កត្តា​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​កសិករ​អស់សង្ឃឹម?

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​រស់នៅ​​ខេត្ត​ប៉ៃលិន​បាន​ធ្លាក់​ទឹកចិត្ត អស់សង្ឃឹម ខណៈ​ទទួល​រង​នូវ​ការ​ខាតបង់​ថវិកា​អស់​ជា​ច្រើន ដោយ​អ្នកខ្លះ​ត្រូវ​បង្ខំចិត្ត​លក់​ដីចម្ការ​យក​ប្រាក់​សងបំណុល​ធនាគារ និង​អង្គការ​ផ្សេង​ៗ​ អ្នកខ្លះ​លាលែង​ឈប់​ដាំ​បន្ត​ទៀត ទុក​ដីចម្ការ​ជួល​ឱ្យ​អ្នក​ផ្សេង​​វិញ ព្រោះតែ​ការ​ដាំដំឡូង​មី​ទទួល​បាន​ទិន្នផល​តិច មើម​តូច​ៗ ជួប​គ្រោះ​ធម្មជាតិ​រាំង​ស្ងួត​អូស​បន្លាយ​យូរ ហើយ​តម្លៃ​ចុះ​ទាប​ថែម​ទៀត​ផង ។ ប៉ុន្តែ​មាន​កសិករ​មួយ​ចំនួន​តូច​​ក៏​​សប្បាយ​រីករាយ​យ៉ាង​ខ្លាំងដែរ​ ព្រោះ​បាន​ដាំ​ពូជ​ដំឡូង​មី​ល្អ ធន់​នឹង​អាកាសធាតុ មើម​ធំ មាន​ម្សៅ​ច្រើន ទទួល​បាន​ទិន្នផល​ខ្ពស់ ទើប​ចង់​ជួល​ដី​គេ​ដាំ​រាប់​សិប​ហិ​កតា​បន្ថែម​ទៀត ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កសិករ​ជា​ច្រើន​នាក់​បានឱ្យ​ដឹង​ថា ការ​ដាំដំឡូង​មី​នៅ​ក្នុង​ច​ម្ការ​របស់​ពួក​គាត់​នា​ឆ្នាំ​២០១៦​នេះ ជួប​បញ្ហា​គ្រោះ​រាំង​ស្ងួត​អូស​បន្លាយ​យូរ ទើប​ទទួល​បាន​ទិន្នផល​តិច ដោយ​អ្នកខ្លះ​ទទួល​បាន​ផល​ត្រឹមតែ​២​ទៅ​៣​តោន​ក្នុង​១​ហិ​កតា ហើយ​អ្នកខ្លះ​ទៀត​បើ​ដាំ​ប៉ះ​ចំ​ដី​ល្អ អាច​ទទួលផល​ត្រឹមតែ​៥​ទៅ​១០​តោន​ក្នុង​១​ហិ​កតា​ប៉ុណ្ណោះ ។ ប្រភព​បន្ត​ទៀត​ថា ព្រោះ​ឆ្នាំ​២០១៥​កន្លង​មក​អត់​សូវ​មាន​ទឹកភ្លៀង​ធ្លាក់​គ្រប់គ្រាន់ រាំង​ស្ងួត​រយៈពេល​យូរ ហើយ​ពេល​ប្រមូល​ផល​លក់​តាម​ស្តង់​មាន​តម្លៃ​ថោក ដូច្នេះ​ទើប​ពួក​គាត់​ម្នាក់​ៗ​មានការ​រារែក​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ថា​តើ​គួរ​បន្ត​ដាំដំឡូង​មី​ទៀត​ឬ​យ៉ាងណា​នៅ​ឆ្នាំ​ថ្មី​នេះ ។

