ក្រុម​យុវជន​ព្រួយ​បារម្ភ​ពី​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ដោយ​ខុស​ច្បាប់​និង​តម្លាភាព​ប្រាក់​ចំណូល

អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) រៀបចំ​វេទិកា​យុវជន ស្ដីពី​ពរ​ជ័យ​កំណប់​ធនធាន នៅ​ព្រឹក​ថ្ងៃ​ទី​៣ មេសា នា​វិទ្យាស្ថាន​ជាតិ​អប់រំ ដើម្បី​ផ្តល់​ឱកាស​ឲ្យ​យុវជន​បាន​ទទួល​ចំណេះ​ដឹង​ពី​ការ​វិវឌ្ឍន៍​នៃ​វិស័យ​ប្រេង​កាត ឧស្ម័ន និង​រ៉ែ​នៅ​កម្ពុជា។ ក្រុម​យុវជន បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ផ្សេងៗ​គ្នា ទាក់ទង​នឹង​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ខុស​ច្បាប់ និង​តម្លាភាព​នៃ​ការ​គ្រប់គ្រង​ចំណូល។

ក្រុម​យុវជន​ជាង ១០០​នាក់​ដែល​រួម​មាន​ព្រះសង្ឃ​ខ្លះ​ផង ចូលរួម​វេទិកា “ពរ​ជ័យ​កំណប់​ធនធាន” ដើម្បី​ស្វែង​យល់​អំពី​យន្តការ និង​យុទ្ធសាស្ត្រ​នានា​ក្នុង​ការ​គ្រប់គ្រង​ចំណូល​ពី​វិស័យ​ឧស្សាហកម្ម​និស្សារណកម្ម​ប្រកប​ដោយ​តម្លាភាព និង​ប្រសិទ្ធភាព។

ពួក​គេ​យល់​ឃើញ​ស្រដៀង​គ្នា​ថា វិស័យ​ឧស្សាហកម្ម​និស្សារណកម្ម នឹង​ផ្តល់​ប្រយោជន៍​ច្រើន​សន្ធឹកសន្ធាប់​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ទូទៅ បើ​សិន​ជា​រដ្ឋាភិបាល​អាច​គ្រប់គ្រង​វិស័យ​នេះ​បាន​ដោយ​ត្រឹមត្រូវ ក៏ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ពួក​គេ​ក៏​លើក​ឡើង​ពី​ការ​បាត់​ទំនុក​ចិត្ត​មួយ​ចំនួន​ដែរ ទាក់ទង​នឹង​ការ​បិទ​បាំង​ព័ត៌មាន និង​ការ​រារាំង​ពី​សំណាក់​អាជ្ញាធរ មិន​ឲ្យ​ពួក​គេ​ចុះ​ទៅ​សិក្សា​ផ្ទាល់​ដល់​កន្លែង​ធ្វើ​អាជីវកម្ម​រ៉ែ។

យុវជន​ម្នាក់ គឺ​លោក តាក បូរាជ ដែល​ធ្លាប់​បាន​ចុះ​ទៅ​ដល់​តំបន់​ជីក​រក​រ៉ែ​មួយ​កន្លែង​នៅ​ខេត្ត​ព្រះវិហារ ដែល​ត្រូវ​បាន​អាជ្ញាធរ​ហាម​ឃាត់ បាន​លើក​ឡើង​ថា លោក​ពិបាក​នឹង​ទទួល​យក​ការ​បកស្រាយ​បែប​វិជ្ជមាន​របស់​មន្ត្រី​រដ្ឋាភិបាល ទាក់ទង​នឹង​ការ​គ្រប់គ្រង​អាជីវកម្ម​រ៉ែ​នៅ​តាម​បណ្ដា​ខេត្ត ដោយ​ហេតុ​ថា ការ​ធ្វើ​អាជីវកម្ម​ខ្លះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​នៅ​តំបន់​នោះ៖ «»

យុវជន​រូប​នេះ ចង់​ឲ្យ​រដ្ឋាភិបាល​បើក​ចំហ​ព័ត៌មាន​ឲ្យ​បាន​ទូលាយ​ទៅ​កាន់​សាធារណជន និង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ចូលរួម​កាន់​តែ​ច្រើន​ក្នុង​វិស័យ​ឧស្សាហកម្ម​និស្សារណកម្ម​នេះ៖ «»

វេទិកា​ពរ​ជ័យ​កំណប់​ធនធាន ២០១៦ ៨៥៥
វេទិកា​យុវជន ស្ដីពី​ពរ​ជ័យ​កំណប់​ធនធាន នា​វិទ្យាស្ថាន​ជាតិ​អប់រំ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Yang Chandara

