ដឹង​ច្បាប់​ ល្មើសច្បាប់ ! នាយ​រង​ ច្រក​ទ្វារ​ភ្នំ​ដិ​ន​ ស្រវឹង​បើកឡានអត់ពន្ធ ​​បុក​គេ​ស្លាប់

ខេត្តតាកែវ ៖ បុរស​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បាន​១​យប់ ឯ​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដោយសារ​ត្រូវ​រថយន្ត​ប្រដេញ​គ្នា​បុក​យ៉ាង​ពេញទំហឹង​កាល​ល្ងាច​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៦ ។

ហេតុការណ៍​លោក​ប៉ូលិស​ស័ក្តិ​៤​ដែល​ជា​នាយ​រង​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន​ផឹកស៊ី​ស្រវឹង​បើកឡាន​បោះពួយ​បុកគេ​នេះ​បាន​កើតឡើង​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១០១ លេខ​១០២ ស្ថិត​ក្នុងភូមិ​ព្រៃធំ ឃុំ​ពេ​ជ​សារ ស្រុក​កោះអណ្ដែត ខេត្តតាកែវ ។

ប៉ូលិស​ចរាចរណ៍​ស្រុក​កោះអណ្ដែត​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ម៉ាក​ហា​យ​ប្រ៊ិ​ត ព​ណ៌​ទឹកមាស អត់​ពន្ធ ពាក់​ស្លាក​លេខ​ក្លែងក្លាយ ភ្នំពេញ 2L-8891 អ្នកបើកបរ​ឈ្មោះ ប៊ុ​ន ច​ន្ថា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ​ជា​ប៉ូលិស​ពាក់​ស័​ក្តិ៍​៤ និង​ជា​នាយ​រង​ប៉ុស្តិ៍​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន រីឯ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក PCX ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ តាកែវ 1J-4694 បើកបរ​ដោយ​ឈ្មោះ ប្រាក់ សុខុម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ត្រាំ សង្កាត់​រកា​ក្រៅ បាន​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ខេត្ត​១​យប់ ឯ​អ្នក​រួម​ដំណើរ​ឈ្មោះ នី មាន​ថៃ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​បែក សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ រង​របួសធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

ប៉ូលិស​ចរាចរណ៍​ស្រុក​បាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ជិះ​ម៉ូតូឌុប​គ្នា​ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង​ លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​បង្ក​ និង​រថយន្ត​២-៣​គ្រឿង​ទៀត​ជិះ​ប្រដេញ​គ្នា​យ៉ាង​លឿន​ ក៏​រេ​ចង្កូត​មក​បុក​គ្នា​ជាមួយ​ម៉ូតូ​​ជន​រង​គ្រោះ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ទាំង​២​នាក់​ដេក​ដួល​លើ​ចិញ្ចើមថ្នល់ ឯ​ជន​បង្ក​ឡើង​ជិះ​រថយន្ត​បក្សពួក​រត់គេច​ខ្លួន​បាត់ ។

ប៉ូលិស​ច្រក​ទា្វរ​អន្តរជាតិ​ភ្នំ​ដិ​ន​បាន​បង្ហើប​ថា នៅ​មុន​ពេល​កើតហេតុ ប៉ូលិស​ស័ក្តិ​៤​រូប​នេះ​ និង​​នាយ នាយ​រង​ប៉ុស្តិ៍​ប្រមាណ​ជា​៤-៥​នាក់​បាន​នាំ​គ្នា​ស៊ីផឹក​នៅ​ប៉ុស្តិ៍​ឡើង​ស្រវឹង​គ្រប់​ៗ​គ្នា រួច​ក៏​បែកផ្លូវ​គ្នា ទើប​ធ្វើ​ឲ្យ​ជន​បង្ក​បើកឡាន​ប្រដេញ​គ្នា​រេ​ចង្កូត​ទៅ​បុក​ជន​រង​គ្រោះ​តែ​ម្តង ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត