អ្នក​ជួញដូរ​គ្រឿងញៀន​ប្រុស​ស្រី​៣​នាក់ ​និង​គ្រឿងញៀន​១០​កញ្ចប់ ​ត្រូវ​បាន​បង្ក្រាប

អ្នក​ជួញដូរ​គ្រឿងញៀន​ប្រុស​ស្រី​៣​នាក់ ​និង​គ្រឿងញៀន​១០​កញ្ចប់ ​ត្រូវ​បាន​បង្ក្រាប



សៀមរាប​ ៖ ​មនុស្ស​ស្រី​ ប្រុស​៣​នាក់​ ​​និង​គ្រឿងញៀន​១០​កញ្ចប់​តូច​ ​ព្រម​ទាំង​សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​មួយ​​​ចំនួន​ធំ​ ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​​ ​សហការ​ជាមួយ​កម្លាំង​ការពារ​អន្តរាគមន៍​​ ​ចុះ​ធ្វើ​សកម្មភាព​បង្ក្រាប​ ​​កាលពី​ម៉ោង​២៤​​ឈាន​ចូល​ថ្ងៃ​ទី​​២ ខែ​មេសា ​ឆ្នាំ​២០១៦ ​​នៅ​ចំណុច​ក្រុម​ទី​១ ភូមិ​ស្លក្រាម សង្កាត់​ស្លក្រាម ក្រុង​សៀមរាប។

ជនសង្ស័យ​ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ពី​ករណី​ជួញដូរ​គ្រឿងញៀន ​មាន​​ ទី​១.ឈ្មោះ សុខ​វាសនា ​ហៅ​ស្នា ភេទ​ប្រុស ​កើត​​​ឆ្នាំ​១៩៩៣ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប ពី​បទ​ជួញដូរ ទី​២. ឈ្មោះ ស៊ុម សុ​ភ័​ណ្ឌ​ ហៅ​ង៉ា ភេទ ប្រុស កើត​​​ឆ្នាំ​
១៩៩៧ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​តាវៀន សង្កាត់​សាលាកំរើក ក្រុង​សៀមរាប ពី​បទ​ចាត់ចែង​ និង​សម្រួល ទី​៣. ឈ្មោះ​កា​ស្រី​ម៉ៅ ភេទ​ស្រី កើត​​​ឆ្នាំ​១៩៩២ មុខរបរ​បុគ្គលិក​ភោជនីយដ្ឋាន​ស្វាយមាស​ មាន​ទីលំនៅ​ភូមិ​អញ្ចាញ ​សង្កាត់​នគរធំ ​ក្រុង​សៀមរាប ពី​បទ​ប្រើប្រាស់។

លោក​វរសេនីយ៍ទោ អ៊ុំ​សា​អាត ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​បញ្ជាក់​ថា ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​បាន​ជា​បន្តបន្ទាប់​ហើយ​នោះ​ សមត្ថកិច្ច​បាន​ឆែកឆេរ រក​ឃើញ​មាន​ សារធាតុ​ញៀន​ប្រភេទ ម្សៅ​មេ​តំ​ហ្វេ​តា​មីន ហៅ​ម៉ា​ទឹកកក​ចំនួន​១០​កញ្ចប់​តូច ដែល​មាន​ទម្ងន់​ស្មើ​នឹង​២​ក្រាម​ ជញ្ជីង​ថ្លឹង​គ្រឿងញៀន​​១​គ្រឿង និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន ទូរស័ព្ទ​ចំនួន​៣​គ្រឿង ម៉ូតូ​ចំនួន​២​គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៣​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច ​កសាង​សំណុំរឿង​ បញ្ជូន​ទៅកាន់​សាលាដំបូង​នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែ​មេសា ឆ្នាំ​២០១៦​នេះ៕