អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​រង​ការ​រិះគន់​ថា​មិន​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជូន​ជនជាតិ​ដើម​ភាគ​តិច

មន្ត្រី​សង្គម​ស៊ីវិល រិះគន់​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ថា​ហាក់​មិន​យក​ចិត្ត​ទុក​ដាក់​ពន្លឿន​ការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​របស់​ជនជាតិ​ដើម​ភាគ​តិច ដែល​កំពុង​បង្ក​ផល​ប៉ះពាល់​ជីវភាព​ពួក​គាត់​ធ្ងន់ធ្ងរ។ ការ​រិះគន់​នេះ កើត​មាន​នៅ​ពេល​ដែល​ជនជាតិ​ដើម​ភាគ​តិច​កួយ រស់នៅ​ស្រុក​ថាឡាបរិវ៉ាត់ ចំនួន ១២​គ្រួសារ មាន​វិវាទ​ដីធ្លី​ជាមួយ​អ្នក​ចំណាក​ស្រុក​តាំង​ពី​ឆ្នាំ​២០១៣ មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​ពី​អាជ្ញាធរ​រដ្ឋាភិបាល​ឡើយ។ ឆ្លើយ​តប​នឹង​ការ​រិះគន់​នេះ អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង អះអាង​ថា មន្ត្រី​ជំនាញ​កំពុង​ដោះស្រាយ​វិវាទ​នេះ។

មន្ត្រី​សង្គម​ស៊ីវិល ឲ្យ​ដឹង​ថា ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​កួយ ចំនួន ១២​គ្រួសារ កំពុង​ទន្ទឹង​រង់ចាំ​ដំណោះស្រាយ​វិវាទ​ដីធ្លី ករណី​ពលរដ្ឋ​ចំណាក​ស្រុក​កាប់​បំផ្លាញ​ដើម​ឈើ​ផលិត​ជ័រ​ទឹក​ពួក​គាត់​ជាង ៣០០​ដើម ឋិត​នៅ​ឃុំ​សំអាង និង​ឃុំ​អន្លង់ជ្រៃ ស្រុក​ថាឡាបរិវ៉ាត់ តាំង​ពី​ឆ្នាំ​២០១៣ ដើម្បី​យក​ដី​ប្រើប្រាស់​កម្មសិទ្ធិ​ឯកជន ហើយ​រហូត​បច្ចុប្បន្ន សំណុំ​រឿង​នេះ អាជ្ញាធរ​ខេត្ត​កំពុង​ស៊ើប​អង្កេត។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល ដែល​ចុះ​អង្កេត​ករណី​នេះ ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​ស៊ើប​អង្កេត​ជម្លោះ​ដីធ្លី​ច្រើន​ករណី​នៅ​ស្រុក​ថាឡាបរិវ៉ាត់​ជាពិសេស​វិវាទ​ដីធ្លី​ជនជាតិ​ដើម​ភាគ​តិច​កួយ ១២​គ្រួសារ​ជាមួយ​ពលរដ្ឋ​ចំណាក​ស្រុក​ដោយ​ត្រឹមត្រូវ និង​ឯករាជ្យ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ពួក​គេ។ លោក​កត់​សម្គាល់​ថា សំណុំ​រឿង​នេះ​ផ្ដើម​ដោយ​អ្នក​ចំណាក​ស្រុក កាប់​បំផ្លាញ​ដើម​ឈើ​ផលិត​ជ័រ​ទឹក​ជនជាតិ​ដើម​ភាគ​តិច​រាប់​រយ​ដើម កាល​ពី​ឆ្នាំ​២០១៣ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ មិន​ត្រឹម​តែ​មិន​ចាត់​វិធានការ​តាម​ច្បាប់​ទេ ថែម​ទាំង​សម្រួល​ដំណើរ​ការ​កាប់​ឆ្ការ​ព្រៃ និង​ដើម​ឈើ​ផលិត​ជ័រ​ទឹក​ឲ្យ​ទទួល​បាន​ដី​កម្មសិទ្ធិ​ស្រប​ច្បាប់​ទៀត​ផង បន្ទាប់​ពី​ដី​នោះ​កំពុង​ចម្រូងចម្រាស៖ «ភាគី ១២​គ្រួសារ​ដែល​ជា​ដើម​បណ្ដឹង គាត់​អត់​អាច​ធ្វើ​អី​បាន​ទេ គឺ​គាត់​រង់ចាំ​ច្បាប់ ប៉ុន្តែ​ច្បាប់​ដូចជា​បណ្តែតបណ្តោយ​ឲ្យ​គាត់។ យើង​ឃើញ​ភាគី​ជម្លោះ​ក្រុម​គ្រួសារ លោក សន សូត្រ មក​ពី​ស្រុក​ក្រោម​ហ្នឹង ឃើញ​ថា​ធ្វើ​លើ​ដី​ហ្នឹង​ដោយ​មិន​មាន​ឈប់​ទេ ចឹង​ខុស​នីតិវិធី»

ឆ្លើយ​តប​រឿង​នេះ អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង និង​ជា​នាយក​រង​រដ្ឋបាល​សាលា​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង មាន​ប្រសាសន៍​ថា កន្លង​ទៅ អាជ្ញាធរ​ខេត្ត​បាន​ចាត់​ឲ្យ​មន្ត្រី​បច្ចេកទេស ចុះ​ស៊ើប​អង្កេត​តាម​នីតិវិធី។ លោក​ថា អាជ្ញាធរ​ខេត្ត​ដោះស្រាយ​ជម្លោះ​ដីធ្លី​ប្រកាន់​គោល​ជំហរ​ត្រឹមត្រូវ និង​ផ្អែក​លើ​ច្បាប់​ជា​មូលដ្ឋាន។ ទន្ទឹម​នឹង​នេះ អាជ្ញាធរ​ខេត្ត​ក៏​បាន​ចាត់​មន្ត្រី​ជំនាញ​ច្រើន​ក្រុម ចុះ​ស៊ើប​អង្កេត​ករណី​វិវាទ​ដីធ្លី​ច្រើន​ករណី​នៅ​ស្រុក​ថាឡាបរិវ៉ាត់ ក្នុង​នោះ​ក៏​មាន​វិវាទ​ជនជាតិ​ដើម​ភាគ​តិច ១២​គ្រួសារ​ដែរ៖ «ការងារ​គេ​បាន​អនុវត្ត​តាម​ជំហាន​របស់​គេ គេ​កំពុង​ស្រាវជ្រាវ​តាម​នីតិវិធី ចឹង​សូម​ទុក​ឱកាស​ឲ្យ​អាជ្ញាធរ​ខេត្ត​ធ្វើ​ការងារ​តាម​តួនាទី និង​ភារកិច្ច​របស់​ខ្លួន ដើម្បី​ជា​ផល​ប្រយោជន៍​ដល់​មូលដ្ឋាន»

កាល​ពី​ខែ​មករា ឆ្នាំ​២០១៥ មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ និង​អាជ្ញាធរ​ស្រុក​ថាឡាបរិវ៉ាត់ បាន​កោះ​ប្រជុំ​ភាគី​ទំនាស់ គឺ​ពលរដ្ឋ​ចំណាក​ស្រុក និង​ជនជាតិ​ដើម​ភាគ​តិច ១២​គ្រួសារ សម្រប​សម្រួល​បញ្ចប់​ជម្លោះ​ដោយ​ចែក​ដី​ទាំង​នោះ​អាស្រ័យ​ផល ក៏ប៉ុន្តែ​ភាគី​ខាង​ពលរដ្ឋ​ចំណាក​ស្រុក មិន​យល់​ព្រម​ការ​សម្រប​សម្រួល​នោះ​ទេ។

វិទ្យុ​អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​ពលរដ្ឋ​ចំណាក​ស្រុក លោក សន សូត្រ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ពាក្យ​បណ្ដឹង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២ មេសា។

តំណាង​ជនជាតិ​ដើម​ភាគ​តិច​កួយ ១២​គ្រួសារ លោកស្រី ចាន់ សុខា កត់​សម្គាល់​ថា អភិបាល​ខេត្ត​ស្ទឹងត្រែង ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី លោក ម៉ុម សារឿន ធ្លាប់​សន្យា​ថា នឹង​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​នេះ​ឲ្យ​ចប់​សព្វគ្រប់​នៅ​អំឡុង​ខែ​មីនា ឆ្នាំ​២០១៦។ លោកស្រី​ថា ពាក្យ​បណ្ដឹង គឺ​លោកស្រី​ទាមទារ​សំណង​ដើម​ឈើ​ផលិត​ជ័រ​ទឹក​ជាង ៣០០​ដើម ក្នុង​មួយ​ដើម ១​លាន​រៀល។ ម្យ៉ាង​ទៀត បើ​មិន​បាន​សំណង​ជា​ប្រាក់ លោកស្រី​ទាមទារ​ដី​នៅ​តំបន់​ដើម​ច្បោះ​នោះ​សម្រាប់​ធ្វើ​កសិកម្ម​ទំហំ ១៥​ហិកតារ។ លោកស្រី​រំពឹង​ថា អាជ្ញាធរ​ខេត្ត​នឹង​ពន្លឿន​ដោះស្រាយ​វិវាទ​នេះ ដើម្បី​ជួយ​សម្រាល​ជីវភាព​ពួក​គាត់៖ «អត់​មាន​ចង់​បាន​អី​ក្រៅ​ពី​ដី​ដាំ​ស្រូវ​អង្ករ​ទេ បើ​ម្នាក់ៗ​ដើរ​តែ​ស៊ី​ឈ្នួល​គេ បើ​កាប់​រាន​អស់​ហើយ អា​ដើម​ដែល​នៅ​សល់​ត្រូវ​ចោះ ក៏​កាប់​អស់​ដែរ ចឹង​មាន​តែ​សុំ​ដី​ដាំ​ស្រូវ គេ​បើក​ដៃ​ឲ្យ​ម្ខាង ម្ខាង​ងាប់​ម្ខាង​រស់»

កាល​ពី​ចុង​ខែ​មីនា ឆ្នាំ​២០១៦ អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង បាន​សន្យា​ចំពោះ​មុខ​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ថា​នឹង​យក​ចិត្ត​ទុក​ដាក់​ធានា​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​រស់នៅ​ខេត្ត​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។