អឺរ៉ុបនិង​តួកគី​ផ្តើមប្រតិបត្តិការ​​ផ្តោះ​ប្តូរ​អន្តោប្រវេសន៍​

អាជ្ញាធរ​ក្រិក​និង​អឺរ៉ុប កំពុង​សំអិត​សំអាង​ប្រតិបត្តិការ​បញ្ជូន​អន្តោប្រវេសន៍​ស៊ីរី និង​អ៊ីរ៉ាក់ ដែល​ឆ្លង​ដែន​មក​ដល់​កោះ​ក្រិក​ ឱ្យ​ត្រលប់​ទៅ​​ជំរំ​តួកគី​វិញ ដោយ​ស្ងាត់​បំផុត។ អន្តោប្រវេសន៍​៧៥០​នាក់​ដំបូង​នឹង​ត្រូវ​ចេញ​ដំណើរ​ នៅ​ថ្ងៃ​ចន្ទ​នេះ ស្រប​តាម​កិច្ចព្រមព្រៀងរវាង​​អឺរ៉ុប​និង​តួកគី ដែល​អង្គការ​ការពារ​សិទ្ធិមនុស្ស​រិះគន់​យ៉ាង​ខ្លាំង។

គ្មាន​ព័ត៌មាន​លម្អិត​ ទាក់ទង​នឹង​ប្រតិបត្តិការ​ដឹក​បញ្ជូន​ជន​ភៀស​ខ្លួន​ឱ្យ​ទៅ​​តួកគីណា​ ត្រូវ​​អាជ្ញាធរ​ក្រិក​បាន​ទម្លាយ​ឱ្យ​ដឹង​ឡើយ​។ ប៉ុន្តែ​បើ​តាម​ប្រភព​ភ្នាក់ងារសារ​ព័ត៌មាន​ក្រិក គឺ​ក្រុម​ជន​ភៀស​ខ្លួន នៅ​លើ​​កោះ​ក្រិក ឡេបូស Lesbos ក្នុង​សមុទ្ទ​ អេហ្សេ ទល់​មុខ​នឹង​តួកគី ប្រមាណ​៧៥០​នាក់ត្រូវ​ចាប់​បញ្ជូន​ចេញ​មុន​គេ នៅ​រវាង​ថ្ងៃ​ចន្ទ​និង​ថ្ងៃពុធ​នេះ។ កោះ​ដែល​លំហូរ​អន្តោប្រវេសន៍​នៅ​តែ​បន្ត​មាន​ឥត​ដាច់ (​៦ពាន់​នាក់ គិត​ត្រឹម​ថ្ងៃ​ទី ២០ មីនា ថ្ងៃ​ដែល​កិច្ចព្រមព្រៀង​អឺរ៉ុប​តួកគី​ ចូល​ជា​ធរមាន)។

អឺរ៉ុបនិង​តួកគី​ផ្តើមប្រតិបត្តិការ​​ផ្តោះ​ប្តូរ​អន្តោប្រវេសន៍​

អន្តោប្រវេសន៍​ប្រមាណ​៧៥០​នាក់ ត្រូវ​ចាក​ចេញ​ពី​កោះ​ក្រិក​ នៅ​ថ្ងៃ​ចន្ទ​ទី ៤​មេសា ២០១៦

ចំណែក​ខាង​អាជ្ញាធរ​តួកគី​វិញ អះអាង​បាន​​ត្រៀម​លក្ខណៈ​គ្រប់​គ្រាន់​សម្រាប់​ទទួល​ជនភៀស​ខ្លួន​៥០០នាក់​ ហើយ​ក្នុង​ថ្ងៃ​ដំបូង​នេះ ប៉ុន្តែ​តួកគី​​បាន​ទទួល​បញ្ជី​ឈ្មោះ​ជន​ភៀស​ខ្លួន​ តែ​​៤០០​ឈ្មោះប៉ុណ្ណោះ។

ប្រតិបត្តិការ​បញ្ជូន​ជនភៀស​ខ្លួន ប្រព្រឹត្ត​ទៅ​ក្នុង​ក្រប​ខ័ណ្ឌ​អឺរ៉ុប។ ភ្នាក់ងារ​ការពារ​ព្រំដែន Frontex បាន​មក​ដល់​កោះ​ក្រិក​តាំង​ពី​ថ្ងៃ​អាទិត្យ ដើម្បី​ជួយ​ការពារ​ព្រំដែន។ ប៉ូលិស​បារាំង​ជាង​២០០​នាក់ ក៏បាន​មកធ្វើ​ជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជំនួយ​ប្រតិបត្តិការ​​ដែរ។ ហើយ​ក្នុង​ពេល​ទន្ទឹម​គ្នា​នោះ ចំនួន​ជនអន្តោប្រវេសន៍​មក​ដាក់​ពាក្យសុំ​សិទ្ធិ​ជ្រកកោន​​បានកើន​ឡើងជា​គំហុក ព្រោះ​កិច្ចព្រមព្រៀង​បាន​ចែង​ថា​នឹង​​សិក្សា​ពាក្យ​សុំ​ទៅ​តាម​ករណី​របស់​បុគ្គលម្នាក់ៗ។

សូម​បញ្ជាក់​ថា ដើម្បី​ទប់​ស្កាត់​រលក​អន្តោប្រវេសន៍ អឺរ៉ុប​និង​តួកគី​បាន​ចុះ​កិច្ចព្រមព្រៀង​​នៅ​ថ្ងៃ​ទី ១៨ មីនា មួយ​ទៅ​មួយ​មក បញ្ជូន​អន្តោប្រវេសន៍​នៅ​លើ​កោះ​ក្រិក​ទៅ​ជំរំ​តួកគី​ ជា​ថ្នូរ​នឹង​ការ​ទទួល​ជនភៀស​ខ្លួនស៊ីរី​ឱ្យចូល​ជ្រក​កោន​អឺរ៉ុប។ ដូច្នេះ​ទន្ទឹម​នឹងការ​បញ្ជូន​ចេញ​អន្តោប្រវេសន៍​ទៅ​តួកគី អឺរ៉ុប​ក៏​មាន​ភារៈ​ត្រូវ​ទទួល​ជន​ភៀស​ខ្លួន​ស៊ីរី​វិញ​ដែរ។ បើ​តាម​ប្រភព​ព័ត៌មាន​ក្រសួងមហាផ្ទៃ​អាល្លឺម៉ង់ ប្រកាស​នៅ​ថ្ងៃ​អាទិត្យ ថា​បែរឡាំង​ត្រូវ​ទទួល​​ជន​ភៀស​ខ្លួន​ស៊ីរី ៣៥​នាក់​ដំបូង​ ​នៅ​ថ្ងៃ​ចន្ទ​នេះ និង​រាប់​សិប​​​នាក់ទៀត ត្រូវ​ចែក​ចាយ​ ទៅ​បារាំង ទៅ​ហ្វាំងឡង់ និងទៅ​ព័រទុយហ្កាល់។  ​ថ្នាក់​ដឹកនាំ​អឺរ៉ុប​មួយ​ចំនួន​ មាន​ជាអាទិ៍​ប្រទេស​អូទ្រីស និង​តួកគី​ផ្ទាល់ នៅ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្លាំង​ចំពោះ​ប្រសិទ្ធិភាព​នៃ​ប្រតិបត្តិការ​នេះ៕

ប្រភពៈ RFI