វៀតណាម៖ អតីត​មេ​គិញ ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធានាធិបតី

សភាកុម្មុយនីស របស់សាធារណរដ្ឋសង្គមនិយមវៀតណាម បានធ្វើការជ្រើសតាំង​កាល​ពីថ្ងៃ​សៅរ៍​នេះ លោក ត្រាំង ដៃគ័ង (Tran Daï Quang) ជាប្រធានាធិបតីថ្មី របស់ប្រទេសវៀតណាម។ នៅក្នុង​អតីតកាល បុរស​ចំណាស់​រូប​នេះ ធ្លាប់ជា​នាយក​គ្រប់គ្រង ផ្នែកចារកម្មផ្ទៃក្នុង របស់​ប្រទេស។
វៀតណាម៖ អតីត​មេ​គិញ ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធានាធិបតី

លោក ត្រាំង ដៃគ័ង ស្បថចូលកាន់តំណែង ជាប្រធានាធិបតីថ្មី នៃប្រទេសវៀតណាម។ (រូបថតសារព័ត៌មានវៀតណាម)

តាមពិតទៅ ការជ្រើសតែងតាំង និងការស្បថចូលកាន់តំណែង នៅចំពោះរដ្ឋសភា របស់ប្រទេស​កុម្មុយនីស​មួយនេះ ធ្វើឡើងដើម្បីឲ្យបាន គ្រាន់តែជា«ទម្រង់»ប៉ុណ្ណោះ ព្រោះ«សមមិត្ត» ត្រាំង ដៃគ័ង (Tran Daï Quang) អាយុ​៥៩ឆ្នាំ គឺជាបេក្ខជនតែម្នាក់គត់ ដែលត្រូវបានស្នើសុំឡើង ដោយគណបក្សកុម្មុយនីស កាល​​ពី​មហា​សន្នីបាទ ក្នុងខែមករាកន្លងមក។ លោក ដៃគ័ង ត្រូវចូលមកជំនួស តំណែងជាងបួនឆ្នាំ របស់​លោក ទ្រឿង តឹងសាង (Truong Tan Sang) ដែល​បានផុតអណត្តិទៅ កាលពីថ្ងៃទី៣១ ខែមីនាថ្មីៗនេះ។

រីឯតំណែងនេះទៀតសោធ ក៏មិនមានសិទ្ធិសម្រេចអ្វីដែរ ដោយហេតុថា ប្រធានាធិបតី ត្រូវអប​ដោយ​មនុស្ស​ខ្លាំង​ពីរនាក់ទៀត ដើម្បីសម្រេចជោគវាសនា នៃការដឹកនាំប្រទេស។ បុរសខ្លាំងទាំងពីរនាក់ទៀតនោះ គឺ នាយករដ្ឋមន្ត្រី និងប្រធានបក្សកុម្មុយនីសវៀតណាម។

នៅក្នុងអតីតកាល លោក ត្រាំង ដៃគ័ង ជាឧត្ដមសេនីយ៍នគរបាល នៅក្រសួងមហាផ្ទៃ ទទួលបន្ទុកខាង សុវត្ថិភាព​សាធារណៈ និង«ចារកម្ម»។ ការជ្រើសរើស តែងតាំងលោក ដៃគ័ង ត្រូវបានអនុម័ត​ឲ្យ​ក្លាយ​ជា​ប្រធានាធិបតី​ទី៩ ដោយ ៤៦០​សម្លេង ពី​ក្នុង​ចំណោម ៤៦៥សម្លេង នៃរដ្ឋសភាវៀតណាមទាំងមូល៕

វៀតណាម៖ អតីត​មេ​គិញ ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធានាធិបតី