ចាប់ខ្លួន​ជន​ញៀន​ថ្នាំ​៣​នាក់ ប​ញ្ជូន​ទៅ​តុលាការ

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​សហការ​ជាមួយ​កម្លាំង​ការពារ​អន្តរាគមន៍​ខេត្ត បាន​ចុះ​ធ្វើ​សកម្មភាព​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់
គ្រឿង​​ញៀន រហូត​ឈាន​ទៅ​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​-​ស្រី​ចំនួន​៣​នាក់ នៅ​ក្នុង​ក្រុង​សៀមរាប រួច​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ ដើម្បី​ធ្វើការ​សួរនាំ ។ ហេតុការណ៍​ឃាត់ខ្លួន​ជន​សង្ស័យ​ប្រុស​-​ស្រី​ចំនួន​៣​នាក់​ខាងលើ​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២៤​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច​ក្រុម​ទី​១ ភូមិ​ស្ល​ក្រាម សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។

លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿន​ញៀន​ខេត្ត​បាន​ប្រាប់​ថា កម្លាំង​របស់​ការិយាល័យ​នគរបាល​ជំនាញ បាន​ចុះ​សហការ​ជាមួយ​កម្លាំង​ការពារ​អន្តរាគមន៍​​ខេត្ត បង្ក្រាប​​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​-​ស្រី​ចំនួន​៣​នាក់ នៅ​ក្នុង​ក្រុង​សៀមរាប រួច​បញ្ជូន​ទៅ​កាន់​ការិយាល័យ ដើម្បី​ធ្វើការ​សួរនាំ ។ លោក​​បន្ត​ថា បន្ទាប់​ពី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បានជា​បន្តបន្ទាប់ យុវជន​ប្រុស​-​ស្រី​ចំនួន​៣​នាក់ រួម​មាន​ទី​១-​ឈ្មោះ សុខ វាសនា ហៅ​ស្នា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​​​ភូមិ​វាល សង្កាត់​គោក​ចក ក្រុង​សៀមរាប (​ជួញដូរ​) ទី​២-​ឈ្មោះ ស៊ុម សុ​ភ័​ណ្ឌ ហៅ​ង៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​តា​វៀន សង្កាត់​សាលា​កំ​រៀក ក្រុង​សៀមរាប (​ជួញដូរ​) ទី​៣-​ឈ្មោះ កា ស្រី​ម៉ៅ ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជា​របរ​បុគ្គលិក​ភោ​ជនី​ដ្ឋា​ន​ស្វាយមាស មាន​ទីលំនៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប (​ប្រើប្រាស់​) ។

ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី​ខាងលើ ព្រមទាំង​ធ្វើការ​ឆែកឆេរ​បាន​ថ្នាំ​ញៀន ប្រភេទ​ម្ស៉ៅ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​)​ចំនួន​១០​កញ្ចប់​ស្មើនឹង​៣.២​ក្រាម ជញ្ជីង​ថ្លឹង​គ្រឿងញៀន​០១​គ្រឿង ទូរស័ព្ទ​ចំនួន​០៣​គ្រឿង និង​ម៉ូតូ​ចំនួន​២​គ្រឿង ។ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​មួយ​គ្រឿង សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ សៀមរាប 1A-5211 លេខ​តួ​និង​លេខ​ម៉ាស៊ីន​ND១២៥ ME ៨១៥៨៦៥៦ និង​ម៉ូតូ​ម៉ា​កវី​វ៉ា​មួយ​គ្រឿង​ទៀត ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 1G.5714 និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត ។ បច្ចុប្បន្ន ជនសង្ស័យ​ប្រុស​-​ស្រី​ទាំង​៣​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​តុលាការខេត្ត នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០១៦​នេះ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