ក្រុម​យុវជន​នគរ​រាជ​ផ្តល់​សម្ភារៈ​សិក្សា​ដល់​កុមារ​ក្រីក្រ​នៅ​ឃុំ​ជីផាត​ខេត្ត​កោះកុង

ក្រុម​យុវជន​នគររាជ និង​សមាជិក​គាំទ្រ បង្កើត​កម្មវិធី​ដំណើរ​កម្សាន្ត​មនុស្សធម៌ ដើម្បី​ប្រមូល​ថវិកា​ទិញ​សម្ភារៈ​សិក្សា និង​កង់ ជាដើម យក​ទៅ​ចែក​ជូន​កុមារ​ស្ថិត​ក្នុង​គ្រួសារ​ក្រីក្រ នៅ​ឃុំ​ជីផាត ស្រុក​ថ្មបាំង ខេត្ត​កោះកុង។ ពួក​គេ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ពិសេស​យុវជន​ទាំង​នៅ​ក្នុង និង​ក្រៅ​ប្រទេស ឲ្យ​ចូលរួម​ការងារ​មនុស្សធម៌ ដើម្បី​បន្ត​សកម្មភាព​នេះ​ឲ្យ​បាន​ទូលំទូលាយ​ថែម​ទៀត។

អាជ្ញាធរ និង​អាណាព្យាបាល​នៅ​សាលា​បឋម​សិក្សា​ឧបសម្ព័ន្ធ​អូរ​កី ឃុំ​ជីផាត ថ្លែង​សាទរ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​របស់​ក្រុម​យុវជន​វ័យ​ក្មេង និង​សមាជិក​គាំទ្រ ចំពោះ​កាយវិការ​មនុស្សធម៌​នេះ។

ក្រុម​យុវជន​នគររាជ​ដែល​មាន​ពាក់​មួក​ស្លឹក​ត្នោត មួក​ក្រណាត់ និង​អាវ​យឺត​មាន​ស្លាក​សញ្ញា​ប្រាសាទ​អង្គរវត្ត និង​សរសេរ​អក្សរ «នគរ​រាជ» បាន​ទៅ​ដល់​សហគមន៍​អេកូ​ទេសចរណ៍​ជីផាត ស្រុក​ថ្មបាំង ខេត្ត​កោះកុង ក្នុង​ដំណើរ​កម្សាន្ត​មនុស្សធម៌​រយៈពេល ៣​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ខែ​មីនា។

ពួក​គេ​បាន​នាំ​យក​សម្ភារៈ​សិក្សា និង​សម្ភារៈ​មួយ​ចំនួន​ទៀត ផ្តល់​ជូន​កុមារ​តូចៗ​ស្ថិត​ក្នុង​គ្រួសារ​ក្រីក្រ និង​ផ្តល់​ជូន​សាលា​បឋម​សិក្សា​ឧបសម្ព័ន្ធ​អូរ​កី នា​តំបន់​ដាច់​ស្រយាល​មួយ​នេះ។

