ផ្ទុះ​ការ​ប្រយុទ្ធ​គ្នា​ទៀត​ហើយ​ក្នុង​តំបន់​បំបែក​ខ្លួន​HAUT-KARABAKH​រវាង​កងទ័ព​អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់

ទាហាន​យ៉ាងតិច​៣០​នាក់​ស្លាប់​នៅ​តាម​ព្រំដែន​នៃ​តំបន់​បំបែក​ខ្លួន HAUT-KARABAKH ក្រោយ​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំងក្លា កាលពី​យប់​ថ្ងៃ​ទី​១ មក​ទី​២ មេ​សា រវាង​កងទ័ព​អា​ស៊ែ​បៃ​ហ្ស​ង់ និង​កងទ័ព​អា​មេ​នី ។

ប្រធានាធិបតី​អា​មេ​នី លោក SERGE SARKISSIAN ក្នុង​សង្កថា​តាម​ទូរទស្សន៍​មួយគូ​សបញ្ជាក់​ថា នេះ​ជា​ការ​ប្រយុទ្ធ​គ្នា​ធ្ងន់ធ្ងរ​បំផុត​ចាប់តាំងពី​បទ​ឈប់​បាញ់​គ្នា​រវាង​ក្រុង​យ៉េ​រ៉េ​វ៉ា​ន និង​ក្រុង​បា​គូ កាលពី​ឆ្នាំ​១៩៩៤​មក ។

ក្នុង​សេចក្តី​ប្រកាស​មួយ​ក្រសួង​ការពារ​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់​ថ្លែង​ថា ខាងយើង​ទាហាន​១២​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា ហើយ​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ត្រូវ​កងទ័ព​អា​មេ​នី​បាញ់​ធ្លាក់ ។ ចំណែក​ប្រមុខរដ្ឋ​អា​មេ​នី​អះអាង​ថា ទាហាន​អា​មេ​នី​មាន​ស្លាប់​១៨​នាក់ ហើយ​ប្រមាណ​ជា​៣៥​នាក់​ទៀត​រង​របួស ។ ក្រុង​យ៉េ​រ៉េ​វ៉ា​ន ក៏​រាយការណ៍​ផង​ដែរ ពី​ការ​ស្លាប់​ក្មេង​ប្រុស​ម្នាក់​អាយុ​១២​នាក់ ដោយសារ​គ្រាប់កាំភ្លើង​ធំ រួច​ជន​ស៊ី​វិល​២​នាក់​ទៀត​រង​របួស​ក្នុងភូមិ​មួយ​តាម​ព្រំដែន ។

យោង​តាម​អាជ្ញាធរ​នៃ​តំបន់​បំបែក​ខ្លួន​នេះ គាំទ្រ​ដោយ​អា​មេ​នី​ថា ជន​ស៊ី​វិល​សរុប​៧​នាក់​បាន​ត្រូវ​របួស ។ ខាង​ក្រុង​បា​គូ​គូសបញ្ជាក់​ថា ជន​ស៊ី​វិល​ម្នាក់​ក៏​ត្រូវ​ស្លាប់​ដែរ ខាង​អា​ស៊ែ​បៃ​ហ្ស​ង់ ។

យោង​តាម​ក្រុង​យ៉េ​រ៉េ​វ៉ា​ន​ថា អា​ស៊ែ​បៃ​ហ្ស​ង់​កាលពី​យប់​ថ្ងៃ​ទី​១ មេ​សា បាន​ធ្វើការ​វាយប្រហារ​ធំ​មួយ​នៅ​តាម​ព្រំដែន​តំបន់ HAUT-KARABARK មាន​ជនជាតិ​អា​មេ​នី​ភាគច្រើន ដែល​ប្រកាស​ជា​ឯកតោភាគី​នូវ​ឯករាជ្យ​ភាព​ដាច់​ចេញពី​អា​ស៊ែ​បៃ​ហ្ស​ង់​កាលពី​ឆ្នាំ​១៩៨៨ ។ ក្នុង​ការ​វាយប្រហារ​នេះ អា​ស៊ែ​បៃ​ហ្ស​ង់​បាន​ប្រើ​រថក្រោះ កាំភ្លើង​ធំ និង​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ តែ ក្រុង​បា​គូ​បដិសេធ​ភ្លាម​ៗ​ដោយ​អះអាង​ថា កងទ័ព​របស់​ខ្លួន​គ្រាន់តែ​ឆ្លើយ​តប​ចំពោះ​ការ​វាយលុក​មួយ​របស់​អា​មេ​នី​ប៉ុណ្ណោះ ។

អ្នកនាំពាក្យ​ក្រសួង​ការពារ​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់ លោក VAGUIF DIARGAKHLI ប្រកាស​នា​ថ្ងៃ​ទី​២ មេ​សា វេលា​ម៉ោង​២៣​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក​ថា រយៈពេល​២​ម៉ោង​ចុង​ក្រោយ​នេះ សភាពការណ៍​លើ​ខ្សែបន្ទាត់ ដែល​មានការ​ប៉ះទង្គិច​គ្នា​វិល​មក​ស្ងប់ស្ងាត់​ឡើង​វិញ ដោយ​ការ​ប្រយុទ្ធ​គ្នា​បាន​បញ្ចប់ ។

