រក​ឃើញ​រណ្តៅ​កប់ស​ពរួម​មួយ​នៅ​ក្រុង​PALMYRE​ស៊ី​រី

កងទ័ព​ស៊ី​រី​ប្រកាស​នា​ថ្ងៃ​ទី​២ មេ​សា ពី​ការ​រក​ឃើញ​ក្នុង​ទីក្រុង PALMYRE នូវ​រណ្តៅ​កប់ស​ពរួម​មួយ​ដែល​មាន​សាកសព​មនុស្ស​៤២​នាក់ ត្រូវ​សម្លាប់​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

សហរដ្ឋ​អា​មេ​រិ​កបាន​សន្យា​ថា ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នឹង​ត្រូវ​បង់​តម្លៃ​ចំពោះ​ឧក្រិដ្ឋកម្ម​របស់​ខ្លួន ។ ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម លោក ABOU BAKR AL BAGHDADI កំពុង​ត្រូវ​អាមេ​រិ​កតាម​រក​យ៉ាង​សកម្ម រួច​អា​មេ​រិ​ក​អះអាង​ថា ជន​លេខ​២​របស់​ក្រុម​ជី​ហា​ដ​នេះ​ឈ្មោះ ABDEL RAHMANE AL QADOULI ត្រូវ​សម្លាប់ ហើយ ។

ក្រុមចម្រុះ​អន្តរជាតិ​នាំមុខ​ដោយ​សហរដ្ឋ​អា​មេ​រិ​កបាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី និង​នៅ​អីុ​រ៉ា​ក់​ទន្ទឹម​នឹង​ប្រតិបត្តិការ​របស់​កងទ័ព​ស៊ី​រី និង​សម្ព័ន្ធមិត្ត​រុ​ស្ស៊ី​ប្រឆាំង​ពួក​ជី​ហា​ដ ។

ប្រភព​យោធា​ស៊ី​រី​មួយ​អះអាង​ប្រាប់ AFP ថា នៅ​ទីក្រុង PALMYRE ភាគ​កណ្តាល​ប្រទេស ដែល​កងទ័ព​ក្រុង​ដា​ម៉ាស់​វាយ​យក​បាន​វិញ​ពី​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​កាលពី​ថ្ងៃ​ទី​២៧ មីនា កងទ័ព​បាន​រក​ឃើញ​រណ្តៅ​កប់ស​ពរួម​មួយ​មាន​សាកសព​ជន​ស៊ី​វិល​២៤​នាក់ ក្នុង​នោះ​មាន​កុមារ​៣​នាក់ និង​សាកសព​ទាហាន​១៨​នាក់ ។

យោង​តាម​ប្រភព​នេះ និង​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH ថា នោះ​ជា​សាកសព​របស់​បណ្តា​នាយទាហាន និង​សមាជិកគ្រួសារ​ពួក​គេ​ដែល​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​សម្លាប់​ពេល​លុក​ចូល​កាន់កាប់​ទីក្រុង​នេះ កាលពី​ខែឧសភា ឆ្នាំ​២០១៥ ។

ប្រភព​នេះ​បញ្ជាក់​ទៀត​ថា កងទ័ព​កំពុង​តាម​រក​រណ្តៅ​កប់ស​ពរួម​ឯទៀត​ៗ ។ នាយក​អង្គការ OSDH លោក​អាប់​ដែល​រ៉ា​ហ៍ ម៉ា​ន់ អះអាង​ប្រាប់ AFP ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​សម្លាប់​មនុស្ស​យ៉ាងតិច​២៨០​នាក់ ពេល​លុក​ចូល​កាន់កាប់​ទីក្រុង​បុរាណ PALMYRE ។ ពួក​ជី​ហា​ដ​ក៏​បំផ្លាញ​រតនសម្បត្តិ​ស្ថាបត្យកម្ម​ជា​ច្រើន​នៃ​ទីក្រុង​នេះ​ដែល​គេ​ហៅ​ទីក្រុង​គុ​ជ​ផង​ដែរ ៕