ឯកឧត្តម កឹម សុខា អវត្តមាន​ក្នុងកិច្ចប្រជុំសភា នាព្រឹកនេះ

​ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ពុំមានវត្តមាន​ក្នុង​កិច្ចប្រជុំ​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​លើ​សមាសភាព​សមាជិក​រា​ជ​រដ្ឋាភិបាល ដែល​ត្រូវបាន​កែសម្រួល និង​បំពេញ​បន្ថែមចំនួន ២៦ រូប​ឡើយ នៅ​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៦​។​​ សមាជិកសភា​ចំនួន ១០៨​រូប ក្នុងនោះ សមាជិក​​​​​​សភា​​​​​​​​​​​​​​​​គណបក្ស​ប្រជាជន​​​​កម្ពុជា (CPP) ៦៨​រូប កំពុង​ប្រជុំ​ពិនិត្យ​របៀបវារៈ​សភា​មួយចំនួន ក្នុងសម័យ​ប្រជុំ​របស់​ខ្លួន​លើក​ទី​៦ នីតិកាល​ទី​៥ ។

​ឯកឧត្តម កឹម សុខា ធ្លាប់បាន​លើកឡើង កន្លងមក ថា ការរុះរើ​គណៈរដ្ឋមន្ត្រី​របស់​សម្ដេច ហ៊ុន សែន ពេលនេះ គឺ​គ្រាន់តែ​ជាការ​បង្ហាញ​រូបភាព​សើៗ ដែល​មិនមែន​ជាការ​កំណែទម្រង់ ដើម្បី​ប្រសិទ្ធភាព​ការងារ​ឡើយ​។ ផ្ទុយ​ពី​ឯកឧត្តម កឹម សុខា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន  បានប្រកាស​ដោយ​ភាពជឿជាក់​កន្លងមក​ថា ការរុះរើ​គណរដ្ឋមន្ត្រី​នេះ គឺជា​បង្កើន​ប្រសិទ្ធភាព​ការងារ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​។

របៀបវារៈ​កិច្ចប្រជុំព្រឹកនេះ រួមមាន ព្រះរាជសារ​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ជូន​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៦, របាយការណ៍​ស្តីពី​សកម្មភាព​របស់រ​ដ្ឋ​សភា​ចន្លោះ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី ៥ និង​លើក​ទី​៦ នីតិកាល​ទី​៥, ការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​លើ​សមាសភាព​សមាជិក​រា​ជ រដ្ឋាភិបាល ដែល​ត្រូវបាន​កែសម្រួល និង​បំពេញ​បន្ថែមចំនួន ២៦ រូប​, ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​ចំនួន ១ រូប និង​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព​។​

​គួរ​បញ្ជាក់ថា សមាជិក​គណៈរដ្ឋមន្ត្រី​ដែល ត្រូវ​គណៈរដ្ឋមន្ត្រី​រប​ស់ស​ម្តេច ហ៊ុន សែន បញ្ចប់​តួនាទី ផ្លាស់ប្តូរ និង​តែងតាំង​បន្ថែម​ទាំង ២៤ រូប ។ លោក គាត ឈន់ ត្រូវបាន​រដ្ឋាភិបាល​ប​ញ្ច​ប់​មុខងារ​ជា​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ តាម​សំណើ​របស់​សាមីខ្លួន ឯ​លោក ហោ ណាំហុង រដ្ឋាភិបាល​បញ្ចប់​មុខងារ​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ តែ​រក្សាទុក​តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី​ដដែល ទៅតាម​សំណើ​របស់​សាមីខ្លួន​។ ចំណែក លោក អ៊ឹម ឈុនលឹម បាត់បង់​មុខងារ ជា​ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ តាម​សំណើ​សាមីខ្លួន​៕