មន្ត្រី​រាជរដ្ឋាភិបាល​មួយ​រូប ​រិះគន់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ លើ​សំណុំរឿង​ដូរ​ត្រកូល​ និង​ឈ្មោះ​កូន

មន្ត្រី​រាជរដ្ឋាភិបាល​មួយ​រូប ​រិះគន់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ លើ​សំណុំរឿង​ដូរ​ត្រកូល​ និង​ឈ្មោះ​កូន



ភ្នំពេញ​ ៖​ មន្ត្រី​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល​មួយ​រូប​ ដែល​ជា​ឪពុក​បង្កើត​ក្មេង​ប្រុស​អាយុ​៥​ម្នាក់​ បាន​សម្តែង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង និង​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​តវ៉ា​នឹង​ការ​ចេញ​សាលក្រម​មួយ​របស់ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​អនុញ្ញាត​ឲ្យ​ម្តាយ​ក្មេង​ប្រុស​ដូរ ​នាមត្រកូល និង​ឈ្មោះ ដោយ​គ្មាន​ការ​កោះហៅ​រូបលោក​ក្នុងនាម​លោក​ជា​ឪពុក​បង្កើត ដើម្បី​សួរនាំ​រឿង​នោះ​សូម្បី​បន្តិច​សោះឡើយ។

មន្ត្រី​ជាន់​ខ្ពស់​ ដែល​ជា​ឪពុក​បង្កើត​បាន​សម្តែង​ប្រតិកម្ម​ខ្លាំងៗ ​និង​ប្រឆាំង​តវ៉ា​ចំពោះ​សាលក្រម​របស់​តុលាការ​ ធ្វើឡើង​កាលពីដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៦​កន្លង​មក​នេះ ​ដោយ​ចៅក្រម​ឈ្មោះ វ៉េង ហ៊ត់ បាន​សម្រេច​ចេញ​សាលក្រម​អនុញ្ញាត​ឲ្យ អតីត​ភរិយា​របស់​លោក ដូរ​នាមត្រកូល និង​ឈ្មោះ​កូនប្រុស​របស់​លោក ដែល​មាន​អាយុ​៥​ឆ្នាំ។

ឪពុក​បង្កើត​ក្មេងប្រុស​បាន​ស្រែក​ទាំង​អារម្មណ៍​ឈឺចាប់​ថា “​ខ្ញុំ​មិន​ទទួលស្គាល់ ជាដាច់ខាត នូវ​ទង្វើ​ដ៏​អាក្រក់ របស់​ចៅក្រម គួរ​ណាស់​ហៅ​ខ្ញុំ​មក​សួរនាំ​សិន​”​។​ លោក​បន្ដថា​” ខ្ញុំ​ស្នើសុំ​ឲ្យ​តុលាការ​ជំនុំជម្រះ​សាជាថ្មី​លើ​សំណុំរឿង ដូរ​ឈ្មោះ​កូន​របស់ខ្ញុំ​” ។

ខ្ញុំ​ជា​ឪពុក​មានការ​ឈឺចាប់​យ៉ាង​ពន់ពេក និង​ប៉ះពាល់​អារម្មណ៍​យ៉ាង​ខ្លាំង​បំផុត ចំពោះ​ការសម្រេច​របស់​ចៅក្រម​​​​ ​ដែល​បាន​ធ្វើ​ទង្វើ​បែបនេះ ព្រោះ​បច្ចុប្បន្ន​នេះ​លោក​មាន កូនប្រុស​នេះ​តែ​ម្នាក់​គត់ ហើយ​ជា​កូន​ដែល​រូប​គាត់​ស្រឡាញ់​ខ្លាំង​បំផុត ស្មើ​កែវភ្នែក​ទាំង​ទ្វេ​របស់​លោក​ទៅទៀត​។ ក្នុងនាម​លោក​ជា​ឪពុក​ប្រកបដោយ គុណ​វិហារធម៌ ចំពោះ​កូន គួរ​ណាស់​ចៅក្រម វ៉េង ហ៊ត់ ធ្វើការ​កោះហៅ​រូបលោក ដើម្បី​សាកសួរ​រឿង​ផ្លាស់ប្ដូរ​ឈ្មោះ​កូន​ផង គឺ​គ្មាន​ការហៅ​សួរនាំ​សោះឡើយ​។​

មន្ដ្រីជាន់ខ្ពស់​ជា​ឪពុក​ក្មេងប្រុស​ ដែលមាន​ការឈឺចាប់​ចំពោះ​សាលក្រម របស់​តុលាការ​រូបនោះ បាន​បន្ដថា ការដែល​ធ្វើ​បែប​នេះ​ពី​សំណាក់​អតីត​ប្រពន្ធ​របស់ខ្ញុំ (​ប្រពន្ធ​បាន​លះលែងគ្នា​តាមផ្លូវ​ច្បាប់​ជាង​១​ឆ្នាំ​មកហើយ​)​​ ​ក្នុង​គោលបំណង​ដើម្បី​ចង់​ផ្តាច់​ពូជពង្សវង្សត្រកូល និង​មនោសញ្ចេតនា​របស់លោក​។ លោក​បញ្ជាក់ថា លើសពីនេះទៅទៀត​ ការ​ចេញ​សម្រេច​ចេញ​សាលក្រម​ដូរ​ត្រកូល និង​ឈ្មោះ​ក្មេង​នេះ ទំនង​អាចមាន​អំពើពុករលួយ និង​បក្ខពួកនិយម​ផងដែរ ព្រោះ​ទាំង​មេធាវី សេង សុ​វី​ណា និង​អតីត​ភរិយា​របស់​លោក មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ចៅក្រម​របស់ សាលាដំបូង​រាជធានី​ភ្នំពេញ​រូបនោះ​ទៀតផង​។​

លោក​បាន​បន្ថែមថា ខ្ញុំ​បានដាក់​ពាក្យបណ្តឹង​ប្តឹង​ប្រឆាំងនឹង​សាលក្រម​របស់ សាលាដំបូង​រាជធានី​ភ្នំពេញ សំណុំរឿង​រដ្ឋប្បវេណី លេខ​២១០ ចុះ​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ និង​បន្ត​ប្តឹង​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែលមាន​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ជា​ប្រធាន ដើម្បី​ជួយ​ស៊ើបអង្កេត​ករណី​ខាងលើនេះ​បន្ថែមទៀត៕