ទឹកសមុទ្រ​នៅ​កែប​វិល​ទៅ​រក​ធម្មតា ខណៈ​មនុស្ស​នៅ​តែ​ខ្លាច

ខេត្ត​កែប ៖ បើ​តាម​សេចក្តីរាយការណ៍​ពី​ខេត្ត​កែប នា​ព្រឹក​ថ្ងៃ​ទី​០៣ មេ​សា ២០១៦ នេះ អំពី​បាតុភូត​ទឹកសមុទ្រ​នៅ​ក្នុង​សមុទ្រ​កែប ស្ថានភាព​ទឹកសមុទ្រ​បាន​វិល​មក​ជា​ពណ៌​ធម្មតា​វិញ​ហើយ ប៉ុន្តែ​នៅ​តាម​តំបន់ឆ្នេរ​ខ្សាច់​កន្លែង​លេង​ទឹក គឺ​អាជ្ញាធរ​បាន​បិទ​បំរាម​មិន​ទាន់​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ចុះ​ហែល​ទឹក​លេង​នោះ​ទេ ដោយ​រង់ចាំ​មើល​លទ្ធផល​ក្នុង​ការ​យក​ទឹក និង​មច្ឆា​សមុទ្រ​ដែល​ងាប់​របស់​ក្រសួងបរិស្ថាន​ឲ្យ​ដឹង​លទ្ធផល​ច្បាស់លាស់​សិន​។

ក្រុម​អាជីវករ​អ្នកលក់​ម្ហូបអាហារ​គ្រឿង​សមុទ្រ ក៏​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ប្រកាស​ឲ្យ​ផ្អាក​លក់​ជូន​ភ្ញៀវ​ពិសា​រដែរ  រីឯ​ស្ថានភាព​ភ្ញៀវ​ដែល​ចូល​មក​លេង​កម្សាន្ត​នា​ថ្ងៃនេះ ចាប់ពី​ម៉ោង​៦​និង​៣០​នាទី​មក​ដល់​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៣ មេ​សា នេះ គេ​ពុំ​ទាន់​ឃើញ​មាន​ភ្ញៀវ​ចូល​មក​ច្រើន​ដូច​កាលពី​រសៀល​ម្សិលមិញ​នោះ​ទេ មាន​តិចតួច​។

ជុំវិញ​បាតុភូត​លើ​ផ្ទៃ​ទឹកសមុទ្រ ក្រសួងបរិស្ថាន​បាន​យក​ទៅ​ធ្វើការ​ពិសោធន៍​រក​ប្រភព និង​មូលហេតុ​នោះ ពុំ​ទាន់​មាន​ប្រភព​ខាងលើ​ផ្តល់​ព័ត៌មាន​ជាក់លាក់​អំពី​លទ្ធផល​ថា មក​ពី​មូលហេតុ​អ្វី​នោះ​នៅឡើយ​ទេ​៕