Update៖ឃាត់ខ្លួន អ្នកបើករថយន្ត ធ្លាក់ទឹកទន្លេ នៅកំពង់ដរ អ៊ុងប៉ាង ស្លាប់មនុស្ស៧នាក់

កណ្តាល៖ អ្នកបើកបររថយន្ត RX300 ដែលច្រឡំជាន់ហ្គែ ស្មានថាហ្រាំង រួចប៉ើងកំណល់ ធ្លាក់រថយន្តចូលទឹក ទន្លេស្លាប់មនុស្ស ៧នាក់ នៅកំពង់ដរ ព្រែកអ៊ុងប៉ាង ភូមិព្រែកខ្សេវ ឃុំរស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល នៅម៉ោងប្រមាណ ៧៖១៥នាទី យប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦នេះ ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួន បន្ទាប់ពីបើកបរ ដោយការធ្វេសប្រហែស។ 

បើតាមលោក សេង សុជាតិ អធិការនគរបាល ស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យ ដែលត្រូវឃាត់ខ្លួននេះ មានឈ្មោះ សាក់ សារះ អាយុ៣៣ឆ្នាំ ជាអ្នកបើករថយន្ត RX300 បង្កគ្រោះថ្នាក់ស្លាប់មនុស្ស ចំនួន ៧នាក់។ លោកអធិការ សេង សុជាតិ ក៏បានបញ្ជាក់ទៀតថា មុនពេលកើតហេតុការ ក្រុមគ្រួសារជនរងគ្រោះ ចំនួន១០នាក់ បានធ្វើដំណើរមកពីឆេងម៉េង នៅឃុំខ្ពប ស្រុកស្អាង ហើយអ្នកបើកបររថយន្ត RX300 បានផឹកស្រាបៀរអស់ចំនួន ៤កំប៉ុង ខណៈធ្វើដំណើរមកដល់កំពង់ដរ ព្រែកអ៊ុងប៉ាង មនុស្សចាស់ពីរនាក់ បានចុះពីលើរថយន្ត ដើរទៅទឹកដរ ពេលដែលរថយន្ត ចុះដល់លើទូកដរ លោក សារះ ដែលជាអ្នកបើករថយន្តនេះ បានច្រឡំជាន់ហ្គែ ស្មានថាហ្វ្រាំងយ៉ាងខ្លាំង រហូតប៉ើងកំណល់ រួចធ្លាក់រថយន្តចូលទឹក។ លោក សេង សុជាតិ បានបញ្ជាក់បន្ថែមទៀតថា ក្រោយពីរថយន្តធ្លាក់ចូលទឹក អ្នកបើកបររថយន្ត ឈ្មោះ សាក់ សារះ នេះ បានបើកទ្វារ ចេញរួចពីរថយន្ត ហើយហែលទឹក ឡើងមកលើគោកវិញ ដោយឡែកមនុស្ស ចំនួន៧នាក់ ទៀត ដែលមានមនុស្សចាស់ ចំនួន២នាក់ និងក្មេងៗចំនួន៥នាក់ បានស្លាប់ដោយសារ ឈ្លក់ទឹកនៅក្នុងរថយន្ត។

 អធិការនគរបាលស្រុកស្អាង លោក សេង សុជាតិ បានបញ្ជាក់នៅម៉ោងប្រមាណ ៨៖៤៥នាទី យប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦នេះ ថា មនុស្សចំនួន៧នាក់ បានស្លាប់ភ្លាមៗ ឯ២នាក់ផ្សេងទៀត រងរបួសឈ្លក់ទឹក ហើយត្រូវ បានបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ ភ្លាមៗ បន្ទាប់ជួបហេតុការណ៍ គ្រោះថ្នាក់ រថយន្តធ្លាក់ចូលទឹកទន្លេ នៅភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។ លោក សេង សុជាតិ បានបញ្ជាក់ទៀតថា រថយន្តបាន RX300 បានបើកធ្លាក់ ចូលទឹកទន្លេ ខណៈកំពុងឆ្លងដរ នៅកំពុងដរ ព្រែកអ៊ុងប៉ាង ក្នុងភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ហើយអ្នកជិះក្នុងរថយន្តនោះ មានក្មេងមានចាស់ ក្នុងហេតុការណ៍ បានបណ្តាលឲ្យមនុស្ស៧នាក់ ឈ្លក់ទឹកស្លាប់ ឯ២នាក់ទៀត កំពុងជួយសង្គ្រោះបន្ទាប់។

បើតាមការបញ្ជាក់ពីមន្រ្តីសាលាខេត្តកណ្តាល បានឲ្យដឹងថា ជនរងគ្រោះ៧នាក់ ដែលស្លាប់នោះ ក្នុងនោះមានក្មេង ចំនួន៥នាក់ (ប្រុស៣នាក់ ស្រី២នាក់) ដោយឡែកពីរនាក់ទៀត ជាមនុស្សចាស់ មានប្រុស មានស្រី ឯអ្នកនៅរស់រានមានជីវិតមានចំនួន២នាក់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត