អាជ្ញាធរខេត្ត​កែប​ថា ទឹកសមុទ្រ​មាន​ពណ៌​ថ្លា​ធម្មតា​វិញ ប៉ុន្តែ​នៅ​ក្លិប​ស្អុយ​ឆ្អាប​បន្តិចបន្តួច​

រូបថត ហ្វេសប៊ុករដ្ឋបាលខេត្ត​កែបរដ្ឋបាលខេត្ត​កែប បាន​អះអាងថា ឈាន​មកដល់​ព្រឹក​ថ្ងៃអាទិត្យ​នេះ ទឹកសមុទ្រ​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប មាន​ពណ៌​ថ្លា​ធម្មតា​ឡើងវិញ បន្ទាប់ពី​បាន​ប្រែ​ទៅជា​ពណ៌​បៃតង កាលពី​ថ្ងៃទី​៣០ ខែមីនា កន្លងមក​។ ក្រៅពី​អះអាងថា ការប្តូរ​ពណ៌​ទៅជា​បៃតង​ដោយសារតែ​ការកើនឡើង​នូវ​កម្រិត​ជាតិ​ស្លែ​នោះ អាជ្ញាធរខេត្ត និង​ក្រសួងបរិស្ថាន មិនទាន់​ផ្តល់​ការសន្និដ្ឋាន​ថ្មី​ផ្សេង​ទៀតឡើយ​។​

​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​៣ ខែមេសា នេះ លោក កែន ស​ត្ថា អភិបាលខេត្ត​កែប បាន​ចុះទៅពិនិត្យ​តាម​បណ្តោយ​ឆ្នេរសមុទ្រ​ក្រុងកែប និង​ដឹកនាំ​ការសម្អាត​។ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន រដ្ឋបាល​ខេ​ត​កែប បាន​អះអាងថា​៖ «​ទឹកសមុទ្រ​មាន​ពណ៌​ថ្លា ធម្មតា ដោយឡែក​ក្លិនស្អុយ​ឆ្អាប នៅមាន​បន្តិចបន្តួច​គឺ​បណ្ដាលមកពី​ស្មៅ​សមុទ្រ​ដែល​ដាច់​រសាត់​មក​ជាប់​នឹង​ឆ្នេរ នៅ​ឆ្នេរ​លេង​ទឹក​»​។​

​ជាមួយគ្នានេះ​ផងដែរ អាជ្ញាធរខេត្ត​កែប បាន​គូសបញ្ជាក់ថា ភ្ញៀវទេសចរ​នៅតែ​ទៅ​សម្រាក​កម្សាន្ត​ធម្មតា​នៅក្នុង​ខេត្ត​របស់ខ្លួន ប៉ុន្តែ​ពួកគេ​មិន​ហ៊ាន​ចុះ​លេង​ទឹក​នោះឡើយ បន្ទាប់ពី​បានឃើញ​សេចក្តីប្រកាស​របស់​ក្រសួងបរិស្ថាន​។​
 
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៦ ទឹកសមុទ្រ​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប បាន​ប្រែ​ពណ៌​ជា​បៃតង និង​មាន​ក្លិប​ស្អុយ​ឆ្អាប​។ បន្ទាប់ពី​បាន​ចុះទៅពិនិត្យ​ជាក់ស្តែង និង​ដង​យក​សំណាក​ទឹកសមុទ្រ​នោះ​ទៅ​វិភាគ អគ្គនាយកដ្ឋាន​គាំទ្រ​បរិស្ថាន​របស់​ក្រសួងបរិស្ថាន បានចេញ​រ​បស់​ខ្លួន​នា​ថ្ងៃទី​២ ខែមេសា ថា ទឹកសមុទ្រ​ប្រែ​ពណ៌​ទៅជា​បៃតង​នេះ បណ្តាលមកពី​ការកើនឡើង​នូវ​កម្រិត​ជាតិ​ស្លែ​ខុសពី​ប្រក្រតី ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​មនុស្ស និង​សត្វ​។​

​ដូចជា​ការប្រកាស​រប​ស់​ក្រសួងបរិស្ថាន​ផងដែរ ក៏បាន អំពាវនាវ​បន្ថែម​ដល់​ពលរដ្ឋ ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​។ តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​កាលពី​ថ្ងៃទី​២ ខែមេសា សម្តេចនាយក​រដ្ឋមន្ត្រី បានសរសេរថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ដល់​បង​ប្អូន​ដែល​រស់នៅក្នុង​ភូមិសាស្ត្រ​កែប ជាពិសេស​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​មកលេង​កំសាន្ត​នៅទីនេះ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​សូម​ផ្អាក​ការទទួល​ទាន​គ្រឿង​សមុទ្រ និង​ផ្អាក​ឈប់​ចុះ​ងូតទឹក​សមុទ្រ​នៅទីនេះ​មួយរយៈ​»​៕