លោក ជា ចំរើន ក្រោយ​ដកថយ​ពី​ឆាកនយោបាយ​ក្លាយជា​ប្រធាន​សហព័ន្ធ​សារព័ត៌មាន​កម្ពុជា​ទើប​បង្កើត

លោក ជា ចំរើន ក្រោយ​ដកថយ​ពី​ឆាកនយោបាយ​ក្លាយជា​ប្រធាន​សហព័ន្ធ​សារព័ត៌មាន​កម្ពុជា​ទើប​បង្កើត



រាជធានី​ភ្នំពេញ ៖ លោក​បណ្ឌិត ជា ចំរើន បាន​លាចាក​ឆ្ងាយ​ពី​ឆាកនយោបាយ ហើយ​ចូល​ប្រឡូក​នៅ​ក្នុង​ការងារ​សង្គម​វិញ ដោយ​លោក​ត្រូវ​បាន​អង្គភាព​សារព័ត៌​មាន​ប្រមាណ​ជា​៦០​សម្រេច​ជ្រើសរើស​រូប​លោក​ឱ្យធ្វើ​ជា​ប្រធាន​សហព័ន្ធ​សារព័ត៌មាន​កម្ពុជា ។

លោក​បណ្ឌិត ជា ចំរើន បាន​មាន​ប្រសាសន៍​លើក​ឡើង​ក្នុង​ពិធី​បង្កើត​សហព័ន្ធ​សារព័ត៌មាន​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​២ ខែមេសា ក្នុង​ឱកាស​ជួបជុំ​ចាងហ្វាង​កាសែត​ទាំង​៦០​អង្គភាព​ថា ខ្ញុំ​បាន​ចាកចេញ​ឆ្ងាយ​ពី​ឆាកនយោបាយ​ហើយ ។ ជាមួយ​គ្នា​នេះ លោក​ក៏​មិន​ចូល​ទៅ​បម្រើ​ឱ្យ​គណបក្ស​នយោបាយ​ណាមួយ​ដែរ ទោះបីជា​មាន​អ្នកនយោបាយ​ខ្លះ​ចង់ឱ្យ​លោក​ចូល​ទៅ​បម្រើ​នយោបាយ​តទៅ​ទៀត​ក្តី ។

សូម​បញ្ជាក់​ថា លោក​បណ្ឌិត ជា ចំរើន បាន​លាឈប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​បាន​ទៅ​បើក​គណបក្ស​ថ្មី​មួយ​ឈ្មោះ​ថា «​កម្ពុជា​សេរីភាព​» ប៉ុន្តែ​ពេល​នេះ​លោក​ក៏​បាន​លាឈប់​ទាំងអស់ ដោយ​មិន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​ឡើយ ។

លោក បណ្ឌិត ជា ចំរើន គឺជា​បុគ្គល​សាធារណៈ​មួយ​រូប​ដែល​ពលរដ្ឋ​កម្ពុជា​ទទួលស្គាល់​ថា មាន​វោហារសាស្ត្រ​ក្នុង​ការ​ឃោសនា​ស្វែងរក​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ បម្រើ​ឱ្យ​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ខេត្តកណ្តាល ដោយ​មាន​ពលរដ្ឋ​ចូល​ចិត្ត​លោក​ច្រើន ។ រីឯ​ការ​ចូលរួម​ប្រឡូក​ក្នុង​វិស័យ​សារព័ត៌មាន​ឡើង​វិញ​នា​ពេល​នេះ គឺ​ដោយសារ​មានការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​សារព័ត៌មាន ទើប​លោក​ត្រូវ​បាន​ជ្រើសរើស​ឱ្យធ្វើ​ជា​ប្រធាន​សហព័ន្ធ​សារព័ត៌មាន​កម្ពុជា ក្នុង​គោលបំណង​ជួយ​លើក​ស្ទួយ​វិស័យ​ព័ត៌មាន និង​ជួយ​កិច្ច​ការងារ​ក្នុង​សង្គម​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​គណបក្ស​ណាមួយ​ឡើយ ។

លោក ជា ចំរើន ថ្លែង​ថា បច្ចុប្បន្ន​សារព័ត៌មាន​ត្រូវ​ទទួល​រង​ការ​គំរាមកំហែង​ពី​សំណាក់​ឈ្មួញ​រកស៊ី​ខិលខូច​ជា​ច្រើន​ករណី ហេតុ​ដូច្នេះ​លោក​ត្រូវ​ចូល​មក​ប្រឡូក​និង​បម្រើ​សង្គម​តាម​រយៈ​សារព័ត៌មាន ។ លោក​ត្រូវ​ការពារ​អ្នក​សារព័ត៌មាន​តាម​ផ្លូវច្បាប់ ហើយ​នា​ពេល​អនាគត​លោក​នឹង​រៀបចំ​ឱ្យ​សហព័ន្ធ​បាន​ចូល​ជា​សមាជិក​សារព័ត៌មាន​អាស៊ាន​ផង​ដែរ ៕