យុវ​និស្សិត​ម្នាក់​ទៀត​ឈ្មោះ ហឿ ប៊ុនហេង ដែល​ធ្លាប់​ទៅ​កាន់​តំបន់​ជីក​រក​រ៉ែ​នៅ​ខេត្ត​ព្រះវិហារ ដែរ​នោះ បញ្ចេញ​យោបល់​ថា រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា​លុប​បំបាត់​ឲ្យ​អស់​នូវ​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ដោយ​ខុស​ច្បាប់ បើ​មិន​ដូច្នេះ​ទេ ធនធាន​រ៉ែ​ទាំង​នោះ​នឹង​ត្រូវ​បាត់បង់ ឬ​អាច​ផ្តល់​ផល​តិចតួច​ប៉ុណ្ណោះ​ដល់​សង្គម៖ «»

ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង និង​ការ​ធ្វើ​អាជីវកម្ម​រ៉ែ ចែង​ថា ការ​ផ្តល់​អាជ្ញាប័ណ្ណ​ត្រូវ​បាន​បែង​ចែក​ជា ៦​ប្រភេទ​រួម​មាន អាជ្ញាប័ណ្ណ​សិប្បកម្ម​ធនធាន​រ៉ែ អាជ្ញាប័ណ្ណ​អណ្ដូង​រ៉ែ​បើក និង​ការដ្ឋាន​វាយ​ថ្ម អាជ្ញាប័ណ្ណ​អាជីវកម្ម​រ៉ែ​ត្បូង​ថ្ម​មាន​តម្លៃ អាជ្ញាប័ណ្ណ​កែច្នៃ​ធនធាន​រ៉ែ អាជ្ញាប័ណ្ណ​ស្វែង​រុក​រក និង​អាជ្ញាប័ណ្ណ​ឧស្សាហកម្ម​អាជីវកម្ម​ធនធាន​រ៉ែ។

ទាក់ទិន​នឹង​បញ្ហា​នេះ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ឌិត ទីណា អះអាង​ថា ក្រសួង​បាន​ដាក់​អាទិភាព​ជា​ចម្បង​ក្នុង​ការ​លុប​បំបាត់​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​បែប​អានាធិបតេយ្យ ប៉ុន្តែ​លោក​បញ្ជាក់​ថា កិច្ចការ​នេះ​ជួប​ប្រទះ​បញ្ហា​ប្រឈម​សំខាន់​មួយ គឺ​កង្វះ​ខាត​ព័ត៌មាន​ស្ដីពី​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ដោយ​ខុស​ច្បាប់៖ «»

លោក ឌិត ទីណា បញ្ជាក់​ទៀត​ថា ប្រាក់​ចំណូល​មិន​មែន​ពន្ធ​ដែល​ក្រសួង​រ៉ែ និង​ថាមពល ប្រមូល​បាន​ក្នុង​ឆ្នាំ​២០១៥ មាន​ចំនួន​ជាង ១៧​លាន​ដុល្លារ ហើយ​ថវិកា​ទាំង​នេះ​ត្រូវ​បញ្ចូល​ទៅ​ក្នុង​ខ្ទង់​នៃ​ថវិកា​ជាតិ​សម្រាប់​ការ​ចំណាយ​នៅ​ឆ្នាំ​បន្ទាប់៖ «»

ឯកសារ​ទស្សនទាន​របស់​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន បញ្ជាក់​ថា វិស័យ​ប្រេង​កាត ឧស្ម័ន និង​រ៉ែ ឬ​ដែល​ភាសា​បច្ចេកទេស​ហៅ​ថា ឧស្សាហកម្ម​និស្សារណកម្ម គឺ​ជា​វិស័យ​ដែល​មាន​ភាព​ស្មុគស្មាញ​ក្នុង​ការ​គ្រប់គ្រង។ ឧស្សាហកម្ម​និស្សារណកម្ម គឺ​ទាក់ទង​ទៅ​នឹង​ការ​ដក​ហូត​នូវ​វត្ថុ​ធាតុ​ដើម តាម​រយៈ​ប្រតិបត្តិការ​ទាញ​យក​នូវ​ប្រេង​កាត ឧស្ម័ន និង​រ៉ែ​ក្រោម​ដី ហើយ​វា​គឺ​ជា​វិស័យ​មួយ​ដែល​អាច​នឹង​ផ្តល់​ពរ​ជ័យ ឬ​វិនាសកម្ម​ដោយ​ផ្អែក​ទៅ​លើ​ថា តើ​ប្រទេស​នោះ​មាន​យន្តការ​ក្នុង​ការ​គ្រប់គ្រង​ការ​ធ្វើ​អាជីវកម្ម និង​ប្រាក់​ចំណូល​បាន​កម្រិត​ណា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។