ភាគច្រើន​ឮ​តែ​ថៃ​..​រំលោភ​បូរណភាព​ទឹកដី ឥឡូវ​ឡាវ​ម្តង

ខេត្តស្ទឹងត្រែង ៖ ទាហាន​ឡាវ​ឈរជើង​តាម​ព្រំដែន​មិន​ទាន់​បញ្ឈប់​ការ​សាងសង់​ប៉ុស្តិ៍​ថ្មី​នៅឡើយ​ទេ គិត​ត្រឹម​វេលា​ម៉ោង​១០​និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៣ មេ​សា ២០១៦ ទោះបីជា​ភាគី​កងកម្លាំង​កម្ពុជា​ស្នើ​ឲ្យ​បញ្ឈប់​ជា​ច្រើន​លើក​នោះ​ក្តី ។

នេះ​បើ​យោង​តាម​លោក​វរៈសេនីយ៍ឯក ស៊ុន បាន មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន​លេខ​៧០១ ដែល​ប្រាប់​គេហទំព័រ​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​អាទិត្យ​នេះ ។

បើ​តាម​លោក​មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន​លេខ​៧០១​បាន​ស្រង់​សំដី​ទាហាន​ឡាវ​ថា ពួក​គេ​(​ទាហាន​ឡា​) សាងសង់​ប៉ុស្តិ៍​ថ្មី​នេះ គឺ​ធ្វើ​តាម​បញ្ជា​របស់​អភិបាលខេត្ត​ចំប៉ា​សាក់ ហើយ​ថា​ប្រសិនបើ​ចង់​ឲ្យ​គេ​បញ្ឈប់​ការ​សាងសង់​លុះ​ណា​មាន​បញ្ជា​ពី​ចៅហ្វាយខេត្ត​ចំប៉ា​សាក់ ។

សូម​បញ្ជាក់​ថា ចាប់តាំងពី​ថ្ងៃ​ទី​៣១ មីនា ២០១៦​មក ទាហាន​ឡាវ​បាន​នាំ​គ្រឿងចក្រ​ចូល​មក​សាងសង់​ប៉ុស្តិ៍​ថ្មី​នៅ​ចំណុច​ប៉ុស្តិ៍​ចាស់​តាម​បណ្តោយ​ព្រំដែន ចំណុច​ដុំ​ក្រឡ​ចាស់ ស្ថិត​ត្រង់​និយាម​ការ XA 14885.38651 ជាប់​ភូមិ​គីឡូ​៨ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ក្រោយ​ពី​ឃើញ​ទាហាន​ឡាវ​បញ្ជូន​គ្រឿងចក្រ​សាងសង់​ប៉ុស្តិ៍ កងកម្លាំង​ព្រំដែន​កម្ពុជា​ក៍បាន​ទៅ​ហាម​ជា​បន្តបន្ទាប់​ចាប់​តាំង​ថ្ងៃ​ទី​៣១​មីនា​រហូត​មក​ដល់​ថ្ងៃ​ទី​០២ មេ​សា ២០១៦ ប៉ុន្តែ​ភាគី​ឡាវ​នៅ​តែ​ផ្គើន​មិន​បញ្ឈប់​សកម្មភាព​សាងសង់​ទៀត ។

បើ​តាម​លោក​វរៈសេនីយ៍ឯក ស៊ុន បាន មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន​លេខ​៧០១​នៅ​ល្ងាច​ថ្ងៃ​ទី​០៣​មេ​សា​នេះ ភាគី​ឡាវ​នឹង​ផ្តល់​ដំណឹង​មក​ភាគី​កម្ពុជា បន្ទាប់​ពី​គេ​(​ឡាវ​)​បាន​ផ្តល់​ព័ត៌មាន​ការ​ហាម​របស់​កម្ពុជា​ទៅ​ថ្នាក់លើ​របស់​ពួក​គេ ។ លោក​ក៍បាន​បដិសេធ​អំពី​ព័ត៌មាន​ដែល​ថា​ភាគី​ឡាវ​បន្ថែម​កងកម្លាំង​នោះ​ផង​ដែរ ។

លោក​វរៈសេនីយ៍ឯក ស៊ុន​ដដែល បាន​ព្រមាន​ថា​ប្រសិនបើ​ភាគី​ឡាវ​នៅ​តែ​បន្ត​សាងសង់ កងកម្លាំង​យើង​នឹង​សាងសង់​ប៉ុស្តិ៍​នៅ​ក្បែរ​ទីតាំង​ដែល​ភាគី​ឡាវ​កំពុង​សាងសង់ ស្ថិត​នៅ​ចំណុច​ភូមិសាស្ត្រ​ដែល​គណៈកម្មាធិការ​ព្រំដែន​ប្រទេស​ទាំង​ពីរ​មិន​ទាន់​ឯកភាព​(​តំបន់​ស​) ។

យ៉ាងណា​ក៍ដោយ​លោក​ថា យើង​រង់ចាំ​ល​ទ្ឋ​ផល​ក្រោយ​ជំនួប​រវាង​អភិបាល​ខេត្តស្ទឹងត្រែង​និង​ចំប៉ា​សាក់​សិន ៕