សម្អប់​នយោបាយ​បំផ្លាញ​ខ្លឹមសារ​នយោបាយ

នៅ​ពេល​ដែល​ដងផ្លូវ​កម្ពុជា​មាន​ភាព​ស្ងប់ស្ងាត់ ​នយោបាយ​ដោយ​មិន​មានការ​ធ្វើ​បាតុកម្ម​នោះ កំហឹង និង​សម្អប់​គ្នា ​ផ្នែក​នយោបាយ​ បាន​ទៅ​វាយលុក​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​វិញ ​។

វា​ពិតជា​ល្អ​ជាង​ការ​ប្រឈម​មុខ​ដាក់​គ្នា​ តាម​ដងផ្លូវ​ រវាង​អ្នកគាំទ្រ​គណបក្ស​នយោបាយ​នីមួយ​ៗ យ៉ាង​ហោច​ណាស់​ វា​គ្មាន​ការ​បង្ហូរឈាម​គ្នា​។ វា​មាន​តែ​ជម្លោះ​ពាក្យ​សម្តី​នៅ​ក្នុង​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ប៉ុណ្ណោះ​ ។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ ការ​បញ្ចេញមតិ​តាម​ហ្វេ​ស​ប៊ុ​ក​នោះ​ នាំ​អោយ​មានការ​ព្រួយបារម្ភ​ថា ​វា​អាច​នឹង​ក្លាយជា​ការ​ប្រឈម​មុខ​ដាក់​គ្នា​ខ្លាំង​មួយ​ នៅ​យុ​ទ្ឋ​នា​ការ​បោះ​ឆ្នោត​ខាង​មុខ ​ក្នុង​ឆ្នាំ​២០១៧​ និង​២០១៨​ ។

ការ​បញ្ចេញមតិ​តាម​ហ្វេ​ស​ប៊ុ​ក ​ពេល​ខ្លះ​ បាន​ជ្រុល​ហួសហេតុ​រហូត​ដល់​មាន ការ​ជេរ​ប្រមាថ ការ​ប្រឌិត​រឿង​ និង​ការ​កាត់ត​រូបភាព​ប្រមាថ ​មេដឹកនាំ​នយោបាយ ​ដែល​ពួក​គេ​មិន​គាំទ្រ​ ។

ការ​ស្រឡាញ់ ​និង​ការ​ស្អប់​ផ្នែក​នយោបាយ ​ពេល​ខ្លះ​ នាំ​ដល់​ការ​ងុប​ង​ល់​ហួសហេតុ​ដោយ​មិន​គិត​អំពី​ហេតុផល​ខុស​ និង​ត្រូវ​ឡើយ​ ។ ជា​រួម​អ្នក​ដែល​គេ​ស្អប់​ គឺ​ត្រូវ​តែ​ខុស​រហូត​ ។ ចំណែក​អ្នក​ដែល​គេ​ស្រឡាញ់​ គឺ​តែងតែ​ត្រូវ​រហូត​ ។ ដូច្នេះ អ្នកខ្លះ​ក៏​ការពារ​អ្នកនយោបាយ ​ដែល​គេ​គាំទ្រ​ដោយ​មិន​ពិចារណា​អំពី​អ្វី​ជា​អំពើ​ខុសឆ្គង ​និង​អ្វី​ជា​អំពើ​ត្រឹមត្រូវ ​។

ការ​បញ្ចេញមតិ​នយោបាយ​ខ្លះ​មាន​ត្រឹមតែ​រូបភាព​ស្រែក​ជេរ​ និង​គាំទ្រ​អ្នកនយោបាយ​ប៉ុណ្ណោះ​ ។ គេ​មិន​បាន​នាំ​គ្នា​ពិភាក្សា​ទៅ​លើ​អ្វី​ដែល​ត្រូវ​ពិភាក្សា​ឡើយ ​ដោយ​ជាប់រវល់​ទៅ​លើ​ការ​ឈ្លោះ​គ្នា ​និង​សម្តែង​ការ​ស្អប់ ​និង​ស្រឡាញ់​ ។

វា​នឹង​ជា​ប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ បើសិនជា​ប្រជាជន​យកចិត្តទុកដាក់​ពិភាក្សា​ទៅ​លើ​កម្មវិធី​នយោបាយ​របស់​គណបក្ស​នីមួយ​ៗ ​ដោយ​វិភាគ​ថា ​តើ​កម្មវិធី​នយោបាយ​មួយ​ណា​ ដែល​បម្រើ​ផលប្រយោជន៍​ ប្រជាជន​ និង​ប្រជាជាតិ​ជាង​ ។ ចំណែក​អ្នកនយោបាយ​ទៀត​ក៏​ជាប់រវល់​នឹង​ការ​ឈ្លោះ​គ្នា​ខាង​ពាក្យ​សម្តី​នេះ​ ។ គេ​ក៏​មិន​បាន​ចំណាយពេល​អោយ​បាន​ច្រើន ​ដើម្បី​រៀបចំ​កម្មវិធី​នយោបាយ​ និង​ពន្យល់​ប្រជាជន​អោយ​យល់​ពី​កម្មវិធី​នយោបាយ​របស់​ពួក​គេ​ឡើយ​ ។

ដោយ​នាំ​គ្នា​ជាប់រវល់​តែ​នឹង​រឿង​ឈ្លោះ​គ្នា បណ្តុះបង្អាប់​គ្នា មាន​កំហឹង​រវាង​គ្នា​ៗ ប្រជាជន ​និង​អ្នកនយោបាយ​បាន ​ខកខាន​គិត​ទៅ​លើ​អ្វី​ដែល​សំខាន់​ជាង​នេះ ​គឺ​ខ្លឹមសារ​កម្មវិធី​នយោបាយ​ ។

និន្នាការ​នេះ​គួរតែ​ត្រូវ​បាន​កែប្រែ​ហើយ​នាំ​គ្នា​ឈប់​សម្តែង​មតិ​ត្រឹមតែ​ការ​ស្រឡាញ់ ​ឬ​ស្អប់ ​។

វា​ដល់​ពេល​នាំ​គ្នា​ពិភាក្សា​អោយ​បាន​ច្រើន​ទៅ​លើ​កម្មវិធី​នយោបាយ​ដែល​គណបក្ស​នីមួយ​ៗ ​តាក់តែង​ដើម្បី​ប្រែ​ក្លាយជា​ការ​អនុវត្ត​ជាក់ស្តែង ​សម្រាប់​ប្រយោជន៍​ជាតិ​ និង​ប្រជាជន ​៕