អាជ្ញាធរ​អប្សរា​ប្រកាស​រើស​មគ្គុទ្ទេសក៍​ទៅ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នៅ​ម៉ា​កាវ​

សៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​អង្គការ​ទេសចរ​ណ៍​ពិភពលោក UNWTO បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​មួយ​នៅ​ម៉ា​កាវ ប្រទេស​ចិន​។ អាជ្ញាធរ​អប្សរា​បានប្រកាស​ជ្រើសរើស​មគ្គុទ្ទេសក៍​ចំនួន ២០​នាក់ ដើម្បី​ទៅ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ជា​លក្ខណៈ​អន្តរជាតិ​នេះ​។​

វគ្គ​បណ្តុះបណ្តាល ក្រោម​ប្រធានបទ «​ការគ្រប់គ្រង និង​ការបកស្រាយ​ព័ត៌មាន​នៅក្នុង​រមណីយ​ដ្ឋា​ន​អង្គរ​បេតិកភណ្ឌ​ពិភពលោក​» មាន​រយៈពេល​៩​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​២០ មិថុនា ឆ្នាំ​២០១៦ នៅ​ម៉ា​កាវ សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

​ក្នុង​សេចក្តីជូនដំណឹង ដែល​ចុះ​ថ្ងៃទី​៣១ មីនា ដោយ​លោក សុខ សង្វារ ដែលជា​អគ្គនាយក​ស្តីទី​របស់​អាជ្ញាធរ​ជាតិ​អប្សរា មគ្គុទ្ទេសក៍​ដែល​ចង់​ដាក់ពាក្យ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ខាងលើ ត្រូវមាន​លក្ខខណ្ឌ​មួយចំនួន​។ លក្ខខណ្ឌ​ទាំងនោះ​រួមមាន ត្រូវមាន​បទពិសោធន៍​នាំ​ភ្ញៀវ​យ៉ាងតិច​៥​ឆ្នាំ ត្រូវមាន​អាជ្ញាប័ណ្ណ​មគ្គុទ្ទេសក៍ មាន​កម្រិត​ភាសា​អង់គ្លេស​អាច​ទំនាក់ទំនង​បាន មាន​ឆន្ទៈ​ចូលរួម​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​បេតិកភណ្ឌ និង​ចូលរួម​ចែករំលែក​ចំណេះដឹង ដែល​ទទួលបាន​ពី​ការសិក្សា​ជាមួយ​មគ្គុទ្ទេសក៍​ផ្សេងៗ ។​

​មគ្គុទ្ទេសក៍​ដែល​ចាប់អារម្មណ៍ អាច​ទៅ​ទទួល​ពាក្យ​ប្រឡង​នៅ​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា ទីស្តីការគណៈរដ្ឋមន្ត្រី ឫ​អាច​ទាញយក​តាម​វេ​ប​សាយ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។

​គួរ​បញ្ជាក់ថា ថ្លៃ​សំបុត្រ​យន្តហោះ​ទៅមក ថ្លៃ​សិក្សា និង​ការ​ស្នាក់នៅ គឺជា​បន្ទុក​របស់​រដ្ឋា​ភិ​បាល​ម៉ា​កាវ​៕