លោក អ៊ឹម ឈុនលឹម សន្យា​បើក​ឆ្នេរ​ដែល​ហ៊ុមព័ទ្ធ​របង​ពីរ​ទីតាំង​ឲ្យ​បាន​មុន​បុណ្យ​ចូល​ឆ្នាំ

ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា រួម​ជាមួយ​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ កំពុង​មមាញឹក​សម្អាត​បរិស្ថាន​នៅ​តាម​ឆ្នេរ​ឯករាជ្យ និង​ឆ្នេរ​ផ្សេង​ទៀត​ឲ្យ​មាន​អនាម័យ ដើម្បី​ត្រៀម​ដាក់​ជូន​ភ្ញៀវ​ទេសចរ​ចូល​កម្សាន្ត​បាន​ទូលំទូលាយ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី។

មន្ត្រី​សង្គម​ស៊ីវិល​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម សាទរ​សកម្មភាព​វិជ្ជមាន​របស់​មន្ត្រី​គ្រប់គ្រង​ឆ្នេរ​សមុទ្រ ប៉ុន្តែ​ស្នើ​ឲ្យ​វាយ​កម្ទេច​សំណង់​រឹងមាំ​ដែល​សង់​នៅ​លើ​ឆ្នេរ​ឯករាជ្យ និង​របង​ហ៊ុមព័ទ្ធ​ឆ្នេរ​ជាច្រើន​ទៀត ចាប់​ពី​ឆ្នេរ​នៅ​ទល់​មុខ​សាលា​ខេត្ត​ព្រះសីហនុ ដល់​ឆ្នេរ​ហាវ៉ៃ ជាដើម ដែល​ឈ្មួញ​ហ៊ុមព័ទ្ធ​របង​ទុក​ចោល​គ្មាន​ការ​អភិវឌ្ឍ។

ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា លោក អ៊ឹម ឈុនលឹម មាន​ប្រសាសន៍​ថា តំបន់​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ ពីរ​កន្លែង មាន​ឆ្នេរ​ឯករាជ្យ និង​ឆ្នេរ​អូរឈើទាល អតីត​ឆ្នេរ​មុខ​ក្រុមហ៊ុន​អារីស្តុន ត្រូវ​រៀបចំ​ឲ្យ​មាន​បរិស្ថាន​អនាម័យ​ល្អ មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ចូល​មក​ដល់ ដើម្បី​ដាក់​ជូន​ភ្ញៀវ​ទេសចរ​ចូល​កម្សាន្ត​ឲ្យ​បាន​ទូលាយ។

ចំណែក​ឆ្នេរ​សមុទ្រ​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ហ៊ុមព័ទ្ធ​របង​ថ្ម ឬ​របង​ដែក​ទុក​ចោល លោក អ៊ឹម ឈុនលឹម បញ្ជាក់​ថា ក៏​នឹង​ត្រូវ​រៀបចំ​ឲ្យ​មាន​សោភណភាព​នៅ​ពេល​បន្ទាប់ ក្រោយ​បុណ្យ​ចូល​ឆ្នាំ ឲ្យ​ស្រប​តាម​សារាចរ​លេខ​០១ របស់​រាជ​រដ្ឋាភិបាល។ លោក​ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម អះអាង​ថា ឆ្នេរ​មុខ​អតីត​ក្រុមហ៊ុន​អារីស្តុន ដែល​ក្រុមហ៊ុន​សុខា ធ្វើ​របង​ហ៊ុមព័ទ្ធ​ទុក​ចោល​គ្មាន​ការ​អភិវឌ្ឍ​យូរ​ឆ្នាំ​កន្លង​មក ក៏​នឹង​ត្រូវ​ធ្វើ​ការ​បើក​របង​ថ្ម និង​រៀបចំ​កែលំអ​ឆ្នេរ​នេះ​ឲ្យ​មាន​សោភណភាព អាច​ឲ្យ​ភ្ញៀវ​ទេសចរ​ចេញ​ចូល​កម្សាន្ត​ដូច​ដើម​នៅ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ៖ «»

ចំពោះ​សំណង់​រឹងមាំ​ដែល​សង់​នៅ​លើ​ឆ្នេរ​ឯករាជ្យ ដែល​គេ​ស្គាល់​ថា ជា​សំណង់​របស់​ក្រុមហ៊ុន លោកស្រី ស៊ាន ឈុនហេង ភរិយា​របស់ លោក ស្បោង សារ៉ាត អតីត​អភិបាល​ខេត្ត​ព្រះសីហនុ ហើយ​បច្ចុប្បន្ន​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ព្រៃវែង និង​ការដ្ឋាន​សំណង់​របស់​ក្រុមហ៊ុន​ថៅកែ​សណ្ឋាគារ​ខ្សាច់​មាស ឈ្មោះ អ៊ូ ឆាយ ដែល​កំពុង​បុក​គ្រឹះ​សង់​សណ្ឋាគារ​ប្រណិត​នៅ​លើ​ឆ្នេរ​ឯករាជ្យ​នេះ​ដែរ លោក អ៊ឹម ឈុនលឹម ហាក់​មាន​ការ​រារែក​ក្នុង​ការ​ឆ្លើយ​តប​សំណួរ​អ្នក​កាសែត។ លោក​បញ្ជាក់​ខ្លី​ថា បញ្ហា​នេះ មន្ត្រី​ជំនាញ​ឆ្នេរ​សមុទ្រ​កំពុង​សិក្សា​ទៅ​លើ​ផ្លូវ​ច្បាប់ ដាក់​ជូន​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល​សម្រេច មុន​នឹង​ឈាន​ដល់​អនុវត្ត​តាម​ច្បាប់ ឬ​មាន​បទបញ្ជា​ពី​រាជ​រដ្ឋាភិបាល។

អ៊ឹម ឈុនលឹម ២០១៦ ៨៥៥
រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក អ៊ឹម ឈុនលឹម ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​មុខ​តំណែង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Den Ayuthyea

បញ្ហា​នេះ លោក អ៊ឹម ឈុនលឹម បន្ថែម​ថា កន្លង​មក​មាន​ជម្រើស​ពីរ​ទាក់ទង​សំណង់​រឹងមាំ​សង់​លើ​ឆ្នេរ​ឯករាជ្យ គឺ​ជម្រើស​ទី​១ ត្រូវ​វាយ​កម្ទេច​ចោល​សំណង់​ទាំង​នេះ ដោយ​រដ្ឋាភិបាល​ជា​អ្នក​ចេញ​សំណង​ខូចខាត និង​ជម្រើស​ទី​២ អាច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​សង់​សំណង់​លើ​ឆ្នេរ​ឯករាជ្យ​បាន ប៉ុន្តែ​ត្រូវ​អនុវត្ត​តាម​ខ្លឹមសារ​សារាចរ​ណែនាំ​លេខ​០១ របស់​រាជ​រដ្ឋាភិបាល​បាន​កំណត់។ ចំណែក​តូប​លក់​ដូរ​ចំនួន ១១​តូប ក៏​ត្រូវ​រុះរើ ដោយ​មិន​អនុញ្ញាត​ឲ្យ​សំណង់​នេះ​បន្ត​លក់​ដូរ​នៅ​លើ​ឆ្នេរ​ឯករាជ្យ​ទេ ហើយ​តូប​លក់​ដូរ​ទាំង ១១​តូប​នេះ នឹង​ត្រូវ​រុះរើ​ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​បាន​បញ្ចប់។

ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ច្រើន​ទៀត លោក មាស ស្រឿន គាំទ្រ​សកម្មភាព​មន្ត្រី​រដ្ឋាភិបាល​វាយ​កម្ទេច និង​បើក​របង​ហ៊ុមព័ទ្ធ​ឆ្នេរ​ឯករាជ្យ ហើយ​រៀបចំ​ឲ្យ​មាន​បរិស្ថាន និង​អនាម័យ​ល្អ ដាក់​ជូន​ប្រជាពលរដ្ឋ​អាច​ចេញ​ចូល​កម្សាន្ត​តាម​ឆ្នេរ​នេះ​ដូច​ដើម​វិញ។ លោក​ក៏​សំណូមពរ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍​បើក​ឆ្នេរ​ហ៊ុមព័ទ្ធ​របង​ទាំងអស់ ចាប់​ពី​ឆ្នេរ​ទល់​មុខ​សាលា​ខេត្ត រហូត​ដល់​ឆ្នេរ​អូរត្រេះ ឲ្យ​មាន​ផ្លូវ​ធ្វើ​ដំណើរ​ឆ្លង​កាត់ និង​អាច​មើល​ឃើញ​ទឹក​សមុទ្រ៖ «»

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ក៏​ស្នើ​ដល់​រាជ​រដ្ឋាភិបាល ត្រូវ​វាយ​កម្ទេច​សំណង់​រឹងមាំ​ផ្សេងៗ​ដែល​កំពុង​សង់​នៅ​តាម​ឆ្នេរ​ឯករាជ្យ ឬ​សង់​នៅ​តាម​ឆ្នេរ​ផ្សេង​ទៀត មក​ដាក់​ជា​សម្បត្តិ​រដ្ឋ និង​អភិវឌ្ឍ​បម្រើ​វិស័យ​ទេសចរណ៍​ជំនួស​វិញ៖ «»

ទន្ទឹម​គ្នា​នេះ ភ្ញៀវ​ទេសចរ​មក​ពី​តាម​បណ្ដា​ខេត្ត​នានា និង​ពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​ព្រះសីហនុ ក៏​បាន​សំណូមពរ​ដល់​ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ ពិសេស​ប្រមុខ​ដឹក​នាំ​រាជ​រដ្ឋាភិបាល ត្រូវ​បើក​របង​ហ៊ុមព័ទ្ធ​ឆ្នេរ​សមុទ្រ​ដែល​ក្រុមហ៊ុន និង​បុគ្គល​មាន​អំណាច​មួយ​ចំនួន ឃុបឃិត​រំលោភ​ធ្វើ​កម្មសិទ្ធិ ហើយ​បិទ​របង​ទុក​ចោល​គ្មាន​ការ​អភិវឌ្ឍ​ជាង ១០​ឆ្នាំ មក​ដាក់​ជា​សម្បត្តិ​រដ្ឋ ហើយ​អភិវឌ្ឍ​បម្រើ​ដល់​វិស័យ​ទេសចរណ៍ ឬ​ទុក​ជូន​សាធារណជន​ចូល​កម្សាន្ត​ឲ្យ​បាន​ច្រើន​ថែម​ទៀត ក្រៅ​ពី​ឆ្នេរ​ឯករាជ្យ។

ចំណែក​មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ បង្ហាញ​ទស្សនៈ​ថា បើ​ទៅ​ថ្ងៃ​អនាគត រដ្ឋាភិបាល​បាន​បើក​របង​ថ្ម​ហ៊ុមព័ទ្ធ​ឆ្នេរ​សមុទ្រ​ពី​ក្រុមហ៊ុន ឬ​ឈ្មួញ មក​ដាក់​ជា​សម្បត្តិ​រដ្ឋ និង​អភិវឌ្ឍ​បម្រើ​ដល់​វិស័យ​ទេសចរណ៍ អាច​នាំ​ឲ្យ​កំណើន​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ កើន​ច្រើន​ថែម​ទៀត។ មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ រិះគន់​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ អាណត្តិ​មុនៗ​ដែល​បាន​ឃុបឃិត​លួច​លក់​ទ្រព្យ​សម្បត្តិ​ជាតិ បម្រើ​មហិច្ឆតា​ផ្ទាល់​ខ្លួន ដោយ​មិន​បាន​គិត​ពី​ប្រយោជន៍​ជាតិ​ទេ ទោះ​បី​ដី​ចំណី​ឆ្នេរ បឹង​អូរ​ធម្មជាតិ ភ្នំ និង​ដី​កោះ ជាដើម ត្រូវ​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា បែប​ណា​ក្តី ក៏​មន្ត្រី​មួយ​ចំនួន​នោះ អាច​កែច្នៃ​ឈាន​ដល់​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ឯកជន ឬ​ពុះ​ច្រៀក​ដី​សាធារណៈ​របស់​រដ្ឋ​ចែក​គ្នា​ធ្វើ​កម្មសិទ្ធិ ដោយ​មិន​ញញើត​ច្បាប់​នោះ​ទេ៖ «»

