លោក​អាត់​ ខែម​ បាន​ចុះ​ពិនិត្យ​ការ​ជួសជុល​ផ្លូវ​មួយ​ខ្សែ​ ដែល​មាន​ប្រវែង​ជាង​៣​គីឡូម៉ែត្រ​នៅ​ស្រុក​មង្គល​បូរី

លោក​អាត់​ ខែម​ បាន​ចុះ​ពិនិត្យ​ការ​ជួសជុល​ផ្លូវ​មួយ​ខ្សែ​ ដែល​មាន​ប្រវែង​ជាង​៣​គីឡូម៉ែត្រ​នៅ​ស្រុក​មង្គល​បូរី



បន្ទាយមានជ័យ​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៣​​ ខែ​មេសា ឆ្នាំ​២០១៦​នេះ ​លោក​ឧត្ដមសេនីយ៍ទោ​អាត់ ​ខែម​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ និង​ជា​សមាជិក​អចិន្ត្រៃយ៍ ​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​បន្ទាយមានជ័យ​ បាន​ដឹកនាំ​ក្រុមការងារ​មួយ​ក្រុម​ចុះ​ទៅ​ត្រួត​ពិនិត្យ​ក្រុមហ៊ុន​ជួសជុល​ផ្លូវ​មួយ​ខ្សែ ​ដែល​មាន​ប្រវែង​ជាង​៣​គីឡូម៉ែត្រ ស្ថិតនៅ​ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ។

លោក​អាត់​ ខែម​ បាន​មានប្រសាសន៍​ក្នុង​ការ​ចុះពិនិត្យ​ការ​ជួសជុល​ផ្លូវលំ​មួយ​ខ្សែ​នេះ​ថា ​ផ្លូវ​មួយ​ខ្សែ​ ដែល​កំពុង​ជួសជុល​នេះ​ កន្លងមក​​​​​ប្រជាពលរដ្ឋ​ពិបាក​ក្នុង​ការ​ធ្វើដំណើរ​ទៅមក​យ៉ាងខ្លាំង​ពិសេស​ក្នុង​ការ​ដឹក​កសិផល​យក​ទៅ​លក់​នៅ​ទីផ្សារ​ ព្រោះ​ផ្លូវ​មួយ​ខ្សែ​នេះ​មាន​ជង្ហុក​ធំៗ​ដូច​រន្ធ​បាយខុំ។ ដោយ​ពិបាក​ក្នុង​ការ​ធ្វើដំណើរ​ខ្លាំង​ពេក​ ទើប​ប្រជាពលរដ្ឋ​ធ្វើការ​សំណូមពរ​ដល់​លោក​អាត់​ខែម​ ហើយ​ដោយមាន​ការ​ណែនាំ​ពី​ឯកត្តកម្ម​ឧបនាយករដ្ឋមន្ត្រី​កែ​ គឹមយ៉ាន​ ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ ខេត្ត​បន្ទាយមានជ័យ ​នៅ​ថ្ងៃ​ទី​៣ ​ខែ​មេសា ​ឆ្នាំ​២០១៦​នេះ ​លោក​អាត់ ​ខែម​ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ទៅពិនិត្យ​ក្រុមហ៊ុន​ ដែល​កំពុង​ជួសជុល​ឈូស​ឆាយ​ផ្លូវ​មួយ​ខ្សែ​នេះ​​ដើម្បី​ឲ្យ​ស្រួល​ធ្វើដំណើរ​ទៅមក​ និង​សម្រាប់​បុណ្យចូលឆ្នាំ​នេះ​នៅ​ពេល​ខាងមុខនេះ​ផងដែរ។

ប្រជាពលរដ្ឋ​នៅ​ទីនោះ​បាន​នាំគ្នា​និយាយ​ថា ​នៅ​ក្នុង​ភូមិ​របស់​លោក​មិន​ចង់​បាន​អ្វី​ក្រៅពី​ទឹក​និង​ផ្លូវ​សម្រាប់​ធ្វើដំណើរ​ទៅ​មក​ឲ្យ​បាន​ស្រួល​នោះ​ទេ។ លោក​សង្ឃឹមថា ​ទៅ​ថ្ងៃមុខ​ផ្លូវ​មួយ​ខ្សែ​នេះ​ក្រោយពី​ធ្វើការ​ជួសជុល​រួចមក​ ប្រាកដ​ធ្វើដំណើរ​ទៅ​មក​បាន​ស្រួល​ជាមិនខាន​ ហើយ​នៅ​ក្នុង​ភូមិ​របស់​លោក​នៅ​ខ្វះ​តែ​ទឹក​មួយ​មុខតែ​ប៉ុណ្ណោះ​ ដែល​ប្រជាពលរដ្ឋ​ត្រូវការ​ចាំបាច់​ជាទីបំផុត​សម្រាប់​ទុក​ហូប​ និង​ប្រើប្រាស់​ផង​ដែរ៕
លោក​អាត់​ ខែម​ បាន​ចុះ​ពិនិត្យ​ការ​ជួសជុល​ផ្លូវ​មួយ​ខ្សែ​ ដែល​មាន​ប្រវែង​ជាង​៣​គីឡូម៉ែត្រ​នៅ​ស្រុក​មង្គល​បូរី