FBI ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​អង្គុយ​តាំងសមាធិ​ក្នុង​យន្តហោះ​

ជើងហោះហើរ​មួយ បាន​វិល​ទៅ​ចុះចត​នៅ​ក្រុង​ហា​វ៉ៃ សហរដ្ឋអាមេរិក​វិញ បន្ទាប់ពី​មាន​បុរស​កូរ៉េ​ម្នាក់​ព្យាយាម​ដើរ​ចេញពី​កៅអី​របស់ខ្លួន ដើម្បី​អង្គុយ​តាំងសមាធិ​យោ​គៈ​នៅ​ផ្នែក​ខាងក្រោយ​នៃ​យន្តហោះ​។ នេះ​បើតាម​ការបញ្ជា​ក់ថា​ភ្នាក់ងារ​ប៉ូលិស FBI របស់​សហរដ្ឋអាមេរិក​។​

​កាលពី​ថ្ងៃទី​២៦ ខែមីនា យន្តហោះ​ក្រុមហ៊ុន United Airlines ដែល​ត្រូវ​ចេញដំណើរ​ពី​អាកាសយានដ្ឋាន Honolulu International Airport ពី​កោះ​ហា​វ៉ៃ ទៅ Narita International Airport ក្នុង​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន បាន​វិលត្រឡប់​ទៅកាន់​ទីតាំង​ចាស់​របស់ខ្លួន​វិញ បន្ទាប់ពី​អ្នកបើកបរ បានលឺ​សំឡេង​បុរស​ម្នាក់​ស្រែក​ខ្លាំង​ដាក់​បុគ្គលិក​បម្រើការ​លើ​យន្តហោះ និង​ភរិយា​របស់ខ្លួន​។​

​ភ្នាក់ងារ FBI បាន​លូកដៃ​ចូលក្នុង​រឿងនេះ បន្ទាប់ពី​ទទួល​បណ្តឹង​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​។ អ្នកដំណើរ​ឈ្មោះ Hyongtae Pae​។ Pae បាន​និយាយប្រាប់ FBI ថា ខ្លួន​មិន​ចង់​អង្គុយ​លើ​កៅអី​ឡើយ ព្រោះ​គេច​ង់​អង្គុយ​នៅ​ផ្នែក​ខាងក្រោយ​ដើម្បី​តាំងសមាធិ និង​ធ្វើ​យោ​គៈ​។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់ AP​។​

​បុរស​ម្នាក់នេះ មាន​អារម្មណ៍​ខឹងសម្បារ​យ៉ាងខ្លាំង ដោយសារ​បុគ្គលិក​បម្រើ​ការ​ក្នុង​យន្តហោះ និង​ភរិយា ព្យាយាម​រារាំង​រូបគេ​។ យោងតាម Darren Ching ដែលជា​ជំនួយការ​ផ្នែក​ច្បាប់​ម្នាក់ បាន​អះអាងថា Pae បាន​គំរាម​សម្លាប់​អ្នកដំណើរ​លើ​យន្តហោះ ដោយបាន​ស្រែកថា គ្មាន​អាទិទេព​ឡើយ​ក្នុង​លោក​នេះ​។​

Pae ត្រូវបាន​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន ដោយ​រង់ចាំ​សវនាការ​ផ្លូវការ​។ Darren Ching បាន​អះអាងថា​៖ «​គេ​មិនអាច​ដោះលែង Pae បានឡើយ ពីព្រោះ​គេ​ជា​មនុស្ស​ដ៏​គ្រោះថ្នាក់​ម្នាក់​ដែល​បានគ​ម្រាម​ភរិយា​របស់ខ្លួន បុគ្គលិក​ក្នុង​យន្តហោះ និង​អ្នកដំណើរ​ផ្សេងទៀត​»​។​
​ចៅក្រម​ម្នាក់​ឈ្មោះ Kevin Chang បាន​តម្រូវ​ឲ្យ Pae តម្កល់​ប្រាក់​២៥០០០​ដុល្លារ​អាមេរិក ប៉ុន្តែ​ត្រូវគោរព​នូវ​លក្ខខណ្ឌ​មួយចំនួន ដូចជា មិនត្រូវ​ចាកចេញ​ពី​កោះ Oahu និង​ត្រូវ​ទទួល​ការពិនិត្យ​ផ្នែក​ចិត្តសាស្ត្រ​។​

​លោក Chang បដិសេធ​ការស្នើសុំ​ឲ្យ Pae វិលត្រឡប់​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​វិញ ដោយសារ​បារម្ភ​ថា រូបគេ​នឹងធ្វើ​សកម្មភាព​ដដែល​នៅលើ​យន្តហោះ​។ មេធាវី​ម្នាក់​របស់ Pae បាន​អះអាងថា កូនក្តី​របស់ខ្លួន​ដែលមាន​អាយុ​៧២​ឆ្នាំ និង​ភរិយា បានធ្វើ​ដំណើរ​ពី​កូរ៉េខាងត្បូង​ទៅ​កោះ​ហា​វៃ ជា​លើកដំបូង​ដើម្បី​ប្រារព្ធ​ខួបអាពាហ៍ពិពាហ៍​៤០​ឆ្នាំ​។​

​នា​អំឡុង​នៃ​ការឃុំខ្លួន ភរិយា​របស់ Pae ត្រូវបាន​តម្រូវ​ឲ្យ​ស្នាក់​នៅក្នុង​សណ្ឋាគារ​មួយ ដោយ​មេធាវី​កំពុង​ស្វែងរក​ជំនួយ​ហិរញ្ញវត្ថុ​ដើម្បី​ទ្រទ្រង់​ការចាយវាយ​ប្រចាំថ្ងៃ​របស់គាត់​។ Pae បាន​និយាយប្រាប់ FBI ថា រូបគេ​ដេក​មិន​លក់​អស់​រយៈ​១១​ថ្ងៃ​មកហើយ​៕