យុវជន​ឈ្មោះ សារម្យ គុណ្ណាស័ក្តិ ដែល​សាធារណជន​ទូទៅ​ស្គាល់​ថា​ជា ឌីជេ​អាចារ្យ​ធំ តំណាង​ក្រុម​យុវជន «នគរ​រាជ» បាន​ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​យក​ព័ត៌មាន​វិទ្យុ និង​ទូរទស្សន៍​អាស៊ីសេរី ថា គោល​បំណង​យុវជន​ពួក​គេ គឺ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​កុមារ​នៅ​តាម​ទី​ដាច់​ស្រយាល ដែល​ខ្វះ​សម្ភារៈ​សិក្សា និង​មធ្យោបាយ​ធ្វើ​ដំណើរ​ពី​ផ្ទះ​ទៅ​សាលា​រៀន ជាដើម។ លោក​ឲ្យ​ដឹង​ថា នៅ​ក្នុង​ដំណើរ​កម្សាន្ត​មនុស្សធម៌​ចុះ​ទៅ​ដល់​សហគមន៍​អេកូ​ទេសចរណ៍​ជីផាត ពួក​គេ​បាន​នាំ​យក​សម្ភារៈ​សិក្សា និង​ចែក​កង់​ជូន​កុមារ​តូចៗ​ចំនួន ២៨​នាក់ រៀន​នៅ​សាលា​បឋម​សិក្សា​ឧបសម្ព័ន្ធ​អូរ​កី។ ជាមួយ​គ្នា​នេះ ក៏​បាន​ផ្តល់​ម៉ាស៊ីន​ភ្លើង ខ្លោងទ្វារ​សាលា ធុង ឬ​អាង​ស្តុក​ទឹក បង្គន់​អនាម័យ និង​កុំព្យូទ័រ​ជាដើម ជូន​គ្រូបង្រៀន​នៅ​សាលា​នេះ​ទុក​សម្រាប់​ប្រើប្រាស់​ការងារ​ប្រចាំ​ថ្ងៃ។

យុវជន ឌីជេ​អាចារ្យ​ធំ បាន​ផ្ដាំ​ដល់​យុវជន​ទូទៅ ត្រូវ​ជៀស​ឲ្យ​ផុត​ពី​គ្រឿង​ញៀន ហើយ​ងាក​មក​សិក្សា​ជំនាញ​ផ្សេងៗ ព្រម​ទាំង​ចូលរួម​ការងារ​មនុស្សធម៌​ឲ្យ​បាន​ច្រើន ដើម្បី​ចែក​រំលែក​ទុក្ខ​លំបាក​មនុស្ស​ដែល​មាន​ជីវភាព​ខ្វះ​មុខ​ខ្វះ​ក្រោយ​ជាមួយ​យុវជន​នគរ​រាជ ឬ​ក្រុម​មនុស្សធម៌​ផ្សេង​ទៀត៖ «ក្រុម​យើង​បាន​នាំ​យក​នូវ​សម្ភារៈ​ដូចជា កង់ និង​សម្ភារៈ​ផ្សេង​ទៀត​ចែក​ជូន​ដល់​ប្អូនៗ​កុមារ​តូចៗ ស្ថិត​ក្នុង​គ្រួសារ​ក្រីក្រ​រៀន​នៅ​សាលា​បឋម​សិក្សា​ឧបសម្ព័ន្ធ​អូរ​កី ឃុំ​ជីផាត ស្រុក​ថ្មបាំង»

យុវជន គុណ្ណាស័ក្តិ ឬ ឌីជេ​អាចារ្យ​ធំ ជា​ស្ថាបនិក​ម្នាក់​ដឹក​នាំ​ក្រុម​យុវជន «នគរ​រាជ» បញ្ជាក់​ថា ថវិកា​ទិញ​សម្ភារៈ​សិក្សា និង​សម្ភារៈ​ផ្សេងៗ​ដែល​ក្រុម​យុវជន​នគរ​រាជ ទិញ​ចែក​ជូន​ដល់​កុមារ​រៀន​នៅ​សាលា​បឋម​សិក្សា​ឧបសម្ព័ន្ធ​អូរ​កី ឃុំ​ជីផាត មួយ​ផ្នែក​បាន​មក​ពី​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស និង​មួយ​ផ្នែក​ទៀត បាន​មក​ពី​លក់​មួក និង​អាវ​យឺត​មាន​រូប​សញ្ញា​ប្រាសាទ​អង្គរវត្ត មាន​ស្លាក​ទង់ជាតិ​ខ្មែរ ឬ​មាន​សរសេរ​អក្សរ​នគរ​រាជ ជាដើម។

ឌីជេ​អាចារ្យ​ធំ បញ្ជាក់​អត្ថន័យ​អក្សរ​សរសេរ​នៅ​លើ​មួក និង​អាវ​យឺត ថា​មាន​បំណង​ចង់​បង្ហាញ​អំពី​អត្តសញ្ញាណ​ជាតិ​ខ្មែរ ពិសេស​វប្បធម៌​ខ្មែរ​ជូន​ដល់​ប្រជាពលរដ្ឋ យុវជន និង​ជាពិសេស​ភ្ញៀវ​ទេសចរ​អន្តរជាតិ ឲ្យ​បាន​ស្គាល់​ពី​អត្តសញ្ញាណ​ខ្មែរ និង​បទ​ភ្លេង​គោរព​ទង់​ជាតិ គឺ​បទ​នគរ​រាជ ឲ្យ​បាន​ទូលំទូលាយ​ថែម​ទៀត៖ «ក្រុម​យុវជន​នគរ​រាជ​របស់​យើង បាន​រួម​ដំណើរ​ជាមួយ​សប្បុរសជន​ជាច្រើន មាន​ទាំង​អាជីវករ សិស្ស​និស្សិត និង​សប្បុរសជន ព្រម​ទាំង​ក្រុម​ការងារ​យុវជន​នគរ​រាជ​ច្រើន​ទៀត គឺ​បាន​ធ្វើ​ដំណើរ​មក​ដល់​សហគមន៍​អេកូ​ទេសចរណ៍​ជីផាត ស្រុក​ថ្មបាំង ក្នុង​ដំណើរ​កម្សាន្ត​មនុស្សធម៌»

សិស្ស​សាលា​ឧបសម្ព័ន្ធ​អូរ​កី កោះកុង ២០១៦ ៨៥៥
សិស្ស​នៃ​សាលា​បឋម​សិក្សា​ឧបសម្ព័ន្ធ​អូរ​កី ឃុំ​ជីផាត ស្រុក​ថ្មបាំង ខេត្ត​កោះកុង ទទួល​បាន​កង់ និង​សម្ភារៈ​សិក្សា​ពី​ក្រុម​យុវជន​នគរ​រាជ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Den Ayuthyea

សមាជិក​គាំទ្រ​ក្រុម​យុវជន​នគរ​រាជ លោកស្រី ឆាយ ឌីណា ដែល​បាន​ចូលរួម​ជិះ​កង់​ក្នុង​ដំណើរ​កម្សាន្ត​មនុស្សធម៌​ជាមួយ​យុវជន​នគរ​រាជ កាល​ពី​ចុង​ខែ​មីនា បាន​ចាត់​ទុក​សកម្មភាព​ក្រុម​យុវជន​នគរ​រាជ ថា​បាន​ចូលរួម​ចំណែក​ជួយ​ចែក​រំលែក​ទុក្ខ​លំបាក​ដល់​ពលរដ្ឋ​ក្រីក្រ ពិសេស​ចូលរួម​ជំរុញ​ឲ្យ​កុមារ​ក្រីក្រ​នៅ​តាម​ជនបទ ឲ្យ​ទទួល​បាន​ការ​អប់រំ​ទាំងអស់​គ្នា។ អ្នក​ជំនួញ​ស្រស់​សោភា​រូប​នេះ បង្ហាញ​ទឹក​ចិត្ត​គាំទ្រ​សកម្មភាព​របស់​ក្រុម​យុវជន​នគរ​រាជ ទាំង​ថវិកា និង​ស្មារតី ដោយ​អះអាង​ថា នឹង​បន្ត​គាំទ្រ​កម្មវិធី​មនុស្សធម៌​ជួយ​ដល់​កុមារ​ក្រីក្រ​នៅ​តាម​ទី​ជនបទ​នា​ថ្ងៃ​ខាង​មុខ​បន្ត​ទៀត៖ «ខ្ញុំ​អ្នក​ភ្នំពេញ ហើយ​ក៏​ជា​លើក​ដំបូង​ដែរ​ដែល​ខ្ញុំ​បាន​ចុះ​មក​ដល់​សហគមន៍​ជីផាត ក្នុង​ដំណើរ​មនុស្សធម៌​ដល់​កុមារ​ក្រីក្រ​នៅ​ទី​ជនបទ​ដាច់​ស្រយាល ដែល​ខ្វះខាត​សម្ភារៈ​សិក្សា»

