កោះ Phu Quoc (​កោះត្រល់​)​កំពុង​តែ​ទាក់ទាញ​វិនិយោគិន​បរទេស

ប្រទេស​វៀតណាម ៖ ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ Sun Group បាន​លក់​សណ្ឋាគារ​ខុន​ដូ និង​ផ្ទះ​វីឡា​របស់​ខ្លួន​នៅ​លើ​កោះ Phu Quoc (​កោះត្រល់​) ទៅ​ឲ្យ​វិនិយោគិន​នៅ​ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ កាលពី​ថ្ងៃ​ទី​២៧ មីនា កន្លង​មកនេះ ។

ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​នេះ បាន​ចាប់ផ្តើម​ដំណើរការ​លក់​គម្រោង​នានា បន្ទាប់​ពី​បាន​ទាក់ទាញ​វិនិយោគិន​នៅ​ក្នុងស្រុក និង​អន្តរជាតិ​ជាង​៥០០​នាក់ ។
វិនិយោគិន​មួយ​រូប លោកស្រី Huynh Thao មក​ពី​ស្រុក Phu Nhuan បានឱ្យ​ដឹង​ថា ៖ « លោកស្រី​បាន​បោះទុន​វិនិយោគ​លើ​គម្រោង​នេះ ដោយសារ​តែ​ក្រុមហ៊ុន Sun Group  មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ » ។

អគ្គនាយករង​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​ធំ​ជាងគេ​របស់​វៀតណាម Savills Viet Nam លោក Troy Griffiths បាន​លើក​ឡើង​ថា ៖ « គម្រោង​របស់​ក្រុមហ៊ុន​មាន​អត្ថប្រយោជន៍​ធំ​ៗ​ចំនួន​៤ គឺ​កម្រិតស្តង់ដា​អចលនទ្រព្យ​អន្តរជាតិ​, កម្រិត​នៃ​ការ​រចនា​ជាស​កល​, អ្នកគ្រប់គ្រង​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ និង​មាន​ទីតាំង​ដ៏​ល្អ ដែល​អាច​នឹង​ទទួល​បាន​ប្រាក់​ចំណេញ​ប្រកបដោយ​និរន្តរភាព ។ ទន្ទឹម​នឹង​នេះ សូ​ម្បី​តែ​វិនិយោគិន​មក​ពី​ប្រទេស​សិង្ហ​បុរី តៃវ៉ាន់ និង​ហុងកុង ក៏​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​គម្រោង​របស់​ក្រុមហ៊ុន​នេះ​ផង​ដែរ » ។

ចំណែក​លោក Marc Townsend អគ្គនាយក​ទូទៅ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​វៀតណាម CBRE ថ្លែង​ថា ៖ « ការ​វិនិយោគ​លើ​សណ្ឋាគារ​ខុន​ដូ បាន​និង​កំពុង​អភិវឌ្ឍន៍​នៅ​ក្នុង​ទីផ្សារ​អាស៊ី ក្នុង​រយៈពេល​ជាង​៣០​ឆ្នាំ​កន្លង​មកនេះ ជា​ពិសេស គឺ​ទីតាំង​ដែល​ល្បីឈ្មោះ​ដូច​ជា ភូ​កេ​ត (​ប្រទេស​ថៃ​) និង​កោះ​បាលី (​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​) ជាដើម ។ ហេតុនេះ​ហើយ​ទើប​ក្រុមហ៊ុន Sun Group ក៏​មាន​គម្រោង​ធ្វើ​សណ្ឋាគារ​ខុន​ដូ​នៅ​លើ​កោះ Phu Quoc ដ៏​ស្រស់​ស្អាត​នេះ ដែល​ស្ថិត​នៅ​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​ផង​ដែរ » ។

ទោះជា​យ៉ាងណា លោក Marc Townsend លើក​ឡើង​ថា ៖ « គម្រោង​របស់​ក្រុមហ៊ុន Sun Group បាន​ផ្តល់​នូវ​កាលានុវត្តភាព​ប្រកួតប្រជែង​និង​ផ្តល់​ប្រាក់​ចំណេញ​ដល់​វិនិយោគិន​ទាំងឡាយ ជាមួយនឹង​ការ​ធានា​ប្រាក់​ចំណេញ​៩% ក្នុង​រយៈពេល​១០​ឆ្នាំ ។ មិនតែប៉ុណ្ណោះ នៅ​លើ​ទីផ្សារ​អចលនទ្រព្យ​អន្តរជាតិ គឺ​គ្មាន​ការ​ផ្តល់​ឱកាស​ដ៏​ពិសេស​បែប​នេះ​ឡើយ » ៕