«​សម្រស់​ឯក​វាយ​ន​ភណ្ឌ​ឆ្នាំ​២០១៦» ជ្រើសរើស​បាន​៤០​នាក់​ចូលរួម​វគ្គ​ផ្ដាច់ព្រ័ត្រ

រាជធានី​ភ្នំពេញ ៖ លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​សរសេរ​នៅ​លើ​បណ្ដាញ​​ទំនាក់ទំនង​សង្គម​ (Facebook) របស់​លោក​កាលពី​ប៉ុន្មាន​នាទី​មុន​នេះ​ថា «​នា​ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០១៦ នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​រៀបចំ​កម្មវិធី​«​សម្រស់​ឯក​វាយ​ន​ភណ្ឌ​ឆ្នាំ​២០១៦» ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣០ ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា ។ បេក្ខជន​ដែល​បាន​ដាក់​ពាក្យ​ចូលរួម​មាន​ចំនួន​៤៣១​នាក់ ក្នុង​នោះ​នៅ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តស្វាយរៀង ដោយ​ជ្រើសរើស​បាន​ចំនួន​៨០​នាក់​សម្រាប់​ធ្វើការ​ចូលរួម​ក្នុង​វគ្គ​ជម្រុះ​នា​ថ្ងៃនេះ ។ ជា​លទ្ធផល​ជ្រើសរើស​បាន​៤០​នាក់ (​បេ​ក្ខ​នារី​២០​នាក់ និង​បេ​ក្ខ​បុរស​២០​នាក់​) សម្រាប់​ចូលរួម​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្ត​នៅ​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០១៦ ខាង​មុខ ។​»

នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​របស់​លោក​រដ្ឋមន្ត្រី អ៊ិ​ត សំ​ហេង បាន​សរសេរ​ទៀត​ថា «​ក្នុង​នាម​ថ្នាក់ដឹកនាំ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខ្ញុំ​សូម​សម្តែង​នូវ​ភាព​រីករាយ​ជាមួយ​ក្មួយ​ៗ​កម្មករ កម្មការិនី ដែល​បាន​ជាប់​ក្នុង​វគ្គ​ជម្រុះ​នេះ និង​សូម​លើកទឹកចិត្ត​ដល់​ក្មួយ​ៗ​ដែល​មិន​បាន​ចូលរួម​នៅ​វគ្គ​បន្ត សូមកុំ​អស់សង្ឃឹម ក្រសួង​នឹង​រៀបចំ​កម្មវិធី​នេះ​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត​» ៕