តែ​ផ្ទុយ​ទៅ​វិញ មាន​កសិករ​ម្នាក់​ឈ្មោះ អ៊ុ​ក ទូច ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បានឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​៣​មេ​សា​ថា នៅ​ឆ្នាំ​២០១៦​នេះ លោក​ពិតជា​មិន​មានការ​ខាតបង់​ថវិកា​អ្វី​ដោយសារ​ដាំដំឡូង​មីនោះ​ឡើយ មាន​តែ​ចំណេញ​លុយ​រហូត​ដល់​ទិញ​បាន​ត្រាក់ទ័រ​ភ្ជួរ​ដី១​គ្រឿង និង​ទិញ​ដីចម្ការ​បាន​​៥​ហិ​កតា​ថែម​ទៀត​ផង ព្រោះ​លោក​ដាំ​ប៉ះ​ចំ​ពូជ​ដំឡូង​មី​ល្អ​ឈ្មោះ (AM089 ) ជា​ពូជ​ដំឡូង​បង្កាត់​ថ្មី នាំ​មក​ពី​ប្រទេស​ថៃ ធន់​នឹង​អាកាសធាតុ មាន​មើម​ធំ​ៗ ដោយ​ទទួល​បាន​ផល​ចាប់ពី​៦០​ទៅ​៧០​តោន​ក្នុង​១​ហិ​កតា ហើយ​បើ​ដាំ​ប៉ះ​ចំ​ដី​ល្អ​អាច​ទទួល​បាន​ផល​ចាប់ពី​៧០​ទៅ​៨០​តោន​ក្នុង​១​ហិ​កតា​ឯណោះ ហើយ​នៅ​ឆ្នាំ​ខាង​មុខ​លោក​នឹង​បន្ត​ជួល​ដី​គេ​ដើម្បី​ដាំដំឡូង​មី​ថែម​ទៀត​ផង​ដែរ ។ លោក​បន្ត​ទៀត​ថា ការ​ដាំ​ពូជ​ដំឡូង​មីនេះ​ត្រូវ​តែ​លើ​រង​ឱ្យ​បាន​ធំ ទទឹង​ប្រវែង​១​ម៉ែត្រ ហើយ​ពី​១​ដើម​ទៅ​១​ដើម​ត្រូវ​តែ​ដាំ​ឃ្លាត​ពី​គ្នា​ប្រវែង​៨​តឹក (​ជិត​១​ម៉ែត្រ​) បើ​ដាំ​ញឹក​ពេក​ក៏​មិន​ទទួលផល​ច្រើន​ដែរ ។ លោក​ក៏​សូម​ប្រកាស​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត​ប៉ៃលិន​ងាក​បែរមក​ដាំ​ពូជ​ថ្មី​នេះ​វិញ​ម្តង អាច​ទាក់ទង​មក​រូប​លោក​តាម​ទូរស័ព្ទ​លេខ ​០៩៧ ៦៧៧ ៣១ ៣៨ ។

ចំណែក​លោក សាយ សុ​ផាត ប្រធាន​មន្ទីរ​កសិក​កម្ម​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ដែរ​ថា នៅ​ឆ្នាំ​២០១៦​នេះ ប្រជា​កសិករ​ទទួល​រង​ខាតបង់​អស់​ជា​ច្រើន​តាម​រយៈ​ធ្វើ​ចម្ការ​ដាំដំឡូង​មី ដោយ​គិត​ទៅ​ប្រជាពលរដ្ឋ​រង​គ្រោះ​ប្រហែលជា​៤៥%​ទៅ​៥០% ព្រោះតែ​ភាពរាំងស្ងួត​អូស​បន្លាយ​រយៈពេល​យូរ ការ​ដាំ​ដុះ​របស់​ពួក​គាត់​ខ្វះ​បច្ចេកទេស និង​ដាំ​ដំណាំ​តែ​មួយ​មុខ​លើ​ដី​ដដែល​ៗ ម្យ៉ាងវិញទៀត​មាន​ជម្ងឺ​កើត​មាននៅ​តាម​ដើម​ដំឡូង​មី​របស់​កសិករ​មួយ​ចំនួន ដូច្នេះ​មិន​បង្កបង្កើន​ផល​បាន​ច្រើន​នោះ​ទេ ៕