ម៉េច​ចឹង? ​សេដ្ឋី​១០,០០០នាក់​ចាក​ចេញ​ពី​ប្រទេស​បារាំង​កាល​ពី​ឆ្នាំ​មុន​

កាល​ពី​ឆ្នាំ​២០១៥ មាន​សេដ្ឋី​ប្រហែល​១០,០០០ នាក់ បាន​ចាក​ចេញ​ពី​ប្រទេស​បារាំង​ នេះ​បើ​តាម​របាយការណ៍​របស់ New World Wealth ដែល​ផ្ដល់​ការ​វិភាគ​លើ​វិស័យ​ទ្រព្យសម្បត្តិ​របស់​ពិភពលោក​។

បើ​ប្រៀបធៀប​នឹង​ទីក្រុង​ផ្សេងៗ​ទៀត​ របាយការណ៍​ថ្មី​នេះ​បាន​បង្ហាញ​ថា​ ទីក្រុង​ប៉ារីស​មាន​ចំនួន​បុគ្គល​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ ឬ​សេដ្ឋី​ចាក​ចេញ​ពី​ទីក្រុង​នេះ​ច្រើន​ជាង​គេ​ គឺ​មាន​ចំនួន​ ៧,០០០ នាក់​ ​ស្មើ​នឹង​៦%​នៃ​ចំនួន​សេដ្ឋី​ទាំង​អស់​នៅ​ក្នុង​ទីក្រុង​នេះ​ដែល​មាន​ចំនួន​១២៦,០០០ នាក់។ ក្នុង​នោះ​ភាគ​ច្រើន​នៃ​សេដ្ឋី​ប៉ារីស​ទាំង​នេះ​ គឺ​ប្ដូរ​លំនៅ​​ទៅ​កាន់​ប្រទេស​អង់គ្លេស សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និង​អ៊ីស្រាអែល​។

ការ​សិក្សា​ដែល​ចេញ​ជា​របាយការណ៍​ទី​បី​របស់New World Wealth ​នេះ គឺ​ផ្អែក​លើ​ស្ថិតិ​ទ្រព្យ​សម្បត្តិ​ ការ​ស្ទង់​មតិ ការ​ធ្វើ​សម្ភាសន៍​ជាមួយ​អ្នក​ជំនាញ​​ខាង​អន្តោប្រវេសន៍​ អ្នក​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​ ​ភ្នាក់ងារ​អចលនទ្រព្យ និង​​ស្ថិតិ​ទិដ្ឋាការ​សម្រាប់​អ្នក​វិនិយោគ​​ជាដើម​។

ក្រៅ​ពី​ប្រទេស​បារាំង​ទៅ​ក៏​មាន​ប្រទេស​មួយ​ចំនួន​ទៀត​ដែរ​ ដែល​សេដ្ឋី​នៅ​ក្នុង​ប្រទេស​នោះ​បាន​​​ធ្វើ​ដំណើរ​ចាកចេញ​ក្នុង​ឆ្នាំ​ ២០១៥​​។ នៅ​ក្នុង​នោះ​មាន​ ប្រទេស​ចិន ដែល​សេដ្ឋី​នៅ​ក្នុង​ប្រទេស​នេះ​ បាន​ចាកចេញ​អស់​៩,០០០ នាក់​ ស្មើ​នឹង​១%​នៃ​ចំនួន​សរុប​ ប្រទេស​អ៊ីតាលី មាន​សេដ្ឋី​ចាកចេញ​ពី​ក្នុង​ប្រទេស​ចំនួន ៦,០០០ នាក់​ ប្រទេស​ឥណ្ឌា ៤,០០០ នាក់​ និង​ប្រទេស​ក្រិក​ ៣,០០០ នាក់​។

ដោយ​ឡែក​ចំពោះ​ប្រទេស​ចិន​ និង​ឥណ្ឌា ចំនួន​សេដ្ឋី​ដែល​ចាក​ចេញ​ពី​ប្រទេស​ទាំង​​នេះ​ មិន​មែន​ជា​ការ​ព្រួយ​បារម្ភ​នោះ​ទេ​ ត្បិត​ថា​ ចំនួន​សេដ្ឋី​ថ្មីៗ​ក្នុង​ប្រទេស​ទាំង​​នេះ​​កំពុង​តែ​កើន​ឡើង​​ច្រើន​ជាង​ចំនួន​សេដ្ឋី​ដែល​ចាកចេញ​។ ម្យ៉ាង​ទៀត​ នៅ​ពេល​ដែល​ស្តង់ដារ​ជីវភាព​រស់​នៅ​ក្នុង​ប្រទេស​ទាំង​នេះ​មាន​ភាព​ល្អ​ប្រសើរ​ នោះ​​អ្នក​មាន​ជា​ច្រើន​ នឹង​វិល​ត្រលប់​មក​​កាន់​ប្រទេស​ទាំងនេះ​វិញ​។ យ៉ាង​ណា​ក៏​ដោយ​ លំហូរ​ចេញ​នៃ​​សេដ្ឋី​ក្នុង​ស្រុក​ គឺ​ជា​សញ្ញា​មិន​ល្អ​សម្រាប់​​ប្រទេស​ព្រោះ​ថា​ វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ក្នុង​ស្រុក​ ដោយ​ហេតុ​ថា​អ្នក​ទាំង​នោះ​គឺ​ជា​ម្ចាស់​អាជីវកម្ម​ដែល​ផ្ដល់​ការងារ​ដល់​ប្រជាជន​យ៉ាង​ច្រើន​ និង​ជា​អ្នក​​ដែល​បង់​ពន្ធ​ខ្ពស់​ចូល​រដ្ឋ​។

ស្រប​គ្នា​នឹង​លំហូរ​ចេញ​នៃ​សេដ្ឋី​ពី​ក្នុង​ប្រទេស​ខាង​លើ​ ប្រសិន​បើ​ងាក​មក​មើល​ពី​ប្រទេស​ដែល​មាន​លំហូរ​ចូល​នៃ​សេដ្ឋី​​ក្នុង​ឆ្នាំ​២០១៥​ ​វិញ គឺ​មាន​​ប្រទេស​ដូច​ជា​ ប្រទេស​អូស្ត្រាលី​​ ដែល​មាន​រហូត​ដល់​៨,០០០ នាក់​ សហរដ្ឋអាមេរិក​ ៧,០០០ នាក់​ និង​អ៊ីស្រាអែល​ ៤,០០០ នាក់​។​

ប្រែ​សម្រួល​៖ Sophany
ប្រភព៖ ​​​​​

  • ម៉េច​ចឹង? ​សេដ្ឋី​១០,០០០នាក់​ចាក​ចេញ​ពី​ប្រទេស​បារាំង​កាល​ពី​ឆ្នាំ​មុន​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/04/03  Category:កំសាន្ត
Tags: