ក្រុម​ទ័ព ទម្លាក់​បឹង​កេត​ពីកំពូល​តារាង ខណៈ៤​ក្រុម​ទៀត​ប្រជែង​គ្នា​ថ្ងៃនេះ

នៅ​ទី​បំផុត​​ក្រុម​បឹង​កេតអង្គរ បាន​ជួប​ការ​បរាជ័យ​របស់​ខ្លួនហើយ ខណៈពួក​គេ​​​ មិន​អាច​បញ្ចប់​​កំណត់​ត្រា​មិន​ដែល​ចាញ់​របស់​ក្រុម​ក្រសួង​ការពារ​ជាតិ(ទ័ព) ​បាន​នោះ រីឯ​ក្រុម​​ណាហ្គាវើល ក៏​បាន​ជួប​ការ​ខក​ចិត្ត នៅ​លើ​ទឹក​ដី​ខេត្ត​ស្វាយរៀង​ផង​ដែរ ប៉ុន្តែ​ក្រុម​ខេម​បូឌាន​ថាយហ្គឺរ បាន​ហាក់​ឡើង​មក​ឈរ​នៅលេខ​រៀង​ទី​៤ ក្រោយ​ពេល​ពួក​គេ​បន្ត​យក​ឈ្នះ​លើ​ក្រុម​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា សម្រាប់​ការ​វិល​មក​ជួប​គ្នា​ក្នុង​រដូវ​កាល​ថ្មី​នេះ។
1
សម្រាប់​ការ​ប្រកួត នៅ​កីឡដ្ឋាន​ជាតិ កាល​ពី​យប់​ថ្ងៃ​សៅរ៍ ម្សិលមិញ​នោះ ក្រុម​ទ័ព ដែល​​ធ្លាប់​បាន​ចាញ់​ក្រុម​បឹង​កេតអង្គរ ទាំង​២​ជើង ក្នុង​ការ​​ប្រកួត​រដូវ​កាល​ឆ្នាំ​២០១៥នោះ បាន​បង្ហាញ​ការ​លេង​ដ៏​គួរ​ឲ្យ​កត់​សម្គាល់ ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​ក្រុម​បឹង​កេតអង្គរ។

បើ​ទោះ​បីជា​ពួក​គេ​មិន​អាច​សម្រេច​ក្នុង​ការ​រក​បាន​គ្រាប់​បាល់​នៅ​តង់​ទី​១ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​នៅ​តង់​ទី​២​ខ្សែ​ប្រយុទ្ធ​មក​ពី​កូរ៉េខាងជើង Kyong Ho បាន​ទាត់​ទម្លុះ​សំណាញ់​ទី​ក្រុម​បឹង​កេត បាន​សម្រេច​នៅនាទីទី​៥១​ មុន​ពេល​មិត្ត​រួម​ជាតិ​របស់​គេ Myong Ho បាន​បនបន្ថែម​គ្រាប់​បាល់​ទី​២​ឲ្យ​ក្រុម​ទ័ព នៅ​នាទី​ទី​៨១ ប៉ុន្តែ​ក្នុង​នាទីទី​​៨២ ខ្សែ​ប្រយុទ្ធ Samuel បាន​​វាយ​បក​បាន​១​គ្រាប់​វិញ​ឲ្យ​បឹង​កេត។
2
3
ជាមួយ​លទ្ធ​ផល​ឈ្នះ ២-១ នេះ​បាន​ជួយ​ក្រុមទ័ព ឡើង​ទៅ​ឈរ​នៅ​លើ​កំពូល​តារាង ដោយ​បាន​​ទម្លាក់​ក្រុម​បឹង​កេត ឲ្យ​មក​ឈរ​នៅ​លេខ​រៀង​ទី​៣​វិញ ព្រោះ​លេខ​រៀង​ទី​៣ បាន​ក្លាយ​​ទៅ​ជា​របស់​ក្រុម​ព្រះខ័នរាជស្វាយ​រៀង ខណៈ​ក្រុម​ម្ចាស់​ផ្ទះ​មួយ​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​ភ្ញៀវ​គឺណាហ្គាវើល ចាញ់​ក្នុង​លទ្ធ​ផល ២-១ ទាំង​មិន​អស់​ចិត្ត នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយ​រៀង កាល​ពី​ថ្ងៃ​សុក្រ​នោះ។
ចំណែក​ក្រុម​ខេមបូឌាន​ថាយហ្គឺរ ក៏​បាន​ជួប​ភាព​សប្បាយ​រីក​រាយ ក្នុង​ការ​ប្រកួត​វិល​ជុំ​សប្តាហ៍​ទី​៣​នេះ​ផង​ដែរ ដោយ​ពួក​គេ​បាន​យក​ឈ្នះ​ក្រុម​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ក្នុង​លទ្ធ​ផល ៣-១ កាល​ពី​ថ្ងៃសៅរ៍​នោះ​ដែរ។
4
5
6
៤​ក្រុម​ដែល​ត្រូវ​ប្រជែង​គ្នា​នៅ​ថ្ងៃ​អាទិត្យ​នេះ
ដោយ​ឡែក នៅ​រសៀល និង​ថ្ងៃ​អាទិត្យ​នេះ មាន​ការ​ប្រកួត​ចំនួន​២​គូ​ទៀត ដោយ​ក្នុង​នោះ​​ក្រុម​វេស្ទើន ត្រូវ​ប្រឈម​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោន នៅ​កីឡដ្ឋាន​វេស្ទើន នា​រសៀល​ម៉ោង ៣:៣០ ខណៈ​ជំនួប​២​លើក​កាល​ពី​ឆ្នាំ​មុន វេស្ទើន បាន​ចាញ់​ភ្នំពេញ​ក្រោន ៦-១ និង ១០-០។ រីឯ​ក្រុម​អគ្គ​ស្នង​ការនគរ​បាល​ជាតិ ត្រូវ​ជួប​ក្រុម​អាស៊ី​អឺរ៉ុប ដែល​ពួក​គេ​ធ្លាប់​ឈ្នះ ២-១ និង​៣-២ នៅ​ពហុកីឡដ្ឋាន​ជាតិ នា​ល្ងាច​ម៉ោង ៦:០០ ថ្ងៃ​អាទិត្យ​នេះ៕

តារាង​ចំណាត់ថ្នាក់​ជា​បណ្តោះ​អាសន្ន​នៃ​ក្របខ័ណ្ឌ​មិត្ត​ហ្វូនខេមបូឌាន​លីក ឆ្នាំ​២០១៦
Screen Shot 2016-04-03 at 2.08.54 PM