ចំណែក​អ្នក​និពន្ធ ឬ​អ្នក​ចងក្រង​សៀវភៅ​ឈ្មោះ អាណាចក្រ​អង្គរ និង​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប គឺ​យុវជន ហែម សោភ័ន្ត ក៏​បង្ហាញ​ការ​គាំទ្រ​សកម្មភាព​មនុស្សធម៌​របស់​ក្រុម​យុវជន​នគរ​រាជ ជួយ​ដល់​កុមារ​ក្រីក្រ​នៅ​តាម​ទី​ជនបទ​នេះ​ដែរ។ អ្នក​ចងក្រង​ប្រវត្តិសាស្ត្រ​វ័យ​ក្មេង​រូប​នេះ ក៏​បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ចូលរួម​ទិញ​កង់ និង​សម្ភារៈ​សិក្សា ផ្តល់​ជូន​កុមារ​ក្រីក្រ​រៀន​នៅ​សាលា​បឋម​សិក្សា​ឧបសម្ព័ន្ធ​អូរ​កី ដើម្បី​ចែក​រំលែក​ទុក្ខ​លំបាក​របស់​អាណាព្យាបាល​សិស្ស ដោយ​សន្យា​ថា នឹង​ចូលរួម​គាំទ្រ​សកម្មភាព​នេះ​បន្ត​ទៀត​នៅ​ថ្ងៃ​អនាគត៖ «ខ្ញុំ​រីករាយ និង​ពេញ​ចិត្ត​សកម្មភាព​មនុស្សធម៌ ហើយ​បាន​ចុះ​មក​ចែក​សម្ភារៈ​សិក្សា​ដល់​កុមារ​តូចៗ​ស្ថិត​ក្នុង​គ្រួសារ​ក្រីក្រ នៅ​តំបន់​ដាច់​ស្រយាល​ឃុំ​ជីផាត ពេល​នេះ។ ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ បង្ហាញ​ទឹក​មុខ និង​ទឹក​ចិត្ត​រីករាយ​ចំពោះ​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ ដែល​ចូល​មក​ដល់​តំបន់​មួយ​នេះ»

ស្រដៀង​គ្នា​ដែរ កញ្ញា ចំប៉ី មាសបង ជា​អ្នក​រស់នៅ​រាជធានី​ភ្នំពេញ ដែល​បាន​ចូលរួម​ជិះ​កង់​ក្នុង​ដំណើរ​កម្សាន្ត​មនុស្សធម៌​នៅ​តំបន់​អេកូ​ទេសចរណ៍​ធម្មជាតិ​ជីផាត ទើប​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា ថ្លែង​ថា នឹង​បន្ត​ចែក​រំលែក​ថវិកា​ដែល​ទទួល​បាន​ពី​ការ​ធ្វើ​ជំនួញ​របស់​ខ្លួន ដើម្បី​ចូលរួម​ការងារ​មនុស្សធម៌​នេះ​ត​ទៅ​ទៀត។ ចំប៉ី បង្ហាញ​ទឹក​ចិត្ត​ថា នៅ​ពេល​បាន​ចូលរួម​ធ្វើ​បុណ្យ​ទាន ឬ​ចែក​រំលែក​ការ​ខ្វះខាត​ដល់​ពលរដ្ឋ​ក្រីក្រ ឬ​អ្នក​មាន​ជីវភាព​ខ្វះខាត​ជាង​ខ្លួន ធ្វើ​ឲ្យ​អារម្មណ៍​របស់​នាង​ភ្លឺ​ថ្លា និង​រីក​រាយ ហើយ​ជំរុញ​ឲ្យ​រូប​នាង​បន្ត​ការងារ​មនុស្សធម៌​ដូច​នេះ​ជា​បន្ត​ទៀត​នា​ថ្ងៃ​អនាគត៖ «ខ្ញុំ​សប្បាយ និង​រីករាយ​ក្នុង​ចិត្ត​ដែល​ក្រុម​យុវជន​នគរ​រាជ ដឹក​នាំ​ដោយ​បង​អាចារ្យ​ធំ ដែល​បង្កើត​កម្មវិធី​មនុស្សធម៌​ចែក​ជូន​សម្ភារៈ​សិក្សា​ជូន​ដល់​កុមារ​ក្រីក្រ​នៅ​តំបន់​ដាច់​ស្រយាល​ជីផាត»

