ក្រោយ​ចាក​ចេញពី​នយោបាយ លោក​ជា ចំរើន ក្លាយជា​ប្រធាន​សហព័ន្ធ​សារព័ត៌មាន​កម្ពុជា

រាជធានី​ភ្នំពេញ ៖ លោក​បណ្ឌិត ជា ចំរើន បាន​លាចាក​ឆ្ងាយ​ពី​ឆាកនយោបាយ ហើយ​សម្រេច​ចូល​ប្រឡូក​នៅ​ក្នុង​សង្គម​វិញ ដោយ​លោក​ត្រូវ​បាន​អង្គភាព​សារព័ត៌មាន​ប្រមាណ​ជា​៦០​អង្គភាព​ជ្រើសរើស​ជា​ប្រធាន​សហ​ព័​ន្ឋ​សារព័ត៌មាន​កម្ពុជា​។

លោក​បណ្ឌិត ជា ចំរើន បាន​មាន​ប្រសាសន៍​លើក​ឡើង​ក្នុង​ពិធី​បង្កើត​សហព័ន្ធ​សារព័ត៌មាន​កម្ពុ​ជានា​រសៀល​ថ្ងៃ​ទី​០១ មេ​សា ២០១៦ ក្នុង​ឱកាស​ជួបជុំ​ចាងហ្វាង​កាសែត​ទាំង​៦០​អង្គភាព​ថា ខ្ញុំ​បាន​ចាកចេញ​ឆ្ងាយ​ពី​ឆាកនយោបាយ​ហើយ​។ ជាមួយ​គ្នា​នោះ​ដែរ លោក​ក៏​មិន​ចូល​ទៅ​បំរើ​ឲ្យ​គណបក្ស​នយោបាយ​ណាមួយ​ដែរ ទោះបីជា​មាន​អ្នកនយោបាយ​ខ្លះ​ចង់​ឲ្យ​លោក​ចុះចូល​ទៅ​បំរើ​នយោបាយ​តទៅ​ទៀត​ក្តី​។

អតីត​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក​បណ្ឌិត​ជា ចំរើន បាន​លាឈប់​ពី​គណបក្ស​នេះ និង​បាន​ទៅ​បង្កើត​គណបក្ស​ថ្មី​មួយ​ឈ្មោះ​ថា​កម្ពុជា​សេរីភាព​តែ​ពេល​នេះ លោក​ក៍បាន​លា​យប់​ទាំងអស់​ដោយ​មិន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​ឡើយ ។

គួរ​បញ្ជាក់​បន្ថែម​ថា អំឡុង​ពេល​នៅ​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា លោក បណ្ឌិត ជា ចំរើន  គឺជា​បុគ្គល​សាធារណៈ​មួយ​រូប ដែល​ពលរដ្ឋ​កម្ពុជា​ទទួលស្គាល់​ថា​មាន​វោហា​សាសន៍​ក្នុង​ការ​ឃោស​សនា​ស្វែងរក​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​នៅ​មណ្ឌល​ខេត្តកណ្តាល ដោយ​មាន​ពលរដ្ឋ​ចូល​ចិត្ត​លោក​ច្រើន​។ រីឯ​ការ​ចូលរួម​ប្រឡូក​លើ​វិស័យ​សារព័ត៌មាន​ឡើង​វិញ​នា​ពេល​នេះ​គឺ​ដោយសារ​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​សារព័ត៌មាន ទើប​លោក​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​ប្រធាន​សហព័ន្ធ​សារព័ត៌មាន​កម្ពុជា ក្នុង​គោលបំណង​ជួយ​លើក​ស្ទួយ​វិស័យ​ព័ត៌មាន និង​ជួយ​កិច្ច​ការងារ​ក្នុង​សង្គម  មិន​ប្រកាន់​និន្នាការ​បក្សនយោបាយ​ណាមួយ​ឡើយ​។

លោក​បាន​បន្ត​ទៀត​ថា បច្ចុប្បន្ន​សារព័ត៌មាន​ត្រូវ​បាន​ទទួល​រង​ការ​គំរាមកំហែង​ពី​សំណាក់​ឈ្មួញ​រកស៊ី​ខិលខូច​ជា​ច្រើន​ករណី ហេតុ​ដូច្នេះ​លោក​ត្រូវ​ចូល​មក​ប្រឡូក និង​បំរើ​សង្គម​តាម​រយៈសារព័ត៌មាន​។ លោក​ត្រូវ​ការពារ​អ្នក​សារព័ត៌មាន​តាម​ផ្លូវច្បាប់ ហើយ​នា​ពេល​អនាគត​លោក​មាន​គម្រោង​រៀបចំ​ចូល​ជា​សមាជិក​សារព័ត៌មាន​អាស៊ាន​ផង​ដែរ​៕