ស្រុក​​ឈាន​មុខ​ ស្វាយ​អន្ទរ​កំពុង​​ខ្នះ​ខ្វែងស្វែង​រក​ការ​​កសាង​ទីលាន​កីឡា​​៤​​ប្រភេទ​ថែម​ទៀត

សន្ទុះ​​នៃ​ការ​រីកចម្រើន​​លើ​​ផ្នែក​​កីឡា​​ក្នុង​​ស្រុក​ស្វាយ​អន្ទរ​ និង​មាន​​សំណូម​ពរ​ពី​សិស្សានុសិស្ស​ ព្រម​ទាំង​ប្រជា​ពលរដ្ឋ​ផង​នោះ​ វិទ្យាល័យ​ស្វាយ​អន្ទរ​សហការ​ជា​មួយ​សហគមន៍​កីឡា​ស្រុក​ស្វាយ​អន្ទរ​កំពុង​ខ្នះ​ខ្នែង​ស្វែង​រក​​ថវិកា​ដើម្បី​កសាង​ទី​​លាន​កីឡា​​៤​​ប្រភេទ​បន្ថែម​ទៀត​​​ ដើម្បី​ពង្រឹង​សកម្មភាព​កីឡា​សិស្ស​ និង​យុវជន​ស្រុក​ឲ្យ​កាន់​តែ​​ខ្លាំង​ឡើង។

 

ស្រុក​​ឈាន​មុខ​ ស្វាយ​អន្ទរ​កំពុង​​ខ្នះ​ខ្វែងស្វែង​រក​ការ​​កសាង​ទីលាន​កីឡា​​៤​​ប្រភេទ​ថែម​ទៀត ក្រុម​កីឡា​វិល័យ​ស្វាយអន្ទរទទួល​បាន​មេដាយ

 

រយៈ​ពេល​បួន​ឆ្នាំ​នៃ​ផែន​ការ​អភិវឌ្ឍ​​កីឡា​ថ្នាក់​ស្រុក​ ២០១៣-២០១៦​ វិទ្យាល័យ និង​ការិយាល័យ​អប់រំ​ យុវជន​ និង​កីឡា​ស្រុក​ស្វាយ​អន្ទរ​សម្រេច​បាន​ប្រហែល​៦០​ភាគរយ​តាម​ផែន​ការ​ដែល​បាន​គ្រោង​ទុក។ លទ្ធផល​មាន​ដូច​ជា​ កីឡា​បាល់ទះ​បុរស​គ្រង​ជើង​ឯក​ ទូទាំង​ខេត្ត​ព្រៃវែង​៣​លើក​ និង​រង​ជើង​ឯក​១​លើក។ បាល់ទះ​បុរស​យុវជន​កីឡា​មហាជន​ខេត្ត​ព្រៃវែង​ គ្រង​តំណែង​ជើង​ឯក​៣​លើក​ និង​លេខ​៣​​បាន​១លើក។ បាល់ទះ​បុរស​ភូមិ​ភាគ​​ជើង​ឯក​បាន១លើក។

 

ចំពោះ​កីឡា​បាល់ទះនារី​វិញ​បាន​ជើង​ឯក​​សម្រាប់​​វិញ្ញាសា​សិស្ស​ទូទាំង​ខេត្ត​៣​ឆ្នាំ​ជាប់​គ្នា។ បាល់បោះ​នារី​បាន​​ជើង​ឯក​សិស្ស​ទូទាំង​ខេត្ត​៣​ឆ្នាំ​ជាប់​គ្នា។ បាល់ទះ​កុមារា​បាន​លេខ​១​ទូទាំង​ខេត្ត​ព្រៃវែង​ ​និង​ត្រូវ​ទៅ​ចូល​រួម​ប្រកួត​ទូទាំង​ប្រទេស​នៅ​ខេត្ត​បន្ទាយមានជ័យ ប៉ុន្តែ​​ត្រូវ​ផ្អាក​វិញ​តាម​ការ​ប្រកាស​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា។ ​កីឡា​ចោល​ដុំ​ដែក​បុរស​លេខ​១​ រត់​ចម្ងាយ​នារី​៨០​ម៉ែត្រ​បាន​លេខ​១ និង​ប៉េតង់​បុរស​៣​នាក់​ទល់​៣​នាក់​ទទួល​បាន​លេខ​៣។