ចំណែក​ក្រុង​យ៉េ​រ៉េ​វ៉ា​ន​វិញ​អះអាង​ថា ធ្វើ​ឱ្យ​សភាពការណ៍​វិល​មក​ស្ថិត​ក្រោម​ការ​ត្រួត​វិញ តែ​យល់​ថា សភាពការណ៍​នៅ​តែ​តានតឹង​ខ្លាំង ។

ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន អំពាវនាវ​ដល់​ភាគី​ទាំង​២​ឱ្យ​ឈប់​បាញ់​គ្នា​ជា​បន្ទាន់ ហើយ​ឱ្យ​ប្រកាន់​យក​ការ​អត់ធ្មត់ ។ លោក​សម្តែង​នូវ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ព័ត៌មាន​អំពី​ការ​ប្រទូស្ត​រ៉ា​យ​គ្នា​នេះ ។ រួច​ក្រសួងការបរទេស​រុ​ស្ស៊ី​ក៏​អំពាវនាវ​ផង​ដែរ​ឱ្យ​បញ្ឈប់​រាល់​រូបភាព​នៃ​អំពើ​ហិង្សា​ក្នុង​តំបន់ ។

ជម្លោះ​នៅ​តំបន់​ភ្នំ HAUT-KARABAKH កើត​មាន​កាលពី​ខែកុម្ភៈ ឆ្នាំ​១៩៨៨ ពេល​តំបន់​ស្វយ័ត​នោះ​មាន​ជនជាតិ​អាល់​បា​នី​ភាគច្រើន​ប្រកាស​ពី​ចេតនា​បំបែក​ខ្លួន​ចេញពី​សាធារណរដ្ឋ​សូ​វៀត អា​ស៊ែ​បៃ​ហ្ស​ង់ ។ ការ​ប្រទូស្ត​រ៉ា​យ​គ្នា​នៅ​តំបន់ HAUT-KARABAKH បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ប្រមាណ​ជា​១៥.០០០​នាក់ ហើយ​បង្ខំ​ឱ្យ​មនុស្ស​ជិត​១​លាន​នាក់​ចាក​ចេញពី​លំនៅ​ឋាន​របស់​ខ្លួន ។ បទ​ឈប់​បាញ់​គ្នា​ដែល​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​១២ ឧសភា ឆ្នាំ​១៩៩៤ នៅ​ទីក្រុង​ប៊ី​ស្កេ​ក ប្រទេស​កៀ​ហ្ស៊ី​ស៊ី​ស្ថាន ត្រូវ​បាន​រំលោភ​បំពាន​ជា​ច្រើន​លើក​ដោយ​ប្រទេស​ទាំង​២ ។ ដំណោះស្រាយ​ដោយ​សន្តិវិធី​នៃ​ជម្លោះ​នេះ​ជា​កម្មវត្ថុ​នៃ​ការ​ចរចា​ចាប់តាំងពី​ឆ្នាំ​១៩៩២​មក ក្នុង​ក្រប​ខណ្ឌ​នៃ​ក្រុម​មី​ស្ក៍​របស់​អង្គការ​ដើម្បី​សន្តិសុខ និង​កិច្ច​សហប្រតិបត្តិការ​នៅ​អឺរ៉ុប OSCE ដឹកនាំ​រួម​គ្នា​ដោយ​សហរដ្ឋអាមេរិក រុ​ស្ស៊ី និង​បារាំង ។

ចំពោះ​ការ​ផ្ទុះ​ជម្លោះ​នេះ​ជា​ថ្មី​ក្រសួង​ការពារ​ប្រទេស​អា​មេ​នី​អះអាង​ថា បាន​រៀបចំ​បណ្តា​យន្តហោះ​ប្រយុទ្ធ​ធុន S-25 របស់​ខ្លួន​ដែល​បាន​ទៅ​ដល់​ព្រ​លាន​យន្តហោះ EREBOUNI ក្រុង​យ៉េ​រ៉េ​វ៉ា​ន​ហើយ ។ ទន្ទឹម​នឹង​នេះ កងឯកភាព​ស្ម័គ្រចិត្ត​មួយ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ទីក្រុង STEPANAKERT រដ្ឋធានី​តំបន់ HAUT-KARABAKH ដែល​កងឯកភាព​នោះ​ត្រូវ​បញ្ជូន​ទៅ​កាន់​តំបន់​មាន​ជម្លោះ ។

ក្រសួង​ការពារ​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់ មុន​នេះ​ប្រកាស​ថា កងទ័ព​អា​ស៊ែ​បៃ​ហ្ស​ង់​បាន​ត្រួតត្រា​ទីតាំង​ជា​ច្រើន​នៅ​ដែនដី HAUT-KARABAKG ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា ក្នុង​តំបន់​មាន​ជម្លោះ​នេះ​រវាង​ប្រទេស​ទាំង​២ ។ ក្រសួង​នេះ​ក៏​ប្រកាស​ផង​ដែរ​ថា កងទ័ព​អា​មេ​នី​រង​ការ​ខាតបង់​ធ្ងន់ធ្ងរ ក្នុង​នោះ​មាន​រថក្រោះ​៦​គ្រឿង កាំភ្លើង​ធំ​១៥​ដើម និង​ទាហាន​ជាង​១០០​នាក់ ។ ក៏​ប៉ុន្តែ​ក្រសួង​ការពារ​ប្រទេស​អា​េ​ម​នី​បាន​បដិសេធ​ព័ត៌មាន​ទាំងនេះ​ដោយ​អះអាង​ថា គ្មាន​ការ​ពិត​ឡើយ ៕