រថយន្ត​បុក​រថយន្ត បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ច្រើន​នាក់

ខេត្តកំពង់ស្ពឺ ៖ នៅ​វេលា​ម៉ោង​៥​និង​៤០​នាទី ល្ងាច​ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០១៦ ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​បន្ទាយ​កងពល​លេខ​៣១ ស្រែ​ខ្លុង ចន្លោះ​គីឡូម៉ែត្រ​លេខ​៧៦-៧៧ ឃុំ​អូរ ស្រុក​ភ្នំស្រួច ។ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្ត និង​រថយន្ត បណ្ដាល​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ក្នុង​រថយន្ត​រង​របួស​ច្រើន​នាក់ ។ 

ប្រភព​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​រវាង​រថយន្ត​ម៉ាក​ត្រាយ​តាន់ ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ 2AI-8420 បើកបរ​ដោយ​ឈ្មោះ នៅ ស៊ី​ណាត ភេទ​ប្រុស មាន​ទីលំនៅ​ក្នុងភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​ក៏​បាន​រេ​ចង្កូត​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត ម៉ាក​នី​សាន់ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2W-9464 បើកបរ​ដោយ​ឈ្មោះ មុំ នឿ​ន  ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ នៅ​ភូមិ​តា​ឡា​ត់  ឃុំ​អូរ ។

ករណី​គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​រថយន្ត​ទាំង​ពីរ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ និង​គ្រោះថ្នាក់​អ្នក​ធ្វើ​ដំណើរ​រួម​មាន ៖ ១.​យាយ មុំ អាយុ​៧៤​ឆ្នាំ រង​របួសធ្ងន់ ២.​យាយ អ៊ុំ អាយុ​៥៣​ឆ្នាំ រង​របួសធ្ងន់ ៣.​មុំ មក​រា ប្រុស អាយុ​៥៣​ឆ្នាំ រង​របួសស្រាល ៤.​មុំ នឿ​ន អាយុ​៥៣​ឆ្នាំ រង​របួសធ្ងន់ ។ ក្រោយ​ពី​កើតហេតុ​សមត្ថកិច្ច​បាន​មក​ធ្វើការ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