 

លោក​ នន់់​ សារ៉ុន​ ប្រធាន​ការិយាល័យ​អប់រំ​ យុវជន​ និង​កីឡា​ស្រុក​ស្វាយ​អន្ទរ​បាន​លើក​ឡើង​ថា​ ក្នុង​ឆ្នាំ​សិក្សា​ ២០១៥​២០១៦​នេះ ​ការ​ពង្រឹង​សកម្មភាព​កីឡា​នៅ​គ្រប់​សាលា​រៀន​រាប់​តាំង​ពី​ថ្នាក់​បឋម​ ដល់​មធ្យម​សិក្សា​ ដោយ​បាន​រៀប​ចំ​ការ​ប្រកួត​ជម្រុះ​ថ្នាក់​កម្រង​ ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ប្អូន​ៗ​តូច​ៗ​បាន​បង្ហាញ​សមត្ថភាព​ឲ្យ​បាន​ច្រើន​នៅ​លើ​ទីលាន​ប្រកួត​ ហើយ​យក​តែ​លេខ​១​មក​ប្រកួត​ថ្នាក់​ស្រុក​ ដើម្បី​ចម្រាញ់​យក​ជើង​ឯក។

 

លោក​ថា​ ៖«​យើង​រៀប​ចំ​របៀប​នេះ​ ដើម្បី​ឲ្យ​ស្រប​តាម​ទិស​ដៅ​កំណែ​ទម្រង់​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​​ដែល​​ពង្រឹង​សកម្មភាព​​កីឡា​នៅ​តាម​សាលា​គ្រប់​រាជ​ធានី​ខេត្ត​ក្រុង»។

 

ស្រុក​​ឈាន​មុខ​ ស្វាយ​អន្ទរ​កំពុង​​ខ្នះ​ខ្វែងស្វែង​រក​ការ​​កសាង​ទីលាន​កីឡា​​៤​​ប្រភេទ​ថែម​ទៀត ក្រុមកីឡា​បាល់ទះ​ស្វាយអន្ទរ

 

បញ្ហា​កង្វះ​ទីលាន​សម្រាប់​ហ្វឹកហាត់​នៅ​តាម​សាលា​មួយ​ចំនួន​ លោក​នឹង​ជម្រុញ​ឲ្យ​គ្រប់​នាយក​សាលា​ត្រូវ​លើក​ផែន​ការ​ សាង​សង់​ទីលាន​តាម​សភាព​ជាក់​ស្តែង​នៃ​ទីធ្លា​សាលា​រៀន​នីមួយ​ៗ​ ពី​ព្រោះ​ថា​ ក្រសួង​តម្រូវ​ឲ្យ​សាលា​រៀន​ណា​ដែល​ចង់​ធ្វើ​អ្វី​មួយ​ត្រូវ​លើក​ជា​សំណើ​ឲ្យ​សម​ស្រប​តាម​អនុ​វិស័យ​អប់រំ​កាយ​ និង​កីឡា​របស់​គោលការណ៍​ក្រសួង​អប់រំ។

 

លោក​ គង់​ សុខលេង​ នាយក​រង​វិទ្យាល័យ​ស្វាយ​អន្ទរ​ បាន​លើក​ឡើង​ថា លោក​​​ប្តេជ្ញា​ពង្រឹង​វិស័យ​កីឡា​បន្ថែម​ទៀត​​លើ​ប្រភេទ​កីឡា​ដែល​មិន​ទាន់​​ទទួល​​បាន​លទ្ធផល​ល្អ​ និង​ ជម្រុញ​ឲ្យ​អត្តពលិក​យក​ចិត្ត​ទុក​ដាក់​ខិតខំ​ហ្វឹក​ហាត់​ និង​រក​គ្រូ​ស្ម័គ្រ​ចិត្ត​ពី​ខាង​ក្រៅ​ឲ្យ​មក​ជួយ​បង្ហាត់​ ព្រម​ទាំង​​បំប៉ន​បច្ចេកទេស​​ជា​ប្រចាំ។ ជាក់​ស្តែង​កីឡា​ប៊ូល-ប៉េតង់ លោក​បាន​អញ្ជើញ​កីឡា​ការិនី​ប៊ូល-ប៉េតង់​ជម្រើស​ជាតិ​មក​ពី​សហព័ន្ធ​កីឡា​ប៊ូល​ និង​ប៉េតង់​កម្ពុជា​ ឲ្យ​មក​ជួយ​ពង្រឹង​ និង​កែ​លម្អ​ចំណុច​ខ្វះ​ខាត​ ដោយ​ហ្វឹកហាត់​តាម​ក្បួន​ខ្នាត​បច្ចេកទេស។

 

​កីឡា​សី​ប៉ាក់តាក្រ​វិញ​ លោក​បាន​ទំនាក់​ទំនង​ទៅ​សហព័ន្ធ​សី​ប៉ាក់តាក្រ​កម្ពុជា​រួច​រាល់​ហើយ​ ដោយ​អញ្ជើញ​ក្រុម​កីឡា​ជម្រើស​ជាតិ​ឲ្យ​មក​​ជួយ​បង្ហាញ​សមត្ថភាព​ ក្បួន​ខ្នាត​បច្ចេកទេស​របៀប​លេង​ និង​ហ្វឹកហាត់​ ហើយ​ក៏​នឹង​អញ្ជើញ​គ្រូ​បង្ហាត់​វាយ​កូន​ខ្លី​លើ​តុ​ឲ្យ​មក​ជួយ​បង្ហាត់​បង្ហាញ​បំប៉ន​ក្រោយ​ពេល​រៀប​ចំ​ទី​លាន​រួច ។

 

លោក​ប្រាប់​ថា​ ៖«ឆ្នាំ​ខាង​មុ​ ខ្ញុំ​នឹង​បញ្ចូល​កីឡា​វាយ​កូន​ខ្លី​លើ​តុ​បុរស-​នារី​ទៅ​ប្រកួត​កីឡា​ក្រប​ខណ្ឌ​សិស្ស​មធ្យម​សិក្សា​ថ្នាក់​ខេត្ត។ ដោយ​ឡែក​សម្រាប់​ការ​រៀប​ចំ​ទីលាន​វាយ​កូន​ខ្លី​លើ​តុ​ ខ្ញុំ​​បាន​ទទួល​ថវិកា​មួយ​ចំនួន​ពី​សប្បុរស​ជន​​ខ្លះ​ហើយ​ ​តែ​មិន​ទាន់​គ្រប់​ចំនួន​ដើម្បី​អាច​រៀប​ចំ​បាន​នៅ​ឡើយ»។

 

លើស​ពី​នេះ​ លោក​បាន​ដាក់​សំណើ​ទៅ​បណ្តា​ក្រុម​ហ៊ុន​ និង​សប្បុរស​ជន​នានា​ឲ្យ​ជួយ​សាង​សង់​ជា​ទីលាន​ប៊ូល-ប៉េតង់​ភ្លោះ​អត់​ដំបូល​មួយ​កន្លែង​ ទីលាន​វាយ​កូន​ខ្លី​លើ​តុ​​​​៣​ឈុត​ ទី​លាន​​​កីឡា​សីប៉ាក់តាក្រ​មួយ​កន្លែង​ និង​ទីលាន​វាយ​សី​មួយ​កន្លែង​តាម​សំណូមពរ​របស់​សិស្សានុសិស្ស​ យុវជន​ និង​ប្រជា​ពលរដ្ឋ។