ងាក​មក​អាណាព្យាបាល គ្រូបង្រៀន និង​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ជីផាត ស្រុក​ថ្មបាំង ខេត្ត​កោះកុង ឯណោះ​វិញ ក៏​បង្ហាញ​ការ​គាំទ្រ និង​អបអរ​សាទរ​ដល់​ក្រុម​យុវជន​នគរ​រាជ ដែល​បាន​បង្កើត​ដំណើរ​កម្សាន្ត​មនុស្សធម៌ ហើយ​បាន​នាំ​យក​សម្ភារៈ​សិក្សា និង​សម្ភារៈ​ច្រើន​ទៀត​ផ្តល់​ជូន​សាលា​បឋម​សិក្សា​ឧបសម្ព័ន្ធ​អូរ​កី ដែល​កំពុង​ជួប​ការ​ខ្វះខាត។

គ្រូបង្រៀន និង​ជា​អ្នក​គ្រប់គ្រង​សាលា​បឋម​សិក្សា​ឧបសម្ព័ន្ធ​អូរ​កី លោកគ្រូ ង៉ែត វណ្ណី បាន​ថ្លែង​ការ​អរគុណ​ដល់​ក្រុម​យុវជន​នគរ​រាជ ដែល​បាន​នាំ​យក​សម្ភារៈ​សិក្សា​ផ្តល់​ជូន​កុមារ​ក្រីក្រ​រៀន​នៅ​ក្នុង​សាលា​នេះ​ចំនួន ២៨​នាក់ និង​បាន​ចែក​កង់​ម្នាក់​មួយ​គ្រឿង ជូន​ដល់​កុមារ​ក្រីក្រ​នា​មូលដ្ឋាន​នេះ។ ជាង​នេះ ក៏​បាន​ផ្តល់​ជា​កុំព្យូទ័រ ម៉ាស៊ីន​ភ្លើង អាង​ទឹក ដង​ទង់​ជាតិ និង​ខ្លោងទ្វារ ជាដើម។ គ្រូបង្រៀន​រូប​នេះ បាន​កោត​សរសើរ​ដល់​សកម្មភាព​របស់​ក្រុម​យុវជន​នគរ​រាជ ដែល​បង្កើត​ឲ្យ​មាន​កម្មវិធី​ដំណើរ​កម្សាន្ត​មនុស្សធម៌ ហើយ​ជ្រើស​យក​សាលា​របស់​លោក​ដែល​កំពុង​មាន​ការ​ខ្វះខាត សម្រាប់​ផ្តល់​ការងារ​មនុស្សធម៌៖ «អរគុណ​ដល់​បងៗ​នៃ​ក្រុម​យុវជន​នគរ​រាជ ដែល​បាន​ខិតខំ​ស្វែងរក​ថវិកា និង​ទិញ​សម្ភារៈ​មក​ផ្តល់​ជូន​សាលា​បឋម​សិក្សា​ឧបសម្ព័ន្ធ​អូរ​កី និង​ចែក​កង់​ជូន​កុមារ​ក្រីក្រ​នៅ​មូលដ្ឋាន​នេះ ក្នុង​គ្រា​កំពុង​ជួប​ការ​ខ្វះខាត»

