អ្នកទេសចររុស្ស៊ីម្នាក់ ត្រូវក្រពើហែកស៊ី ពេលចុះមុជទឹកសមុទ្រ

ឥណ្ឌូនេស៊ី៖ ពិតជាគួរឲ្យអនិច្ចា ទៅលើបុរសដែលជាភ្ញៀវទេសចរជនជាតិរុស្សីម្នាក់ ត្រូវបានស្លាប់ដោយសារតែ សត្វក្រពើមួយក្បាលបានហែកស៊ី ខណៈដែលបុរសរងគ្រោះបានចុះមុជទឹកសមុទ្រ។

សាកសពរបស់បុរសម្នាក់ ដែលគេអាចកំណត់អត្តសញ្ញាណបានថាឈ្មោះ Serey Lykhvar អាយុ៣៧ឆ្នាំ ត្រូវបានប្រទះឃើញសាកសពអណ្តែតទឹក ស្ថិតនៅភាគខាងលិច ឈៀងខាងកើតជាប់ព្រំប្រទល់ប្រទេស ប៉ាពូអាស៊ីនូវែលហ្គីណេ (Papua New Guinea) ។ 

ប្រភពបានឲ្យដឹងថា រូបគាត់បានបាត់ខ្លួន រយៈពេលមួយថ្ងៃទៅហើយ។ បើដូចសព្វដងវិញ គាត់តែងតែទៅណាមកណា ជាមួយនឹងក្រុមមគ្គុទេ្ទសក៍ទេសចរ និងមិត្តភក្តិជាច្រើននាក់ តែលើកនេះ គាត់បានចេញទៅមុជទឹកសមុទ្រតែម្នាក់ឯងនៅជុំវិញកោះ Minyaifun ។

ក្រោយមកក៏មានការទទួលបានដំណឹងថា សាកសពរបស់គាត់ត្រូវបានរកឃើញ ដែលស្ថិតនៅជាប់ក្បែរផ្ទាំងថ្ម ដាច់ស្រយាលមួយកន្លែង។ សាកសពរកឃើញនោះមានស្នាមខាំជាច្រើនកន្លែង និងបាត់បង់ផ្នែកខ្លះៗនៃរាងកាយ រួមទាំងផ្នែកត្រគាករបស់គាត់ផងដែរ។

លោក Prasetyo Budiarto ក្នុងចំណោមអ្នកជួយសង្រ្គោះបានឲ្យដឹងថា ក្រពើទឹកប្រៃដ៏ធំមួយក្បាល​​​ ត្រូវបានប្រទះឃើញ ហែលសំដៅមករកបុរសរងគ្រោះយឺតៗ រួចក៏ចាប់ផ្តើម ហក់ត្របាក់តែម្តង។ លោកបានបន្តថា៖ «ពួកយើងជឿជាក់ថា គាត់បានស្លាប់ដោយសារការវាយប្រហារ របស់សត្វក្រពើមួយក្បាលនោះ ជាក់ជាពុំខាន បើមើលទៅលើបំបែកសាកសព ដែលបានរកឃើញ និងស្នាមរបួសនៅលើរាងកាយរបស់គាត់» ។

យ៉ាងណាមិញ​ ក្រោយមកគេក៏បានទាក់ទងទៅកាន់ស្ថានទូតរុស្ស៊ីដើម្បីផ្តល់ដំណឹងទៅកាន់ក្រុមគ្រួសារនៃសព ដើម្បីមកទទួលត្រលប់ទៅស្រុកកំណើតវិញផងដែរ។

គួរបញ្ជាក់ដែរថា មានការស្លាប់ជាច្រើនដោយការវាយប្រហាររបស់សត្វក្រពើ ក្នុងប្រទេសឥណ្ឌូនេស៊ី និងអូស្រ្តាលី ដែលជាទីតាំងសំបូរទៅដោយពពួកសត្វបែបនេះរស់នៅ ដែលគេគិតថាជាកន្លែងដ៏គ្រោះថ្នាក់បំផុត

ប្រភព៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត