លោក​អូបាម៉ា​សរសើរ​កិច្ច​ព្រមព្រៀង​ក្នុង​ជំនួប​កំពូល​ប៉ុន្តែ​ថា​​បរមាណូ​សម្រាប់​ភេរវជន​នៅ​តែ​ជា​គ្រោះ​ថ្នាក់

ក្រុម​មេដឹក​នាំ​នៃ​ប្រទេស​ជាតិ​ជាង​៥០​ដែល​បាន​ប្រជុំ​គ្នា​នៅ​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន​អំពី​សន្តិសុខ​បរមាណូ​និងភេរវកម្ម​បានយល់ស្របគ្នា​អំពី​សកម្មភាព​ដែល​ពួក​គេ​នឹង​ធ្វើជា​មួយ​គ្នា​ដើម្បី​កាត់បន្ថយគ្រោះថ្នាក់ដែល​ពិភពលោក​កំពុង​ប្រឈម ក៏​ប៉ុន្តែ​លោកប្រធានាធិបតី​បារ៉ាក់អូបាម៉ា​បាន​មានប្រសាសន៍​ថា​ការ​ងារ​ដ៏​ពិបាក​ចាប់​ផ្តើម​នៅ​ពេល​នេះ​ដោយ​កសាង​បន្ត​ពី​សមិទ្ធផល​នៃ​សន្និសីទ​កំពូល​នេះ។

លោក អូបាម៉ា​ បាន​មាន​ប្រសាសន៍​ប្រាប់​ប្រជារាស្ត្រ​អាមេរិកាំង​កាល​ពី​ថ្ងៃ​សៅរ៍​ថា ​កិច្ច​ខិត​ខំប្រឹង​ប្រែង​សាកល​ដើម្បី​រក្សាទុក​សម្ភារៈ​បរមាណូ​ឱ្យបាន​ល្អ​បាន​ធ្វើ​ឱ្យ​មាន​ការ​ជឿនលឿន​ដ៏​សំខាន់។​ លោក​ប្រធានាធិបតី​បាន​មានប្រសាសន៍​ថា៖ «នៅ​ពេល​ដែល​ពួក​ភេរវជន​និង​ពួក​អន្ធពាល​ជា​ឧក្រិដ្ឋជន​ស្វះ​ស្វែង​រក​គ្រឿង​ផ្សំដ៏​ប្រល័យ​សម្រាប់​ផលិត​អាវុធ​បរមាណូ​ នៅ​ពេល​នេះ​ពួក​វាមិន​អាច​ចូល​ទៅ​ក្នុង​តំបន់​ធំធេង​នៃ​ពិភព​លោក​បាន​ទេ»។

លោក​អូបាម៉ា​សរសើរ​កិច្ច​ព្រមព្រៀង​ក្នុង​ជំនួប​កំពូល​ប៉ុន្តែ​ថា​​បរមាណូ​សម្រាប់​ភេរវជន​នៅ​តែ​ជា​គ្រោះ​ថ្នាក់

លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ និង​មេដឹក​នាំ​ពិភពលោក​មួយ​ចំនួន​ក្នុង​ពេល​ថតរូប​ជុំ​គ្នា​ក្នុង​ជំនួប​កំពូល​ស្តី​ពី​សន្តិសុខ​អាវុធបរមាណូ​ កាល​ពី​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ២០១៦ នៅ​រដ្ឋាធានី​វ៉ាស៊ីនតោន។

ដោយ​សង្ខេប​អំពី​សន្និសីទ​កំពូល​នេះ​ លោក អូបាម៉ា ​បាន​មានប្រសាសន៍​ថា៖​«គ្មាន​ក្រុមភេរវជន​ណា​មួយ​មាន​ជោគជ័យ​ក្នុង​ការមាន​អាវុធ​បរមាណូ​មួយ​ឬ​ក្នុង​ការ​ផលិត​គ្រាប់​បែក​កខ្វក់​មួយ​ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ dirty bomb​ ដោយ​ប្រើ​ប្រាស់​សម្ភារៈ​វិទ្យុសកម្ម​នៅ​ឡើយ​ទេ»។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា​

ក៏ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណាក៏​ដោយ​ក៏​ពួក​អាល់កៃដា​ ពួក​រដ្ឋ​ឥស្លាម​ និង​ក្រុម​ភេរវជន​ឯទៀតៗ​បាន​ខិត​ខំ​ព្យាយាម​ធ្វើ​ដូច្នេះ​ហើយ។​

លោក​អគ្គលេខាធិការ​ អ.ស.ប.​ បានគី​មូន​ ដែល​បាន​ចូល​រួម​ក្នុង​សន្និសីទ​កំពូល​នេះ​ដែរ​បាន​គាំទ្រ​ទាំង​ស្រុង​ដល់​សេចក្តី​ប្រកាស​និង​ផែនការ​សកម្មភាព​ដែល​បាន​ត្រូវ​យល់​ព្រម​ដោយ​ពួក​អ្នក​ចូលរួម​ទាំង​អស់គ្នា។ លោក​បាន​អំពាវ​នាវ​ដល់​ពិភពលោក​ទាំង​មូល​ឱ្យ​គាំទ្រ​និង​បន្ត​សន្ទុះ​ដែល​សន្និសីទ​កំពូល​នេះ​បាន​ធ្វើ​ឱ្យ​សម្រេច​ដោយ «អភិវឌ្ឍ​អនុសាសន៍​ជាក់​ស្តែង​ស្តីពី​ការ​ជាប់​ទាក់​ទង​គ្នា​រវាង​ភេរវកម្ម​ បរមាណូ​ និង​សន្តិសុខ​នៃ​បណ្តាញ​អ៊ីនធឺណីត»។

លោក អូបាម៉ា​ នឹង​បន្តការ​ប្រជុំ​ស្តី​ពី​សន្តិសុខ​បរមាណូ​ជាមួយ​កិច្ច​ចរចា​នៅ​ក្នុង​សេតវិមាន​នៅ​ថ្ងៃ​ចន្ទ​ ជាមួយ​លោក​អគ្គលេខាធិការ​អង្គការ​អូតង់​ Jens Stoltenberg។​ ​លោក​ទាំង​ពីរ​នឹង​ពិភាក្សា​គ្នា​អំពីការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ជ្រុល​និយម​រដ្ឋឥស្លាម​និង​ពួក​ភេរវជន​ឯទៀតៗ​ ព្រមទាំង​វិបត្តិ​ជន​ភៀសខ្លួន​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ និង​ផែនការ​ធ្វើ​សន្និសីទ​កំពូល​នៃ​អង្គការ​អូតង់​ក្នុង​ប្រទេស​ប៉ូឡូញ​ក្នុង​ពេល​បី​ខែ​ខាង​មុខនេះ៕

ប្រភពៈ VOA