យុវជន​មួយ​ក្រុម​រៀបចំ​កម្មវិធី​សប្បុរស​ធម៌​យក​ថវិកា​ជួយ​កុមារ​ក្រីក្រ​ឲ្យ​ទទួល​បាន​ការ​អប់រំ

ក្រុម​សិស្សានុសិស្ស​នៃ​មជ្ឈមណ្ឌល​អូស្ត្រាលី សម្រាប់​ការ​បណ្ដុះបណ្ដាល ហៅ​កាត់​ថា អេ.ស៊ី.អ៊ី (ACE) បាន​រៀបចំ​កម្មវិធី​សប្បុរសធម៌ និង​អបអរ​ប្រពៃណី​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ។ កម្មវិធី​នេះ រៀបចំ​ឡើង​នៅ​មជ្ឈមណ្ឌល អេ.ស៊ី.អ៊ី នៅ​ថ្ងៃ​ទី​៣ មេសា ដោយ​មាន​លក់​សំបុត្រ​រាប់​រយ​សំបុត្រ ដើម្បី​យក​ថវិកា​ឧបត្ថម្ភ​ដល់​កុមារ​ក្រីក្រ​ឲ្យ​ទទួល​បាន​ការ​អប់រំ។

«សំឡេង​របាំ​ត្រុដិ»

នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ជិត​មក​ដល់ ក្រុម​ការងារ​យុវ​ទូត​សិស្ស​នៃ​មជ្ឈមណ្ឌល​អូស្ត្រាលី សម្រាប់​ការ​បណ្ដុះបណ្ដាល បាន​ប្ដេជ្ញា​ចិត្ត​បន្ត​ជួយ​ឧបត្ថម្ភ​កុមារ​ក្រីក្រ​ឲ្យ​ទទួល​បាន​ការ​អប់រំ តាម​រយៈ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ។

យុវ​ទូត​សិស្ស​នៃ​មជ្ឈមណ្ឌល​អូស្ត្រាលី សម្រាប់​ការ​បណ្ដុះបណ្ដាល កញ្ញា ប៉ាន់ ពុទ្ធី ថ្លែង​ថា ពួក​គេ​លក់​បាន​សំបុត្រ​ចំនួន ៧០០​សំបុត្រ ដែល​សំបុត្រ​មួយ​តម្លៃ​ពី ៣​ដុល្លារ​ដល់ ៧​ដុល្លារ សម្រាប់​មនុស្ស​ម្នាក់។ ថវិកា​បាន​ពី​ការ​លក់​សំបុត្រ និង​លក់​វត្ថុ​អនុស្សាវរីយ៍​នេះ ពួក​គេ​នឹង​បរិច្ចាគ​ដល់​កុមារ​កំព្រា និង​កុមារ​ក្រីក្រ​ដែល​ទទួល​បាន​ការ​ទំនុក​បម្រុង​ពី​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ។ ក្រៅ​ពី​នេះ ប្រព្រឹត្តិការណ៍​នេះ​ក៏​ជា​ឱកាស​មួយ​ឲ្យ​យុវជន ស្គាល់​ពី​វប្បធម៌​ប្រពៃណី​ខ្មែរ និង​ចូលរួម​អបអរ​សាទរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ជិត​មក​ដល់។

កញ្ញា ប៉ាន់ ពុទ្ធី៖ «យើង​ចង់​ធ្វើ​ព្រឹត្តិការណ៍​នេះ​ឥឡូវ ពីព្រោះ​កូន​ខ្មែរ​យើង​ឥឡូវ​ភាគ​ច្រើន​គាត់​ជ្រើស​រើស​យក​វប្បធម៌​បរទេស​មក​អនុវត្ត។ អ្វី​ដែល​យើង​ធ្វើ​កម្មវិធី​នេះ​ឡើង គឺ​ដើម្បី​យើង​ចង់​ធ្វើ​កុំ​ឲ្យ​កូន​ខ្មែរ​យើង​ភ្លេច​ប្រពៃណី​អស់។ ម្យ៉ាង​យើង​ចង់​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ យើង​ចង់​លើក​តម្កើង​វប្បធម៌​ខ្មែរ​យើង ហើយ​យើង​ចង់​រក​លុយ​ឲ្យ​ប៉េ.អេស.អឺ (PSE) ទៀត ដោយសារ​តែ​យើង​ខ្មែរ​ដូច​គ្នា យើង​ជួយ​គ្នា​ទៅ ព្រោះ​តិច​ក្ដី​ច្រើន​ក្ដី។ កម្មវិធី​នេះ​ល្អ​ណាស់​ឲ្យ​តែ​បាន​ជួយ​ក្មេងៗ ឬ​អ្នក​ដែល​មាន​ផ្ទះ​សម្បែង អ្នក​ដែល​អត់​មាន​ការ​សិក្សា អត់​មាន​លុយ អ្នក​ក្រ​ខ្សត់​អី គឺ​ល្អ​ទាំងអស់»

