ស៊ីរី ៖ រកឃើញ​រណ្តៅ​កប់​ខ្មោច​របស់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​ប៉ាល់មៀរ

មួយ​សប្តាហ៍ក្រោយ​ការ​​​ដណ្តើមបាន​​ក្រុង​បូរាណ​ប៉ាល់មៀរ​ពី​កណ្តាប់​ដៃ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​​ ដែល​បាន​គ្រប់​គ្រង​ក្រុង​បូរាណ​នេះ​អស់​រយៈពេល​ជា​មួយ​ឆ្នាំ ម្សិលមិញ​កង​កម្លាំង​រដ្ឋាភិបាល​ក្រុង​ដាម៉ាស បាន​រក​ឃើញ​រណ្តៅ​កប់​ខ្មោចរួម​យ៉ាង​ធំ​មួយ​ នៅ​ក្នុង​ក្រុង​ជា​ទីវាល​ខ្សាច់​រហោឋាន។ មាន​សាកសពមនុស្ស​​ជាង​សិប​នាក់​ កប់​ក្នុង​រណ្តៅ​នោះ ខ្លះ​ជា​ស៊ីវិល ជា​កុមារ​និង​ខ្លះ​ទៀតជា​ទាហាន។

សាកសព​៤២​នាក់ ត្រូវ​បាន​រក​ឃើញ​ដោយ​ទាហាន​ស៊ីរី ក្នុង​នោះ​២៤​នាក់ ជា​ស៊ីវិល បី​ជា​ក្មេង និង​១៨​ជា​យោធា។ សម្រាប់​កង​កម្លាំង​រដ្ឋាភិបាល​ នេះ​រណ្តៅ​សព​រួម​របស់​ក្រុមគ្រួសារ​ ​ជា​នាយ​ទាហាន​ និង​សាច់​ញាតិ ដែល​ពួក​អង្គការ​រដ្ឋអ៊ីស្លាម​បាន​ប្រហារ​ជីវិត​ ពេល​វាយចូល​ដណ្តើម​កាន់​កាប់​ក្រុង​ប៉ាល់មៀរ​បាន​ភ្លាម កាលពី​ខែ​ឧសភា ឆ្នាំ​២០១៥។
យោធាស៊ីរី មិន​ភ្ញាក់​ផ្អើល​នឹង​​ការ​រក​ឃើញ​នេះ​ទេ ព្រោះ​បើ​តាម​​អង្គការ​សិទ្ធិមនុស្ស​ស៊ីរី ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម ទំនង​ជា​បានសម្លាប់​មនុស្ស​អស់​យ៉ាង​ហោច​ណាស់ ២៨០​នាក់ ក្នុង​​អំឡុង​​ពេល​១០​ខែ​ ដែល​ពួក​គេ​កាន់​កាប់​ក្រុង​បូរាណ​នេះ។

ថ្វី​បើ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម បាន​ចាញ់ និង​បណ្តេញ​ចេញ​ពី​ក្រុង​ប៉ាល់មៀរ​មែន ប៉ុន្តែ​ពួក​គេ​បាន​បន្សល់​ទុក​នូវ​ផលវិបាក​ដ៏​ច្រើន។ ក្រៅ​អំពី​ការ​រក​ឃើញ​រណ្តៅ​កប់​ខ្មោច​រួម​ ក្រុង​ប៉ាល់មៀរ​បាន​ក្លាយ​ជា​ក្រុង​រហោស្ថាន មាន​ប្រជាពលរដ្ឋ​ប្រមាណ​តែ​១៥០០០​នាក់​ប៉ុណ្ណោះ  បើ​ប្រៀប​ទៅនឹង​ពេល​​​មុន​សង្គ្រាម​​ដែល​មាន​ចំនួន​ប្រមាណជិត​៧ម៉ឺន​​នាក់។ អ្នក​ស្រុក​ភូមិ​មិន​ហ៊ាន​ត្រលប់​ព្រោះ​ខ្លាច​ទាហាន​រដ្ឋាភិបាល​លោក​ បាស្ហារអាល់អាសាដ សង​សឹក​ផង និង​ខ្លាច​គ្រាប់​មីន ដែល​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ដាក់​បង្កប់​ពេញ​ក្រុង​ផង។

ក្រុង​ប៉ាល់មៀរ និង​ប្រាសាទ​បូរាណ​​ ចំណាស់​រាប់​សតវត្សរ៍ ដែល​ជា​​បេតិកភណ្ឌ​ពិភពលោក បាន​រង​ការ​ខូច​ខាត​យ៉ាង​ខ្លាំង​។ ភាគ​ខ្លះ​​នៃ​ប្រាសាទ ត្រូវ​បាន​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​កម្ទេច​ បំផ្លាញ​ចោល​​បាត់​រូប​រាង​ដើម​ទាំង​ស្រុង​តែ​ម្តង៕

ស៊ីរី ៖ រកឃើញ​រណ្តៅ​កប់​ខ្មោច​របស់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​ប៉ាល់មៀរទាហាន​រដ្ឋាភិបាល​ស៊ីរី​ក្នុង​ក្រុង​រហោស្ថាន​ប៉ាល់មៀរ ថ្ងៃទី ១ មេសា ២០១៦

ប្រភពៈ RFI