ប៊ិះ​ឆេះ​ផ្ទះ​អស់ទាំង​ថ្ងៃ​ព្រោះតែ​រឿង​លុយ​១២០០០​រៀល

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ប៉ុស្តិ៍​បន្ទាប់​ពី​បាន​ប្រមូល​ខោអាវ​ខ្លួនឯង ខោអាវ​ប្រពន្ធ និង​ខោអាវ​កូន​ដុត​ចោល​នៅ​ក្នុងផ្ទះ​ឆេះ​អស់ ព្រោះតែ​ខឹង​ប្រពន្ធ​ជជីក​សួរ​រឿង​លុយ​១២០០០​រៀល​ដែល​ខ្លួន​បាន​យក​ខ្លាំង​ពេក ប៉ុន្តែ​ការ​ដុត​ខោអាវ​នោះ​មិន​បណ្ដាល​ឲ្យ​ឆេះ​ផ្ទះ​ទេ​ដោយសារ​អ្នក​ជិតខាង​បាន​នាំ​គ្នា​ជួយ​ពន្លត់​ទាន់ ។

ហេតុការណ៍​នេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០១៦ នៅ​ក្នុងភូមិ​ស្រែ​រា​ជ្ជះ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ បុរស​ជា​ប្ដី​ឈ្មោះ សុ​ន ទិ​ត្យ អាយុ​២៩​ឆ្នាំ ចំណែកឯ​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ភាន់ វ​ណ្ណា អាយុ​២៧​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ​ស្បែកជើង​ជាមួយ​គ្នា មាន​ទីលំនៅ​ក្នុងភូមិ​កើត​ហេតុ​ និង​មានកូន​ចំនួន​៣​នាក់ ប្រុស​២​នាក់ ស្រី​ម្នាក់ ។

ស្ត្រី​ជា​ប្រពន្ធ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នាង​បាន​ទុក​លុយ​១២០០០​រៀល​ក្នុង​ហោប៉ៅ​ខោ​នៅ​ក្នុងផ្ទះ ហើយ​ចេញ​ទៅ​ទៅ​រក​ខ្យង​ក្ដាម​និង​ត្រី​នៅ​វាល​ដើម្បី​យក​មក​ធ្វើ​ម្ហូប ។ លុះ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ ស្រាប់តែ​បាត់​លុយ​មិនឃើញ ដោយ​នាង​សង្ស័យ​ថា​ប្ដី​ជា​អ្នក​យក​លុយ​នោះ​ទើប​នាង​សួរ​ប្ដី​ថា​មានបាន​យក​លុយ​អត់ លុយ​នោះ​នាង​ទុក​សម្រាប់​បង់ថ្លៃ​ទឹក​ទេ ។ ដំបូង​ប្ដី​នាង​ឆ្លើយ​ថា​មិន​បាន​យក​ទេ ប៉ុន្តែ​នាង​មិន​ជឿ ក៏​ជជីក​សួរ​រហូត​ប្ដី​សារភាព​ថា​យក​លុយ​នោះ​មែន ហើយ​ក៏​យក​លុយ​ឲ្យ​ប្រពន្ធ​វិញ​ទាំង​មួរ​ម៉ៅ​ក្ដៅក្រហាយ​យ៉ាង​ខ្លាំង ហើយ​ថែម​ទាំង​ប្រមូល​ខោអាវ​ខ្លួនឯង ខោអាវ​ប្រពន្ធ និង​ខោ​អាវ​កូន ដុត​ចោល​នៅ​ក្នុងផ្ទះ​បណ្ដាល​ឲ្យ​ឆេះ​អស់ ប៉ុន្តែ​សំណាងល្អ​មិន​បាន​បណ្ដាល​ឲ្យ​ឆេះ​ផ្ទះ​ខ្លួនឯង ព្រោះ​បាន​អ្នក​ជិតខាង​ជួយ​ពន្លត់​ទាន់ ។ ភ្លាម​ៗ​នោះ​បុរស​ជា​ប្តី​ក៏​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ដើម្បី​ធ្វើការ​សាកសួរ​ផង​ដែរ ។

ស្ត្រី​ជា​ប្រពន្ធ​បាន​បន្ត​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ប៉ូលិស​បាន​នាំ​ទៅ​កាន់​ប៉ុស្ដិ៍​សំរោង​ក្រោម ដើម្បី​សាកសួរ និង​កសាង​សំណុំ ព្រោះ​​នាង​បាន​សំណូមពរ​ឲ្យ​ប៉ូលិស​ចាត់ការ​តាម​ច្បាប់​ ។ ប៉ុន្តែ​ក្រោយ​ពេល​ទៅ​ដល់​ប៉ុស្ដិ៍​នាង​ក៏​​ប្រែចិត្ត​លែង​ប្ដឹងផ្ដល់​វិញ និង​បាន​សំណូមពរ​ឲ្យ​ប៉ូលិស​ត្រឹមតែ​ជួយ​ធ្វើការ​អប់រំ​ប្ដី​កុំ​ឲ្យ​វាយ​ធ្វើ​បែប​នេះ និង​វាយ​ធ្វើបាប​នាង​តទៅ​ទៀត ព្រោះ​មុន​ពេល​ដុត​ខោអាវ​ចោល​ ប្ដី​ម្នាក់​នេះ​បាន​វាយ​ធ្វើបាប​នាង​បណ្ដាល​ឲ្យ​រង​របួស​បែកក្បាល​ទៀត​ផង ដែល​របួស​នៅ​មិន​ទាន់​ជា​នៅឡើយ​ទេ ៕