ទាក់ទង​ទៅ​នឹង​ការ​រៀបចំ​កម្មវិធី​នេះ មន្ត្រី​សម្រប​សម្រួល​ស្វែងរក​មូលនិធិ​នៃ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ ហៅ​កាត់​ជា​ភាសា​បារាំង ថា ប៉េ.អេស.អឺ (PSE) លោក ស៊ិន សុផារិទ្ធ មាន​ប្រសាសន៍​ថា កន្លង​មក អង្គការ​នេះ​បាន​ជំនួយ​ស្ទើរ​ទាំង​ស្រុង​ពី​បរទេស។ លោក​ចង់​ឲ្យ​សាធារណជន ពិសេស​ពលរដ្ឋ​ខ្មែរ​យល់​ដឹង​អំពី​ការ​ចែក​រំលែក ដើម្បី​ជួយ​អភិវឌ្ឍ​សហគមន៍​តាម​លទ្ធភាព តាម​រូបភាព​ផ្សេងៗ​ដែល​អាច​ធ្វើ​ទៅ​បាន «យើង​នឹង​យក​មូលនិធិ​នេះ​ទៅ​ប្រើប្រាស់​ដើម្បី​ជា​ប្រយោជន៍​ដល់​កុមារ​ក្រីក្រ​ជិត ៦.០០​នាក់ ផ្ដល់​ជំនាញ​វិជ្ជាជីវៈ​ជូន​គាត់ មាន​បដិសណ្ឋារកិច្ច សំណង់ អេឡិចត្រូនិក ភាពយន្ត និង​ផ្នែក​ខាង​គណនេយ្យ​ផង​ដែរ»

នៅ​ក្នុង​កម្មវិធី​ដែល​ស្ទើរ​តែ​ទាំងអស់ គឺ​ជា​យុវជន បាន​នាំ​គ្នា​ចូលរួម​លេង​ល្បែង​កម្សាន្ត​យ៉ាង​សប្បាយ​រីករាយ។ យុវជន​ទាំង​នោះ សម្ដែង​ក្ដី​ត្រេកអរ​ដោយ​ពួក​គេ​អះអាង​ថា ក្រៅ​អំពី​បាន​ស្គាល់​របាំ និង​ល្បែង​ប្រជាប្រិយ​ខ្មែរ ពួក​គេ​អាច​រួម​ចំណែក​ថវិកា​ជួយ​កុមារ​គ្មាន​ទីពឹង ឲ្យ​ទទួល​បាន​ការ​ហូប​ចុក និង​រៀន​សូត្រ​ថែម​ទៀត «ចង់​ឃើញ​អ្វី​ដែល​ប្លែក​ហើយ ជួយ​សប្បុរសធម៌​ហើយ ជួយ​កុមារ​កំព្រា។ ខ្ញុំ​ចង់​សប្បាយ ស្គាល់​វប្បធម៌​ខ្មែរ​ទាំងអស់។ កម្មវិធី​នេះ​ល្អ​យើង​បាន​សប្បាយ​ហើយ យើង​បាន​អត្ថប្រយោជន៍​មួយ​ទៀត​ជួយ​កុមារ។ ខ្ញុំ​ចង់​មក​លេង​ល្បែង​ប្រជាប្រិយ ហើយ​រួម​ចំណែក​ក្នុង​ការ​ជួយ​កុមារ​កំព្រា ហើយ​ចង់​ស្គាល់​ល្បែង​ប្រជាប្រិយ ដោយសារ​ជនជាតិ​ខ្មែរ​យើង​ត្រូវ​លើក​តម្កើង​ប្រពៃណី ហើយ​វប្បធម៌​របស់​ខ្មែរ​ឲ្យ​បាន​គង់វង្ស»

កម្មវិធី​សប្បុរសធម៌ និង​អបអរ​ប្រពៃណី​ខ្មែរ​នេះ បាន​ប្រារព្ធ​ឡើង​ជា​លើក​ទី​ពីរ​ហើយ។ ពិធី​នេះ ក្រៅ​ពី​មាន​សម្ដែង​របាំ​ប្រពៃណី ក៏​មាន​កម្មវិធី​ឲ្យ​អ្នក​ចូលរួម លេង​ល្បែង​ប្រជាប្រិយ​មួយ​ចំនួន​ដូចជា ទាញ​ព្រ័ត្រ លោត​បាវ និង​វាយ​ក្អម ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។