ស្ថានភាព​ទឹក​ក្នុង​ឧទ្យាន​អង្គរ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​បាន​ល្អ ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ខណៈ​អាកាសធាតុ​ក្តៅ​ហួតហែង

ខេត្តសៀមរាប ៖ ស្ថានភាព​ទឹក​ក្នុង​ឧទ្យាន​អង្គរ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ពី​អាជ្ញាធរ​ជាតិ​អប្សរា បាន​ល្អ ក្នុង​ឆ្នាំ​២០១៦​នេះ ខណៈ​រដូវប្រាំង​អូស​បន្លាយពេល ហើយ​ស្ថានភាព​អាកាសធាតុ​ក្ដៅ​ហួតហែង​បង្ក​ឱ្យ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់ ក៏​ដូច​ជា​កម្ពុជា​ដែរ ប្រឈម​នឹង​បញ្ហា​ខ្វះខាត​ទឹក​សម្រាប់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ និង​ក្នុង​ការងារ​កសិកម្ម​ជាដើម។

ជុំវិញ​បញ្ហា​នេះ រាជរដ្ឋាភិបាល​បាន​ចេញ​សារាចរ​ណែនាំ​ស្ដី​ពី​ការ​ចាត់វិធានការ​ថែរក្សា​ទឹក​ទុក ក្នុង​ន័យ​ដាស់តឿន​ស្ថាប័ន​ពាក់ព័ន្ធ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ថែរក្សា​ទឹក​ទុក​ឱ្យ​បាន​ល្អ​សម្រាប់​ការ​ប្រើប្រាស់​ចាំបាច់​ប្រចាំ​ថ្ងៃ ។

ដោយឡែក​រមណីយដ្ឋាន​អង្គរ ទឹក​គឺជា​ប្រភព​ដ៏​សំខាន់​សម្រាប់​កិច្ចការ​អភិរក្ស​ប្រាង្គ​ប្រាសាទ ក៏​ដូច​ជា​ការ​លើក​តម្លៃ​ទេសភាព​វប្បធម៌​របស់​ឧទ្យាន​អង្គរ​ទាំងមូល ។

លោក​ហង់ ពៅ អគ្គនាយករង​ទទួល​បន្ទុក​នាយកដ្ឋាន គ្រប់គ្រង​ទឹក ឱ្យ​ដឹង​ថា អាជ្ញាធរ​ជាតិ​អប្សរា​មិន​មានការ​ព្រួយបារម្ភ​ទេ ចំពោះ​ការ​រក្សា​ទឹក​ទុក​ដើម្បី​អភិរក្ស​ប្រាង្គ​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ ដោយហេតុ​ថា​កន្លង​មក​អាជ្ញាធរ​ជាតិ​អប្សរា​ស្ដារ​ប្រើប្រាស់​ឡើង​វិញ​បាន​ល្អ​នូវ​ប្រព័ន្ធ​ធារាសាស្ដ្រ​បុរាណ ហើយ​ប្រព័ន្ធ​នេះ បាន​បង្ហាញ​ពី​ប្រសិទ្ធភាព​ក្នុង​ការ​រំដោះ​ទឹកជំនន់​ចេញពី​រមណីយដ្ឋាន​អង្គរ ក៏​ដូច​ជា​តំបន់​ក្រុង​សៀមរាប​ទាំងមូល ។ មិនតែប៉ុណ្ណោះ​ការ​ស្ដារ​ឡើង​វិញ​នូវ​ប្រព័ន្ធ​ប្រឡាយ តូច​ៗ​ជា​ច្រើន​ទៀត ដែល​អាច​ធានា​បាន​នូវ​ការ​បញ្ចូល​ទឹក​ក្នុង​កសិណ​ប្រាសាទ ក៏​ដូច​ជា​បារាយណ៍​បុរាណ​ជាដើម​នេះ ធ្វើ​ឱ្យ​ស្ថានភាព​ទឹក​មានការ​គ្រប់គ្រង​បាន​ល្អ​ចំពោះ​តំបន់​ឧទ្យាន​អង្គរ​ដែល​ជា​បេតិកភណ្ឌ​ពិភពលោក ។ កសិណ​អង្គរធំ កសិណ​អង្គរវត្ត និង​បារាយណ៍​ជ័យ​ត​ដាក​ជាដើម​នោះ ទឹក​នៅ​មាន​លក្ខណៈ​ល្អ​ប្រសើរ ហើយ​ទឹក​ក្រោម​ដី​ដែល​មាន​ក្នុង​តំបន់​ជុំវិញ​ប្រាសាទ ធំ​ៗ​ក៏​មិន​មាន​បញ្ហា​ចោទ​ដែរ ក្នុង​ពេល​បច្ចុប្បន្ន ក៏​ដូច​ជា​ក្នុង​រយៈពេល​មួយ​ខែ ឬ​ពីរ​ខែ​ទៀត ទម្រាំ​រដូវវស្សា​ចូល​មក​ដល់ ។

បច្ចុប្បន្ន​នេះ​ការ​គ្រប់គ្រង​ទឹក​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​យ៉ាងណា​ក៏​ដោយ អាជ្ញាធរ​ជាតិ​អប្សរា​នៅ​តែ​បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត ដោយហេតុ​ថា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ធម្មជាតិ​ក៏​មានការ​ប្រែប្រួល មនុស្ស​រស់នៅ និង​ប្រើប្រាស់​ទឹក​ក៏​មានការ​កើនឡើង ។ ចំពោះ​ការ​ប្រើប្រាស់​ទឹក​បារាយណ៍​ដែល​ជា​អាង​ស្តុក​ទឹក​ដ៏​ធំ​មួយ​ដោយ​ផ្ទាល់​នេះ អាច​ជួបនឹង​បញ្ហា​ប្រឈម តែ​កំពុង​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ ដាំ​ដំណាំ​រួម​ផ្សំ ផ្សេង​ៗ​វិញ ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ទឹក​ដោយ​ផ្ទាល់ ហើយ​ទុក​ទឹក​បារាយណ៍​សម្រាប់​ផ្គត់ផ្គង់​ការ​ប្រើប្រាស់​ក្នុង​ទីក្រុង​វិញ ។

អាជ្ញាធរ​ជាតិ​អប្សរា មាន​គម្រោង​ក្នុង​ការ​ស្ដារ​ឡើង​វិញ​អាង​ស្ដុក​ទឹក ចាស់​ៗ​មួយ​ចំនួន​ទៀត​ដូច​ជា ទន្លេ​ស្ងួត ស្ថិត​នៅ​ខាងលិច​ប្រាសាទព្រះខ័ន និង​បារាយណ៍​ឥន្ទ្រ​ត​ដាក​ជាដើម ដើម្បី​ធានា​ឱ្យ​មាន​សមាមាត្រ​ជាមួយនឹង​កំណើន​អ្នកទេសចរ​ក្នុង​ពេល​អនាគត ៕