យុទ្ធ​ជន​រដ្ឋ​អ៊ិ​ស្លា​ម​52​នាក់​ត្រូវ​កងទ័ព​អីុ​រ៉ា​ក់​សម្លាប់

ប្រភព​ព័ត៌មាន​សន្តិសុខ​រាយការណ៍​ថា យុទ្ធ​ជន​រដ្ឋ​អ៊ិ​ស្លា​ម​យ៉ាងតិច​៥២​នាក់​បាន​ត្រូវ​ស្លាប់ កាលពី​ថ្ងៃ​ទី​២ មេ​សា ដោយសារ​ការ​វាយប្រហារ​តាម​អាកាស និង​ការ​ប្រយុទ្ធ​គ្នា​ជាមួយ​កងកម្លាំង​សន្តិសុខ​អីុ​រ៉ា​ក់​នៅ​ជុំវិញ​ទីក្រុង HEET ជាទី​ក្រុង​មួយ​នៃ​ខេត្ត​អាន​បា ភាគ​ខាងលិច​ប្រទេស ។

ប្រភព​ព័ត៌មាន​សន្តិសុខ​នេះ​ថ្លែង​ថា នៅ​ខេត្ត​អាន​បា​កងកម្លាំង​សន្តិសុខ​អីុ​រ៉ា​ក់ និង​បណ្តា​យុទ្ធ​ជន​កុលសម្ព័ន្ធ​ស៊ុន​នី​ត​បាន​វាយ​រុលទៅមុខ​ឆ្ពោះទៅ​កាន់​ទីក្រុង HEET ជាទី​ក្រុង​មួយ​ស្ថិត​នៅ​ចម្ងាយ​១៦០​គីឡូម៉ែត្រ ខាងលិច​ក្រុង​បា​ដា​ដ ហើយ​បាន​វាយ​យក​បាន​ស្រុក AL-MA’MIL ភាគ​ខាងកើត​ក្រុង HEET ក្រោយ​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ស្វិតស្វាញ​ជាមួយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ ប្រភព​ដដែល​នេះ​បន្ត​ថា ជន​ស៊ី​វិល​ជា​ច្រើន​ពាន់​នាក់​ជាប់​ក្នុង​តំបន់​មានការ​ប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​អីុ​រ៉ា​ក់ និង​ពួក​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

ពួក​អ្នក​ជំនាញការ​ខាង​គ្រឿងផ្ទុះ​បាន​ដោះ​យក​គ្រាប់បែក​ជា​ច្រើន​សិប​គ្រាប់​ចេញពី​ចិញ្ចើមថ្នល់ ព្រមទាំង​បណ្តា​គ្រឿងផ្ទុះ​ដាក់​ក្នុង​រថយន្ត និង​អគារ​នានា ។

ក្នុង​ខេត្ត​ដដែល​នេះ កង​យន្តហោះ​របស់​ក្រុមចម្រុះ​នាំមុខ ដោយ​សហរដ្ឋអាមេរិក​ទម្លាក់​គ្រាប់បែក​លើ​ទីតាំង​ទាំងឡាយ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ក្នុង​តំបន់​អាល់​ប៊ូ​បាលី អាល់​ប៊ូស៊ី​បា​ហ៍ និង​អាល់​ប៊ូស៊ី​ហ្ស៊ី​ល ស្ថិត​នៅ​ចម្ងាយ​១១០​គីឡូម៉ែត្រ​ខាងលិច​ក្រុង​បា​ដា​ដ បណ្តាល​ឱ្យ​ស្លាប់​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​យ៉ាងតិច​៣៥​នាក់ ។

នៅ​ខេត្ត​សាឡា​ហ៊ូ​ឌី​ន យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ជា​ច្រើន​សិប​នាក់​កាលពី​យប់​ថ្ងៃ​ទី​១ មេ​សា បាន​វាយប្រហារ​លើ​ទីតាំង​យោធា​ទាំងឡាយ​នៅ​តំបន់​ហ្វា​ត​ហា ក៏​ប៉ុន្តែ​ត្រូវ​វាយ​រុញច្រាន ដោយ​កងទ័ព​អីុរ៉ា​ក់ ។

ម្យ៉ាងវិញទៀត បណ្តា​អ្នក​ទទួលខុសត្រូវ​អីុ​រ៉ា​ក់រាយ​ការណ៍​កាលពី​ថ្ងៃ​ទី​២ មេ​សា ថា កងទ័ព​អីុ​រ៉ា​ក់​វាយ​រំដោះ​បាន​អ្នកទោស​ជា​ច្រើន​សិប​សាក់ ដែល​ជាប់​ឃុំឃាំង​ក្នុង​គុក​ក្រោម​ដី​មួយ​កន្លែង​គ្រប់គ្រង​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ក្នុង​ឱកាស​នៃ​ការ​វាយលុក ដើម្បី​ដណ្តើម​យក​មូលដ្ឋាន​មួយ​នៅ​ភាគ​ខាងលិច​ប្រទេស​ពី​កណ្តាប់ដៃ​ពួក​ជី​ហា​ដ ។ ពេល​កងទ័ព​វាយលុក​រំដោះ​ទីក្រុង HEET ក៏​បាន​រក​ឃើញ​គុក​ធំ​មួយ​នៅ​ក្រោម​ដី​ដែល​ឃុំឃាំង​មនុស្ស​ប្រមាណ​ជា​១.៥០០​នាក់ ភាគច្រើន​ជា​ជន​ស៊ី​វិល ៕