កុមារី​សិស្ស​សាលា​ម្នាក់ ​ត្រូវ​ជន​មិន​ស្គាល់​មុខ ​នាំ​ទៅ​រំលោភ​ រួច​សម្លាប់​​ចោល​យ៉ាង​ព្រៃផ្សៃ

កុមារី​សិស្ស​សាលា​ម្នាក់ ​ត្រូវ​ជន​មិន​ស្គាល់​មុខ ​នាំ​ទៅ​រំលោភ​ រួច​សម្លាប់​​ចោល​យ៉ាង​ព្រៃផ្សៃ



កំពត​ ៖​ កុមារី​សិស្ស​សាលា​ម្នាក់ ​ត្រូវ​ជន​មិន​ស្គាល់​មុខ ​នាំ​ទៅ​រំលោភ​ រួច​សម្លាប់​​ចោល​ក្នុង​ព្រៃ​ ​យ៉ាង​ព្រៃផ្សៃ​ ហើយ​បាន​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៦ ​នៅ​ចំណុច​ភូមិ ភ្នំ​តូច ឃុំ​កណ្ដោល​ ស្រុក​ទឹកឈូ ​ខេត្ត​កំពត។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ចំណាស់​ម្នាក់​ ដែល​ត្រូវ​ជា​ជីដូន​កុមារី​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា​ កុមារី​រងគ្រោះ​មាន​ឈ្មោះ​ ច.ស.ល ​អាយុ​១៥​ឆ្នាំ ​ជា​សិស្ស​ថ្នាក់​ទី​៨ ​នៅ​អនុវិទ្យាល័យ​រោងចក្រ​ស៊ីម៉ងត៍​ចង្រី​ទីង​កំពត។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ ​នៅ​ព្រឹក​ថ្ងៃ​ទី​១​ ខែ​មេសា​ គាត់​មិន​ឃើញ​ចៅ​មក​ផ្ទះ។ តែ​រូប​គាត់​ពុំ​បាន​ចាប់អារម្មណ៍​ទេ​ នឹក​ស្មាន​ថា​ ចៅ​ទៅ​លេង​ផ្ទះ​បងប្អូន ​ឬ​មិត្តភ័ក្ដិ​រៀន​ជាមួយគ្នា​ ពីព្រោះ​ចៅ​ធ្លាប់​ទៅលេង​ផ្ទះ​បងប្អូន​ម្ដងម្កាល​ជា​ធម្មតា។ លុះ​ពេល​យប់​ថ្ងៃ​ដដែល​មិន​ឃើញ​ចៅ​មក​ផ្ទះ​ ក៏​ចាប់ផ្ដើម​មានការ​សង្ស័យ​ ក៏​ដើរ​ទៅ​សួរ​គេឯង ​ដែល​រៀន​ជាមួយ​ចៅ ​គ្មាន​អ្នកណាម្នាក់​ដឹង​សោះ​ ទើប​មាន​ការ​សង្ស័យ​កាន់តែ​ខ្លាំង ​រួច​បាន​រាយការណ៍​ទៅ​ប៉ុស្តិ៍​ឲ្យ​ដឹង​ និង​ជួយ​ស៊ើប​សួររក​ទាំង​យប់។ ប៉ុន្តែ​ក្នុង​យប់​ថ្ងៃ​ទី​១​នេះ​ ការ​ស៊ើបរក​ពុំ​មាន​ដំណឹង​សោះ។ រហូត​ដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​២ ខែ​មេសា​ ទើប​នាំ​​​អ្នកស្រុក​ក្នុង​ភូមិ​ជួយ​ដើរ​រក ក៏​ប្រទះឃើញ​សាកសព​ស្លាប់​ទាំង​អាក្រាត​កាយ​នៅ​ក្នុង​ព្រៃ​ក្បែរ​មាត់​អូរ​ខាងកើត​ផ្ទះ​មាន​ចម្ងាយ​ប្រមាណ​ជា​៥០០​ទៅ​៦០០​ម៉ែត្រ​ដោយមាន​ក្លិនស្អុយ​ទៅ​ហើយ។

លោក​វរសេនីយ៍ឯក​ គង់ សុខន នាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ថ្លែង​ថាៈ ​ក្នុង​ករណី​ឃាតកម្ម​រំលោភ​សម្លាប់​នេះ​ ជនល្មើស​អាច​ជា​មនុស្ស​ធ្លាប់​ស្គាល់​គ្នា​ជិតស្និទ្ធ​ជាមួយ​ជនរងគ្រោះ ហើយ​ការ​សម្លាប់​នេះ​ អាច​រំលោភ​បាន​សម្រេច​ហើយ​ ទើប​សម្លាប់​ជា​ក្រោយ​(​សម្លាប់​ដោយ​កាច់​បំបាក់​ក​)។

លោក​មានប្រសាសន៍​បន្ត​ទៀត​ថាៈ ក្នុង​ករណី​ឃាតកម្ម​លើ​ កុមារី​ជា​ជនរងគ្រោះ​ខាងលើ សមត្ថកិច្ច​ជំនាញ​អាច​កំណត់​មុខសញ្ញា​ជនល្មើស​បាន​ហើយ ​ហើយ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ប្រភព​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ឈាន​ទៅ​ឃាត់ខ្លួន​ជនល្មើស​យក​មក​ផ្ដន្ទាទោស​តាមច្បាប់​ឲ្យ​ខាងតែបាន​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ៕