អភិបាល​ខេត្ត​បន្ទាយមានជ័យ​ចុះ​ពិនិត្យ​ និង​នាំ​អំណោយ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​រងគ្រោះ​ ដោយ​ខ្យល់​កន្ត្រាក់ ​នៅ​ស្រុក​ម៉ាឡៃ

អភិបាល​ខេត្ត​បន្ទាយមានជ័យ​ចុះ​ពិនិត្យ​ និង​នាំ​អំណោយ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​រងគ្រោះ​ ដោយ​ខ្យល់​កន្ត្រាក់ ​នៅ​ស្រុក​ម៉ាឡៃ

បន្ទាយមានជ័យ​ ៖ ​លោក​សួន បវរ អភិបាល​នៃ​ខេត្ត​បន្ទាយមានជ័យ និង​លោក​ឡាយ គឹម​លី​សមាជិក​យុវជន​ថ្នាក់​កណ្ដាល ​និង​ជា​នាយករង​ខុទ្ទកាល័យ​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ព្រមទាំង​ក្រុមការងារ​ថ្នាក់​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​០៣​ ខែ​មេសា​នេះ​បាន​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ ​ដែល​រងគ្រោះ​ ដោយ​ខ្យល់​កន្ត្រាក់​ក្នុង​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ។

ប៉ូលិស​ស្រុក​ម៉ាឡៃ​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ ដែល​រងគ្រោះ ​ដោយ​ខ្យល់​កន្ត្រាក់​នៅ​ក្នុង​ឃុំ​ទួល​ពង្រ​មាន​ចំនួន​៣២​គ្រួសារ​ នៅ​ក្នុង​នោះ​មាន បុរស​ម្នាក់​ឈ្មោះ ស៊ី នួន អាយុ​៦៧​ឆ្នាំ រស់នៅ​ភូមិ​ទួល​ប្រាសាទ​បាន​រងគ្រោះថ្នាក់​ដោយ​រន្ទះបាញ់​ ខណៈ​កំពុង​អង្គុយ​នៅ​ក្រោម​ផ្ទះ​ជាមួយ​ចៅស្រី​ តែ​មិន​បណ្ដាល​ឲ្យ​បាត់បង់ជីវិត​នោះ​ទេ​គឺ​គ្រាន់តែ​ឆេះ​រោល​សក់​ និង​ហ៊ឹង​ត្រចៀក។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ផ្ទះ​មួយ​ខ្នង​ក៏​ត្រូវ​គ្រាប់​រន្ទះ​ ដែល​បាញ់​ចំ​បុរស​ខាងលើ​ប្លាត​ទៅ​ត្រូវ​សសរ​ផ្ទះ​​​រយះ​បែក​ជា​ពីរ​ និង​ខ្លះ​ប្រេះ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ម៉ាន់ ហេន អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​ខ្លា​ងាប់​បាន​រៀបរាប់​ថា នៅ​មុនពេល​កើតហេតុ​មេឃ​មាន​ភាព​ខ្មៅ​ងងឹត​ ដោយ​រកកល់​ភ្លៀង។ មួយសន្ទុះ​ក៏មាន​ខ្យល់​យ៉ាងខ្លាំង​បោកបក់​មក​លើ​ផ្ទះ​របស់​គាត់ ដោយ​កួច​ដំបូល​បណ្ដាល​ឲ្យ​របើក​ស័ង្កសី​ទាំងស្រុង​ធ្លាក់​មក​ដី​សង្កត់​លើ​រោង​បាយ បែក​ចានឆ្នាំង​ និង​សម្ភារៈ​មួយ​ចំនួន។

លើកឡើង​ក្នុងការ​សំណេះសំណាល​ និង​សួរសុខទុក្ខ​នាំ​យក​អំណោយ​ជូន​ប្រជាពលរដ្ឋ​នា​ឱកាស​នោះ​ លោក​សួន បវរ បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​ បណ្ឌិត ​ដែលជា​និច្ចកាល​លោក​ទាំងពីរ​តែង​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង។

ជាមួយ​នោះ​ លោក​ក៏បាន​នាំយក​អំណោយ​របស់​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ កែ គឹម យ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តបន្ទាយមានជ័យ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​រួមមាន ​ស័ង្កសី​ចំនួន​៥០០​សន្លឹក​បន្ថែម​សម្រាប់​ជួសជុល​ផ្ទះ​ ដែល​រងគ្រោះ​ព្រមទាំង​គ្រឿង​ឧបភោគ​បរិភោគ​ និង​ថវិកា​មួយចំនួន​ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​កងកម្លាំង​ទាំង​បី​ប្រភេទ ដែល​​តែងតែ​ចុះ​អន្តរាគមន៍​រាល់​សភាពការណ៍​រងគ្រោះ​របស់​ប្រជាពលរដ្ឋ​បាន​ទាន់​ពេល​វេលា​ ពិសេស​ចូលរួម​រាល់​សកម្មភាព​ជួសជុល​សាងសង់​លំនៅឋាន​ជូន​ពលរដ្ឋ​ក្រីក្រ​តាម​យុទ្ធសាស្ត្រ​កាត់បន្ថយ​ភាពក្រីក្រ​នៅតាម​មូលដ្ឋាន។

លោក​សួន បវរ សម្តែង​នូវ​ការ​សោកស្តាយ​ចំពោះ​ការខូចខាត​ និង​បាត់បង់​នូវ​ទ្រព្យសម្បត្តិ​របស់​បងប្អូន​ និង​បាន​ធ្វើការ​អំពាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត​សម្រាប់​សមាជិក​ក្រុម​គ្រួសារ​ ពិសេស​ក្មេងៗ​មិន​ត្រូវ​ឲ្យ​រត់​លេង ​និង​ជ្រក​ក្រោម​ដើម​ឈើ​នៅ​ពេល​មាន​ភ្លៀង​ម្តងៗ។ មិនតែប៉ុណ្ណោះ​សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​សុខភាព ត្រូវមាន​អនាម័យ​ក្នុងការ​ហូបចុក ផឹកទឹក​ឆ្អិន ​និង​ដេក​ក្នុង​មុង​ជានិច្ច៕