យន្ត មីន ២០១៦ ៨៥៥
អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន (រូប​ពី​ឆ្វេង​ទី​២) ថ្លែង​ក្នុង​សន្និសីទ​កាសែត​ទាក់ទង​ផែនការ​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ នា​ឆ្នេរ​ឯករាជ្យ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Den Ayuthyea

ឆ្លើយ​តប​កង្វល់ ឬ​សំណូមពរ​របស់​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា អាជ្ញាធរ​នឹង​ចុះ​អនុវត្ត​សេចក្ដី​សម្រេច ឬ​ផែនការ​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ទៅ​តាម​ដំណាក់​កាលៗ។ លោក​បន្ត​ថា បន្ទាប់​ពី​អាជ្ញាធរ​កម្ទេច​ចោល​របង​ថ្ម​ហ៊ុមព័ទ្ធ​ឆ្នេរ​ឯករាជ្យ និង​រៀបចំ​ឲ្យ​មាន​របៀប​រៀបរយ​ជា​ស្ថាពរ​រួច​ហើយ អាជ្ញាធរ​នឹង​ចុះ​អនុវត្ត​បើក​របង​ហ៊ុមព័ទ្ធ​ឆ្នេរ​ផ្សេងៗ​ទៀត មាន​ឆ្នេរ​សុខា ឬ​ឆ្នេរ​អតីត​ក្រុមហ៊ុន​អារីស្តុន និង​ឆ្នេរ​អូរត្រេះ ជាដើម។

យ៉ាង​នេះ​ក្តី លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ឬ​ហៅ​កាត់​ថា ស៊ីអ៊ិនរ៉ូ (CNRO) សាខា​ខេត្ត​ព្រះសីហនុ ហាក់​គ្មាន​ជំនឿ​ថា លោក អ៊ឹម ឈុនលឹម ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា អាច​អនុវត្ត​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋាភិបាល​ទាំង ៥​ចំណុច​បាន​ជោគជ័យ​ទេ។ ជាង​នេះ​ទៀត ក៏​គ្មាន​ជំនឿ​ថា អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ហ៊ាន​វាយ​កម្ទេច​របង​ថ្ម​ហ៊ុមព័ទ្ធ​ឆ្នេរ​អតីត​ក្រុមហ៊ុន​អារីស្តុន ឬ​ឆ្នេរ​សុខា ដែល​ក្រុមហ៊ុន​សុខា ព័ទ្ធ​របង​ទុក​ចោល​គ្មាន​ការ​អភិវឌ្ឍ​យូរ​ឆ្នាំ ឲ្យ​បាន​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​នោះ​ទេ ព្រោះ​តាម​ការ​សម្គាល់ មន្ត្រី​ទាំង​នេះ​គឺ​បាន​និយាយ​ស្តី​ឲ្យ​រួច​តែ​ពី​មាត់ ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្តែង មាន​លទ្ធផល​តិចតួច។

ឆ្នេរ​សមុទ្រ​ប្រទេស​កម្ពុជា មាន​ប្រវែង​សរុប ៤៤០​គីឡូម៉ែត្រ។ ខេត្ត​មាន​មូលដ្ឋាន​ជាប់​ឆ្នេរ​សមុទ្រ​រួម​មាន ខេត្ត​កោះកុង ខេត្ត​ព្រះសីហនុ ខេត្ត​កំពត និង​ខេត្ត​កែប។ ខេត្ត​ទាំង​បួន​នេះ ត្រូវ​បាន​បញ្ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១១ នៅ​ប្រទេស​សេណេហ្គាល់ (Senegal)

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។