លើក​តោក លើក​ហ៊ឹ​ង ពី​ផ្ទះ​អត់​ច្បាប់​ទៅ​ផ្ទះ​មានច្បាប់

ការ​ស៊ី​ណូ​ទាំងឡាយ ដែល​រាជរដ្ឋាភិបាល​បង្កើត​ឱ្យ​មាន​សព្វថ្ងៃ​សម្រាប់​តែ​ប្រមូលប្រាក់​ពី​ជនបរទេស​តែ​ប៉ុណ្ណោះ ។ ច្បាប់​មិន​អនុញ្ញាត​ឱ្យ​ជនជាតិ​ខ្មែរ ចូល​លេង​ដាច់ខាត ។ បើ​កាស៊ីណូ​ណា​បើកដៃ​ឱ្យ​ខ្មែរ​ចូល​លេង​... ត្រូវ​ប្រឈម​នឹង​ការ​ផ្តន្ទាទោស​នោះ គឺ​បិទទ្វារ​ជា​ស្ថាពរ ។

ប៉ុន្តែ​អា​រឿង​ច្បាប់​ចែង​មិន​ឱ្យ​ខ្មែរ​ចូល​លេង​នោះ វា​ជា​ច្បាប់​មាន​តែ​នៅ​លើ​ក្រដាស​តែ​ប៉ុណ្ណោះ ។ បើ​មិន​ឱ្យ​ខ្មែរ​ចូល​លេង ម៉េច​ចាំ​បើក​កាស៊ីណូ​ធ្វើ​អី ? អ្នក​ណា​ចង់​លេង ចូល​មក​ចុះ​... កាស៊ីណូ​អត់​ដេញ​ទេ មាន​តែ​ស្វាគមន៍​ដោយ​រីករាយ ។

បានជា​ពោល​ដូច្នោះ​... បើ​មិន​ជឿ​ទេ ឱ្យទៅ​សួរ​នៅ​ខេត្តរតនគិរី​មើលចុះ​... តើ​កាស៊ីណូ​មួយ​នៅ​ជាយ​ដែន​យួន​មាន​ខ្មែរ​ចូល​លេង​ដែរ​ឬ​អត់ !

គួរ​កត់​សម្គាល់ថា កាស៊ីណូ​ក្រៅផ្លូវការ​មួយ​នៅ​លើ​ភ្នំ​ប៉ក់​យ៉ៃ ដែល​សុទ្ធតែ​ខ្មែរ​ចូល​លេង ចាក់​ល្បែង​បញ្ជល់មាន់ បាន​បិទ​ទៅ​ហើយ ក្រោយ​ពេល​កោះសន្តិភាព​ចេញផ្សាយ​មួយ​ឈុត​ដំបូង ។

ដើម្បី​បាន​បន្ត​ប្រមូល​ខ្មែរ​ពូកែ​ល្បែង​បញ្ជល់មាន់ និង​អាប៉ោង​ឱ្យ​មូល​ឡើង​វិញ អតីត​មេ​ល្បែង​ភ្នំ​ប៉ក់​យ៉ៃ បាន​លើក​សង្វៀន​ក្រៅច្បាប់​នេះ ចូល​ទៅ​ដាក់​នៅ​ក្នុង​បរិវេណ​កាស៊ីណូ​ស្របច្បាប់​វិញ ហើយ​កំពុង​ពេញ​លេង​តែ​ម្តង ។

ទីបំផុត​ខ្មែរ​ចូល​លេង​ពេញ​ៗ​ដដែល​... ខ្មែរ​ចូល​លេង​ក្នុង​សង្វៀន ស្របច្បាប់​តែ​ម្តង​... ដែល​លោកស្នងការ លោក​អភិបាលខេត្ត​មិនមែន មិនដឹង​ទេ ។ មេ​ល្បែង​ភ្នំ​ប៉ក់​យ៉ៃ​នេះ​ហើយ​ដែល​ជា​មេខ្យល់​នាំ​ខ្មែរ​ចូល​លេង ដែល​គ្រាន់តែ​ប្តូរ​ទីតាំង​ពី​កន្លែង​អត់​ច្បាប់ យក​ទៅ​ដាក់​នៅ​កន្លែង​មានច្បាប់​វិញ​តែ​ប៉ុណ្ណោះ ។ នេះ​ជា​ល្បិច​ស្តេច​ល្បែង ដែល​គ្រាន់តែ​លើក​តោក លើក​ហ៊ឹង​ពី​កន្លែង​អត់​ច្បាប់ ទៅ​រក​កន្លែង​មានច្បាប់ ។ ធ្វើ​បែប​នេះ​ចាត់​ទុក​លោកស្នងការ​អន់​ជាង​គាត់​... ហេ​! ហេ​!