បញ្ជូន​ជនសង្ស័យ​២១​នាក់​ទៅ​តុលាការ​ជា​បន្តបន្ទាប់ ​ក្នុង​បទល្មើស​ផ្សេងៗ​គ្នា​

បញ្ជូន​ជនសង្ស័យ​២១​នាក់​ទៅ​តុលាការ​ជា​បន្តបន្ទាប់ ​ក្នុង​បទល្មើស​ផ្សេងៗ​គ្នា​



ភ្នំពេញ ៖ ជនសង្ស័យ​ក្នុង​បទ​ជួញដូរ និង​ប្រើប្រាស់​ប្រាស់​គ្រឿងញៀន​១២​នាក់ និង​ចោរឆក់​០៩​នាក់​ដែល​បាន​អះអាង​ថា​ធ្លាប់​ឆក់​២០០​ដង ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ត្រូវ​បាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូន​ទៅ​តុលាការ​ជា​បន្តបន្ទាប់ ក្នុង​ថ្ងៃ​ទី០៣ ​និង​ទី​០៤ ​ខែ​មេសា ឆ្នាំ​២០១៦​។​

មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​នៅ​វេលា​ម៉ោង​៨​និង​២០​នាទី ​ថ្ងៃ​ទី​៤​មេសា​ថា មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​១២​នាក់ ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ស្រាវជ្រាវ និង​តាមដាន​អស់​រយៈពេល​ជា​យូរ​មក​ហើយ ត្រូវ​បាន​បង្ក្រាប​កាលពី​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០១៦ នៅ​លើ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ និង​ភូមិ​ត្រពាំង​ឈូក​ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដោយ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​មានជ័យ​ សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ការ​បង្ក្រាប​នោះ​ដែរ​ សមត្ថកិច្ច​ជំនាញ​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ដកហូត​ថ្នាំញៀន​ជាក់ស្ដែង​បាន​ចំនួន​១០​កញ្ចប់ និង​ដប​ជក់​ថ្នាំ​មួយ​ចំនួន និង​បាន​បញ្ជូន​ទៅ​តុលាការ​កាលពី​ថ្ងៃ​សៅរ៍ ទី​០២ ខែ​មេសា ឆ្នាំ​២០១៦។ រីឯ​ក្រុម​ចោរ​ឆក់​ចំនួន​០៩​នាក់​ដែល​អះអាង​ថា​ធ្លាប់​ឆក់​ចំនួន​២០០​ដង ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​បុក (Facebook) ត្រូវ​បាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូន​ទៅ​តុលាការ​ហើយ​ផង​ដែរ កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​០៣ ខែ​មេសា ឆ្នាំ​២០១៦ បន្ទាប់ពី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ការ​តាមដាន​ស្រាវជ្រាវ​អស់​រយៈពេល​ជាច្រើន​ខែ ឈាន​ទៅ​ដល់​ការកំណត់​មុខសញ្ញា​បាន និង​បាន​ផ្សព្វផ្សាយ​ដល់​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១២​ឲ្យ​ឃ្លាំមើល ​និង​តាម​ចាប់​មុខសញ្ញា​ចោរឆក់​ទាំង​នោះ​។​

ប្រភព​បន្ត​ថា ​ក្រុម​នេះ​បានធ្វើ​សកម្មភាព​ឆក់​ជា​ហូរហែ​ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ រហូត​មក​ដល់​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០១៦ ទើប​អាវុធហត្ថ​ខណ្ឌ​ចំការមន​បាន​ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ទាំង​នោះ​បាន​ចំនួន​០៤​នាក់ បន្ទាប់ពី​ពួកគេ​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​ពី​នារី​ម្នាក់​នៅ​ចំណុច​ក្រោយ​ព្រះបរមរាជវាំង ក្រោយមក​កម្លាំង​ជំនាញ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​បាន​បន្ត​តាម​ចាប់​បក្ខពួក​ជនសង្ស័យ​បាន​ចំនួន​០៥​នាក់​បន្ថែម​ទៀត។

តាម​ចម្លើយ​សារភាព​របស់​ក្រុម​ចោរ​ឆក់​ទាំង​០៩​នាក់​បាន​សារភាព​ថា ក្រុម​ពួកគេ​មាន​គ្នា​ជាង​១០​នាក់ ក្នុង​នោះ​មាន​អ្នកខ្លះ​បាន​ចូលរួម​ឆក់​ជាង​២០០​ដង ខ្លះ​ជាង​៦០​ដង ឯ​ខ្លះ​ទៀត​ច្រើនពេក​ចាំ​មិន​អស់ ដោយ​ភាគច្រើន​ពួកគេ​ធ្វើ​សកម្មភាព​ឆក់​នៅ​ក្នុង​ខណ្ឌ​ដូនពេញ ចំការមន ៧​មករា និង​ទួលគោក។ ក្នុង​នោះ​ចំណុច​ដែរ​ពួកគេ​ចាំ​ច្បាស់​មាន​ដូចជា នៅ​ចំណុច​ក្រោយ​ព្រះបរមរាជវាំង​, ឃ្លាំង​រំសេវ​, ក្បែរ​អង់តែន​ទូរទស្សន៍​ជាតិ​, កោះ​ពេជ្រ​, ក្តាន់​ពីរ​, ផ្សារ​កណ្តាល​, សាលា​ស៊ីសុវត្ថិ​, ផ្លូវ​កម្ពុជា​ក្រោម និង​មាន​កន្លែង​ផ្សេងៗ​ទៀត​ជាច្រើន​រាប់មិនអស់​នៅ​ទីក្រុង​ភ្នំពេញ​៕

បញ្ជូន​ជនសង្ស័យ​២១​នាក់​ទៅ​តុលាការ​ជា​បន្តបន្ទាប់ ​ក្នុង​បទល្មើស​ផ្សេងៗ​គ្នា​

បញ្ជូន​ជនសង្ស័យ​២១​នាក់​ទៅ​តុលាការ​ជា​បន្តបន្ទាប់ ​ក្នុង​បទល្មើស​ផ្សេងៗ​គ្នា​