បាត់​ចៅ​ ដើរ​រក​ឃើញ​ស្លាប់​អាក្រាត​កាយ

ខេត្តកំពត ៖ មាន​ករណី​រំលោភ​សម្លាប់​យ៉ាង​ព្រៃផ្សៃ​មួយ​បាន​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ភ្នំ​តូច ឃុំ​កណ្តោល ស្រុក​ទឹកឈូ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជីដូន​ក្មេង​ស្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​មាន​អាយុ​១៥​ឆ្នាំ រៀន​នៅ​អនុ​វិទ្យាល័យ​រោងចក្រ​ស៊ីម៉ង់ត៍​ច​ង្រី​ទីង កំពត ។ ប្រភព​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ នៅ​ព្រឹក​ថ្ងៃ​ទី​១​មេ​សា គាត់​មិនឃើញ​ចៅ​មក​ផ្ទះ រូប​គាត់​ពុំ​បាន​ចាប់អារម្មណ៍​ទេ នឹក​ស្មានថា​ចៅ​ទៅ​លេង​ផ្ទះ​បងប្អូន ឬ​មិត្តភក្តិ​រៀន​ជាមួយ​គ្នា ពីព្រោះ​ចៅ​ធ្លាប់​ទៅ​លេង​ផ្ទះ​បងប្អូន​ម្តងម្កាល​ជា​ធម្មតា ។ លុះ​ពេល​យប់​ថ្ងៃ​ដដែល​មិនឃើញ​ចៅ​មក​ផ្ទះ​ក៏​ចាប់ផ្តើម​មានការ​សង្ស័យ ក៏​ដើរទៅ​សួរ​គេឯង​ដែល​រៀន​ជាមួយ​ចៅ តែ​គ្មាន​អ្នក​ណា​ម្នាក់​ដឹង​សោះ ទើប​មានការ​សង្ស័យ​កាន់តែ​ខ្លាំង ​រួច​បាន​រាយការណ៍​ទៅ​ប៉ុស្តិ៍​ឲ្យ​ដឹង និង​ជួយ​ស៊ើបសួរ​រក​ទាំង​យប់ ប៉ុន្តែ​ក្នុង​យប់​ថ្ងៃ​ទី​១​នេះ​ការ​ស្វែងរក​ពុំ​មាន
ដំណឹង​​សោះ ។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២​មេ​សា ទើប​អ្នកស្រុក​ក្នុងភូមិ​នាំ​គ្នា​ជួយ​ដើរ​រក​ក៏​ប្រទះ​ឃើញ​សាកសព​ស្លាប់​ទាំង​អាក្រាត​កាយ​នៅ​ក្នុង​ព្រៃ​ក្បែរ​មាត់​អូរ​ខាងកើត​ផ្ទះ​ចម្ងាយ​ប្រមាណ​ជា​៥០០​ទៅ​៦០០​ម៉ែត្រ ដោយ​មាន​ក្លិនស្អុយ​ទៅ​ហើយ ។

លោក​វរសេនីយឯក គង់ សុ​ខន នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​ថា ករណី​ឃាតកម្ម​រំលោភ​សម្លាប់​នេះ​ជនល្មើស​អាច​ជា​មនុស្ស​ធ្លាប់​ស្គាល់គ្នា​ជាមួយ​ក្មេង​ស្រី​រង​គ្រោះ ហើយ​ការ​សម្លាប់​នេះ​អាច​រំលោភ​បាន​សំរេច​ទើប​សម្លាប់​ជា​ក្រោយ (​សម្លាប់​ដោយ​កាច់​បំបាក់​ក​) ។ លោក​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ករណី​ឃាតកម្ម​លើ​ក្មេង​ស្រី​រង​គ្រោះ​ខាងលើ សមត្ថកិច្ច​ជំនាញ​អាច​កំណត់​មុខសញ្ញា​ជនល្មើស​បាន​ហើយ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ប្រភព​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ឈាន​ទៅ​ឃាត់ខ្លួន​ជនល្មើស​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ឲ្យ​ខាង​តែ​បាន​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ៕