កូនស្រី​ពៅ​សម្តេច​តេ​ជោ​ទៅ​សែន​ផ្នូរ ហ៊ុន កំសត់

រាជធានី​ភ្នំពេញ ៖ ប្អូនស្រី​ពៅ​និង​ចៅ​ៗ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ទៅ​សែន​ផ្នូរ (​ឆេ​ង​ម៉េ​ង​) ហ៊ុន កំសត់ ដែល​ជា​កូនប្រុស​ច្បង​របស់​សម្តេច ។ នេះ​បើ​តាម​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដែល​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) បង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ ។

សម្តេច​បាន​សរសេរ​បញ្ជាក់​ទៀត​ថា «​កំសត់​កូន​ពុក បើ​ទោះ​កូន​ស្លាប់​មុន​ពេល​ប្អូន​ៗ​របស់​កូន​ចាប់កំណើត​ក៏​ដោយ ក៏​ប្អូន​ៗ​របស់​កូន​មិន​ទុក​ឱ្យ​កូន​ក្លាយជា​ខ្មោច​អនាថា​នោះ​ដែរ​ ។ ដោយសារ ទម្លាប់​ជីដូន ជីតា និង​ម្តាយកូន​តែង​ធ្វើ​ពិធី​ឆេ​ង​ម៉េ​ង ថ្ងៃនេះ​ប្អូនស្រី​ពៅ និង​ក្មួយ​ៗ​របស់​កូន​បាន​ទៅ​សែន​ផ្នូរ​របស់​កូន​។ សូម​កូន​ទទួលយក​ពី​ប្អូន និង​ក្មួយ​ៗ​ជំនួស​ឱ្យ​ក្រុម​គ្រួសារ​។ ចំណែក ពុក​មាន​តែ​ទឹកភ្នែក​ដែល​ហូរ​មិន​ឈប់​នៅ​ពេល​នឹកឃើញ​ដល់​រឿង​ដ៏​សែន​ឈឺចាប់​កាលពី​ជិត​៤០​ឆ្នាំ​មុន រវាង​កូន ម្តាយកូន និង​ពុក ដែល​នេះ​ជា​រឿង​ខ្លោចផ្សារ​បំផុត​សំរាប់​ជីវិត​ពុក និង​ម៉ែកូន ព្រមទាំង​គ្រួសារ​យើង​» ៕