 

ស្រុក​​ឈាន​មុខ​ ស្វាយ​អន្ទរ​កំពុង​​ខ្នះ​ខ្វែងស្វែង​រក​ការ​​កសាង​ទីលាន​កីឡា​​៤​​ប្រភេទ​ថែម​ទៀតក្រុម​កីឡា​ប៉េតង់​ស្វាយ​អន្ទរ និង​កីឡា​ការិនី​ជម្រើស​ជាតិ

 

លើស​ពី​នេះ​លោក​ក៏​បាន​បង្ហើប​បន្ថែម​ទាក់​ទង​នឹង​គម្រោង​សាង​សង់​សាល​កីឡដ្ឋាន​មួយ​កន្លែង​ទំហំ​ ៥០×៤០​ម៉ែត្រ​ កម្ពស់​១៦​ម៉ែត្រ​ដែល​អាច​ផ្ទុក​ទស្សនិកជន​បាន​ប្រហែល​៥០០​នាក់​ ដែល​គ្រោង​ចំណាយ​ថវិកា​យ៉ាង​ច្រើន និង​គូ​ប្លង់​សាល​កីឡដ្ឋាន​ហើយ។ លោក​បាន​ទាក់​ទង​រក​ក្រុម​ហ៊ុន​ សប្បុរស​ជន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ឲ្យ​ជួយ​សាងសង់​ ដើម្បី​ទុក​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​បាន​ប្រើ​ប្រាស់​ហ្វឹក​ហាត់​យូរអង្វែង។

 

ទោះ​បី​ជា​យ៉ាង​ណា​ លោក​បាន​គិត​ថា​ គម្រោង​សាង​សង់​សាល​កីឡដ្ឋាន​នោះ​ត្រូវ​ចំណាយ​ពេល​យូរ​គួរ​សម​ដែរ​ ហើយ​លោក​ក៏​សូម​អំពាវ​នាវ​ទៅ​កាន់​បណ្តា​ក្រុម​ហ៊ុន​ សប្បុរស​ជន​ និង​អតីត​សិស្ស​វិទ្យាល័យ​ស្វាយ​អន្ទរ​ សូម​បន្ត​ជួយ​ឧបត្ថម្ភ​ជា​ឯកណ្ឋាន​ សម្ភារៈ​កីឡា​ តាម​លទ្ធភាព​ ដើម្បី​ឲ្យ​វិស័យ​កីឡា​វិទ្យាល័យ​ និង​ស្រុក​ស្វាយ​អន្ទរ​ឲ្យ​កាន់​តែ​រីក​ចម្រើន​បន្ត​ទៅ​ទៀត។

 

ក្រៅ​ពី​ការិយាល័យ​អប់រំ​ យុវជន​ និង​កីឡា​ស្រុក​ វិទ្យាល័យ​ស្វាយ​អន្ទរ​ ក៏​មាន​សហគមន៍​កីឡា​ស្រុក​ស្វាយ​អន្ទរ​ដែល​ទើប​​បង្កើត​ឡើង​ដើម្បី​ចូល​រួម​ចំណែក​ជួយ​អភិវឌ្ឍ​វិស័យ​កីឡា​ គៀង​គរ​រក​ប្រភព​ថវិកា​ពី​សប្បុរស​ជន​នានា​ បញ្ជូន​គ្រូ​កីឡា​ទៅ​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​តាម​សហព័ន្ធ​កីឡា​នានា។ ស្រុក​ស្វាយ​អន្ទរ​ត្រូវ​បាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្ត​ព្រៃវែង​ផ្តល់​ចំណាត់​ថ្នាក់​លេខ​១​ ថា​ជា​ស្រុក​នាំ​មុខ​គេ​សម្រាប់​ការ​ខិតខំ​ពង្រឹង​ និង​អភិវឌ្ឍ​កីឡា​ទូទាំង​ខេត្ត៕

 

អត្ថបទ៖ សោម​ សារិទ្ធ​