មន្ត្រី​ក្រសួងការបរទេស​ម្នាក់​ជាប់ចោទ​ពុក​រលួយ​ត្រូវ​នាំ​ខ្លួន​មក​ឱ្យ​អយ្យការ​អម​សាលាដំបូង​សាកសួរ

មន្ត្រី​ក្រសួងការបរទេស​ម្នាក់​ជាប់ចោទ​ពុក​រលួយ​ត្រូវ​នាំ​ខ្លួន​មក​ឱ្យ​អយ្យការ​អម​សាលាដំបូង​សាកសួរ



រាជធានី​ភ្នំពេញ ៖ មន្ត្រី​ម្នាក់​ដែល​មាន​តួនាទី​ជា​ប្រធាន​ការិយាល័យ​អូស្ត្រាលី​ញូ​ហ្សេ​ឡែ​ន​នៅ​នាយកដ្ឋាន​អាស៊ី​២ នៃ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​ត្រូវ​បាន​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ប​ញ្ចូ​ន​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​នា​ព្រឹក​ថ្ងៃ​ទី​២ មេ​សា ដើម្បី​សាកសួរ​ករណី​ប្រព្រឹត្ត​អំពើ​ពុក​រលួយ តាម​រូបភាព​ទទួល​លុយ​ពី​ក្រុមហ៊ុន​បរទេស​ដើម្បី​ប្រថាប់ត្រា​បញ្ជាក់​លើ​ឯកសារ ។ បច្ចុប្បន្ន​មន្ត្រី​រូប​នេះ កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់​ព្រះរាជអាជ្ញា​រង​លោក លី សុ​ផា​ណា ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មន្ត្រី​ក្រសួងការបរទេស​រូប​នេះ ឈ្មោះ អ៊ា សែ អាយុ​៤២​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៦ នៅ​ក្នុង​ក្រសួងការបរទេស​តែ​ម្ដង  ។

សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បញ្ជាក់​ថា មន្ត្រី​រូប​នេះ​អាច​ប្រឈម​មុខ​នឹង​ការ​ចោទប្រកាន់​ពី​បទ​វិ​តិ​ក្រម តាម​មាត្រា​៥៩២ និង ៥៩៣ នៃ​ក្រមព្រហ្មទណ្ឌ ។

កាលពី​ថ្ងៃ​៣១ មីនា លិខិត​ជូន​ព័ត៌មាន​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង បាន​ធ្វើការ​ផ្សព្វផ្សាយ​ភ្លាម​ៗ​ក្នុង​ក្រសួង​ផង​ដែរ ដែល​សរសេរ​ថា សូម​ឯ​ឧត្ដម លោក​ជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់ កុំ​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ករណី «​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​» បាន​ចាប់​មន្ត្រី​ក្រសួងការបរទេស​មួយ​រូប នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៦ នេះ ដោយសារ​មាន​ភស្ដុ​តាង​ច្បាស់លាស់​អំពី​ការ​ទទួល​លុយ​ពី​ក្រុមហ៊ុន​បរទេស​ដើម្បី​ប្រថាប់ត្រា​បញ្ជាក់​លើ​ឯកសារ​ដែល​មិន​ពាក់ព័ន្ធ​នឹង​ក្រសួងការបរទេស ។

សូម​បញ្ជាក់​ថា «​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​» កំពុងធ្វើការ​ស៊ើបអង្កេត​បន្ត​ទៀត ទាក់ទង​នឹង​បញ្ជា​នេះ ។

ខ្លឹមសារ​ចុង​ក្រោយ​នៃ​លិខិតបញ្ជាក់​ថា សូម​ឯកឧត្ដម លោក​ជំទាវ លោក លោកស្រី​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់​រក្សា​ភាព​ស្ងប់ស្ងាត់ និង​បន្តការងារ​របស់​ខ្លួន​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ៕