍​ទី​៤ នា​រសៀល​ថ្ងៃអាទិត្យ​នេះ តាមរយៈ​ជំនួប​រវាង​វេ​ស្ទើ​ន​ភ្នំពេញ និង​ភ្នំពេញ​ក្រោ​ន មុនពេល​អគ្គស្នងការ​ដ្ឋា​ន​នគរបាលជាតិ​ប៉ះ​អាស៊ី​អឺរ៉ុប​។ ក្រសួងការពារជាតិ កំពុង​ឈរលើ​កំពូល​តារាង​បន្ទាប់ពី​បាន​យកឈ្នះ​បឹងកេត​អង្គរ ២-១ កាលពី​ម្សិលមិញ​។​

​ភ្នំពេញ​ក្រោ​ន​រំពឹង​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៤​ជា​បណ្តោះអាសន្ន នៅពេល​ពួកគេ​ត្រូវ​ប៉ះ​ជាមួយ​ម្ចាស់ផ្ទះ​វេ​ស្ទើ​ន នា​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​ថ្ងៃអាទិត្យ​នេះ​។ ពី​ការប្រកួត​៣​លើ​កន្លងមក ម្ចាស់​ការពារ​តំណែង​ជើងឯក​ភ្នំពេញ​ក្រោ​ន មាន​៤​ពិន្ទុ ហើយ​ប្រកួត​ចុងក្រោយ​ចាញ់​ណាហ្គា​វើ​ល ២-១ ខណៈ​វេ​ស្ទើ​ន​ភ្នំពេញ មិនទាន់​ស្គាល់​ជាតិ​ឈ្នះ​នោះឡើយ ដោយ​ទើប​រកបាន​១​ពិន្ទុ​ប៉ុណ្ណោះ​។​

​នា​វេលា​ម៉ោង​៦​ល្ងាច ក្រុម​មិនទាន់​ស្គាល់​ឈ្នះ​ទាំងពីរ គឺ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ត្រូវ​ប៉ះគ្នា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ នា​ការប្រកួត​៣​លើក​កន្លងមក នគរបាលជាតិ​ទើប​រកបាន​២​ពិន្ទុ ជាមួយនឹង​លទ្ធផល​ស្មើ​២​លើក និង​ចាញ់​១​លើក ខណៈ​អាស៊ី​អឺរ៉ុប​ចាញ់​ទាំង​៣​ប្រកួត​។​

​បច្ចុប្បន្ន ក្រសួងការពារជាតិ ក្លាយជា​ក្រុម​ដែល​ឈ្នះ​ទាំង​៤​ប្រកួត​លើកដំបូង​របស់ខ្លួន​។ នា​ជំនួប​ជាមួយ​ក្រុម​ខ្លាំង​បឹងកេត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ កីឡាករ​កូរ៉េខាងជើង Kim Kyong-hun និង Choe Myong-ho ជា​អ្នករក​ជ័យជម្នះ​ឲ្យ​ក្រសួងការពារជាតិ នៅ​នាទី ទៅ​៥១ និង​៨០ ខណៈ Samuel Gbenga វាយបក​វិញ​១​គ្រាប់​សម្រាប់​បឹងកេត​នៅ​នាទី ទី​៨២ ។​

​ការពារជាតិ​មាន​១២​ពិន្ទុ​ពេញ ខណៈ​ក្រុម​លេខ​ពីរ​ព្រះខ័ន​រាជ​ស្វាយរៀង​មាន​១០​ពិន្ទុ ហើយ​បឹងកេត​អង្គរ​មាន​៩​ពិន្ទុ​។ ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ដែល​បានឈ្នះ​ស៊ីម៉ាក់​យូ​ណាយ​ធី​ត ៣-១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ កាលពី​ថ្ងៃ​ម្សិលមិញ​ផងដែរ​នោះ ឡើងទៅ​កាន់​ចំណាត់ថ្នាក់​លេខ​៤ ដោយមាន​៦​ពិន្ទុ​។​

​នៅមុន​ជំនួប​នៅ​រសៀល​នេះ ភ្នំពេញ​ក្រោ​ន​ស្ថិតនៅ​លេខ​៥ ដោយមាន​៤​ពិន្ទុ​ស្មើ​ណាហ្គា​វើ​ល ខណៈ​ស៊ីម៉ាក់​យូ​ណាយ​ធី​ត អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ វេ​ស្ទើ​ន​ភ្នំពេញ និង​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ស្ថិតនៅ​លេខ​រៀង​ខាងក្រោម​ជា​បន្តបន្ទាប់​។​

​ខ្សែប្រយុទ្ធ​កូរ៉េខាងជើង Choe Myong-ho កំពុង​ឈរលើ​គេ ជាមួយនឹង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​សរុប​៧​គ្រាប់ ខណៈ ចាន់ វឌ្ឍនាកា​របស់​បឹងកេត និង Atuheire Kipson របស់​ព្រះខ័ន​រាជ​ស្វាយរៀង រកបាន​ម្នាក់​៦​គ្រាប់​៕