ស្រដៀង​គ្នា​ដែរ លោក អ៊ុយ អៃ សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ជីផាត ស្រុក​ថ្មបាំង ខេត្ត​កោះកុង ដែល​ចូលរួម​ជា​កិត្តិយស​ផ្តល់​សម្ភារៈ​សិក្សា និង​ចែក​កង់​ជូន​កុមារ​ក្រីក្រ ដល់​សាលា​បឋម​សិក្សា​ឧបសម្ព័ន្ធ​អូរ​កី ក៏​ថ្លែង​គាំទ្រ​សកម្មភាព​របស់​ក្រុម​យុវជន​នគរ​រាជ ក្នុង​កាយវិការ​មនុស្សធម៌​របស់​ពួក​គេ។ លោក​កោត​សរសើរ​សកម្មភាព​របស់​ក្រុម​យុវជន​នគរ​រាជ និង​សកម្មភាព​ថែរក្សា​វប្បធម៌​ដូនតា តាម​រយៈ​ការ​ផលិត​មួក និង​អាវ​យឺត មាន​រំលេច​ជា​អក្សរ និង​ស្លាក​សញ្ញា​សម្គាល់​អត្តសញ្ញាណ​ជាតិ​ខ្មែរ មាន​ភាព​រស់​រវើក និង​ទាន់​សម័យ៖ «ខ្ញុំ​រំភើប និង​រីករាយ នៅ​ពេល​ឃើញ​វត្តមាន​ក្រុម​យុវជន​មក​ពី​ទីតាំង​ផ្សេងៗ គឺ​ក្រុម​យុវជន​នគរ​រាជ​នេះ បាន​នាំ​យក​សម្ភារៈ​សិក្សា កង់ ម៉ាស៊ីន​ភ្លើង និង​ផ្តល់​ជូន​សម្ភារៈ​ច្រើន​ទៀត​ជូន​កុមារ និង​សាលា​ឧបសម្ព័ន្ធ​អូរ​កី ស្ថិត​នៅ​តំបន់​ដាច់​ស្រយាល​មួយ​នេះ អាច​ប្រើប្រាស់​តាម​តម្រូវ​ការ​ចាំបាច់»

យ៉ាង​ណា​ក៏ដោយ យុវជន សារម្យ គុណ្ណាស័ក្តិ ហៅ ឌីជេ​អាចារ្យ​ធំ តំណាង​អ្នក​ដឹក​នាំ​ក្រុម​យុវជន​នគរ​រាជ ឲ្យ​ដឹង​ថា ក្រុម​នេះ​នឹង​ពង្រីក​ការងារ​មនុស្សធម៌ ដោយ​ផ្តល់​ជា​សម្ភារៈ​សិក្សា និង​សម្ភារៈ​ចាំបាច់​ផ្សេងៗ​ទៅ​តាម​តម្រូវ​ការ​របស់​កុមារ ឬ​សាលា​ក្រីក្រ​នៅ​តាម​ទី​ដាច់​ស្រយាល តាម​រយៈ​ការ​ចូលរួម​ថវិកា​ពី​សប្បុរសជន​ទូទៅ​ទាំង​ក្នុង និង​ក្រៅ​ស្រុក ជាពិសេស​ប្រាក់​ចំណេញ​ដែល​ទទួល​បាន​ពី​ការ​លក់​មួក​ស្លឹក​ត្នោត មួក​ក្រណាត់ និង​អាវ​យឺត​មាន​ស្លាក​សញ្ញា​ប្រាសាទ​អង្គរវត្ត និង​មាន​សរសេរ​អក្សរ​នគរ​រាជ ជា​សម្គាល់​អត្តសញ្ញាណ​ជាតិ​ខ្មែរ​របស់​ក្រុម​យុវជន​នគរ​រាជ​ឲ្យ​បាន​ច្រើន​ថែម​ទៀត​នា​ថ្ងៃ​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។