អាជ្ញាធរខេត្តកែប មិនរំពឹងលើកំណើនភ្ញៀវ ទេសចរណ៍ច្រើន ទៅកំសាន្ត ថ្ងៃចូលឆ្នាំខ្មែរ ខណៈទឹកសមុទ្រ ប្រែពណ៌ (UPDATE)

ភ្នំពេញ៖ កំណើនភ្ញៀវទេសចរណ៍ ទៅទស្សនាកំសាន្ត នៅតំបន់ឆ្នេរ នៃខេត្តកែប អាចនឹងប្រឈម ការធ្លាក់ចុះជាបណ្តើរៗ ខណៈដែលមន្ត្រី ទទួលបន្ទុកផ្នែក ទេសចរណ៍នៅតំបន់នេះ បានអះអាងថា ស្ថានភាព នៃការមកលេងកំសាន្ត នៅខេត្តកែប កំពុងតែស្ថិតនៅ ក្នុងសភាពស្ងប់ស្ងាត់ ចាប់តាំងពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦មក។

ការធ្លាក់ចុះត្រូវបាន លោក ឆាយ ខឿន ប្រធានមន្ទីរ ទេសចរណ៍ខេត្តកែប អះអាងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី៣ មេសា ថា សង្ស័យអាចមកពី ទឹកសមុទ្រប្រែពណ៌ ខុសពីធម្មតា ហើយខាងអាជ្ញាធរ ក៏បានហាមឃាត់ មិនភ្ញៀវចុះងូតទឹក និងហូបគ្រឿងសមុទ្រ ផងដែរ។

លោកបញ្ជាក់ថា «កាលពីថ្ងៃអាទិត្យសប្តាហ៍មុន មានភ្ញៀវមកលេង ជាហូរហែរមិនដាច់ទេ ស្រាប់តែចូលដល់ អាទិត្យនេះ មិនឃើញមានភ្ញៀវ ណាម្នាក់ មកលេងទៀតទេ ដោយសារតែទឹកសមុទ្រ ឡើងពណ៌ស្លែ និងមានក្លិនស្អុយ ជះមកតាមផ្លូវបណ្តោយ ឆ្នេរផងដែរ»។ ឆ្លើយតបនិងករណីនេះ កាលពីថ្ងៃទី៣ មេសា មន្ត្រីក្រសួងបរិស្ថាន មន្ត្រីគណៈកម្មការគ្រប់គ្រង តំបន់ឆ្នេរ និងអាជ្ញាធរដែនដី រួមទាំងមន្ទីរ ទេសចរណ៍ខេត្ត បាននាំគ្នាចុះត្រួតពិនិត្យ ពីស្ថានភាព នៃការឡើងពណ៌ស្លែរ នៃទឹកសមុទ្រ ដើម្បីស្វែងរក ពីប្រភពដែលនាំ ឲ្យមានហេតុការណ៍នេះ កើតឡើង។

ប៉ុន្តែជាលទ្ធភាព ក្រុមការងារ ផ្នែកបច្ចេកទេស នៅមិនទាន់ធ្វើ ការសន្និដ្ឋានអំពី ករណីនេះថា បែបណានៅឡើយទេ។ បើតាមលោកប្រធានមន្ទីរ ទេសចរណ៍ ខេត្តបានបន្ថែមដែរថា « បើយោងតាមស្ថានភាព នាពេលបច្ចុប្បន្ននេះ យើងមិនរំពឹងថា ចំនួនភ្ញៀវទេសចរណ៍ និងមកច្រើនកុះករ នោះទេនៅក្នុង ឱកាសបុណ្យ ចូលឆ្នាំខ្មែរ នោះឡើយ ដែលនេះធ្វើឲ្យ ចំនួនភ្ញៀវ មកលេខខេត្តកែប មានការធ្លាក់ចុះ»។

បើតាមលោកប្រធានមន្ទីរទេសចរណ៍ ខេត្តកែបខាងលើ បានធ្វើការសន្និដ្ឋានថា ចំពោះការធ្លាក់ចុះនូវ ចំនួនភ្ញៀវ អាចជាការខាតបង់ ចំណូលចូលខេត្តកែប ដែលនាំអាជីវករ អាចប្រឈមនិង ការខាតបង់ថវិកា ជាច្រើនផងដែរ ខណៈការលក់ទំនិញ របស់ពួកគេមិនមាន អតិថិជនច្រើនកុះករនោះ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសអំពាវនាវ ឲ្យប្រជាពលរដ្ឋ ផ្អាកដំណើរកំសាន្ត របស់ខ្លួនទៅលេង នៅទីនោះ រឺត្រូវប្រុងប្រយត្ន័ខ្ពស់ ពិសេស សូមបញ្ឈប់ ការទទួលទាន គ្រឿងសមុទ្រ និងផ្អាកចុះងូត ទឹកសមុទ្រ នៅទីនេះមួយរយៈ ផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត