នាងចុងបបួល​ចុះអេតាស៊ីវិលមិនព្រមទេ​ ទីបំផុត..

រាជធានីភ្នំពេញ ​៖ ​បុរសម្នាក់មានប្រពន្ឋកូន៣នាក់ហើយ​ បានទៅស្រឡាញ់នារីម្នាក់ទៀត​រហូតទទួលបានចំណងដៃកូន២នាក់ (ស្រី១) ​ប៉ុន្តែនាងក្រោយបានបបួលចុះអេតា​ស៊ីវិលដើម្បី​រួមរស់​ជាមួយ​គ្នាជាប្តីប្រពន្ឋស្របច្បាប់​ តែបុរសនោះមិនព្រម​ ទើបនាងជាប្រពន្ឋចុងបានសម្រេចចិត្ត​ចាកចេញពីស្រុកមកធ្វើកម្មការិនីនៅភ្នំពេញ ​​និងបានរៀបការប្តីក្រោយ​នៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី​​​២៤ មីនា ២០១៦​ បណ្តាលឲ្យដឹងដល់​បុរសនោះ​ខឹងទៅ​ប្តឹង​សមត្ថកិច្ចទាមទាររកយុត្តិធ៌ម ។

ហេតុការណ៍នេះ ​​បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណ​៤រសៀលថ្ងៃទី០៣ មេសា ២០១៦​ នៅក្នុងភូមិចាក់ជ្រូក ​សង្កាត់សំរោងក្រោម​ ខណ្ឌពោធិសែនជ័យ ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកទៀតថា​ បុរសខាងលើឈ្មោះ អេត កុសល ​អាយុ៤៣ឆ្នាំ​ រីឯនាងជាប្រពន្ឋចុងឈ្មោះ ​ប៉ាន់ នួន ​អាយុ៣៣ឆ្នាំ ​និងមានការដឹងឮ​ពី​ប្រពន្ឋ​ដើម ​ទំាងពីរនាក់​រស់នៅក្នុងភូមិស្រែព្រាល ​ឃុំស្វាយទាប ​ស្រុកចំការលើ​ ខេត្តកំពង់ចាម ។

សេចក្តីរាយការណ៍បានបន្តថា ​ដោយសារតែអាជ្ញាធរមូលដ្ឋានពន្យល់ផ្លូវច្បាប់ថា​​អ្នកទំាងពីររស់នៅជាមួយគ្នាមិន​ស្របច្បាប់ ​ហើយភាគីម្ខាងមានសិទ្ឋិ​អាច​រៀបការ​គូថ្មីបាននោះ ​ទើបភាគី​ខាង​ប្រុសនិងខាងស្រី​ ព្រមព្រៀងគ្នាថានឹង​បែងចែកទ្រព្យសម្បត្តិ​នៅឯស្រុក ។