​ទេសចរហូប​គ្រឿង​សមុទ្រ​ងូត​ទឹក​លេង​ធម្មតា ​នៅ​កោះ ​ក្នុង​ខេត្ត​កែប ទោះ​ទឹក​សមុទ្រ​ប្រែ​ពណ៌ក្ដី

អំឡុង​ពេល​មាន​បាតុភាព​លើ​ទឹក​សមុទ្រ​នៅ​ឆ្នេរ​កែប ​ប្រែ​ជា​ពណ៌​ស្លែ​ខុស​ប្រក្រតី ដោយ​ឡែក​សម្រាប់​អាជីវកម្ម​ផ្ទះ​សំណាក់ និង​ភោជនីយដ្ឋាន​វិញ ពុំ​មាន​បញ្ហា​ចោទ​ទេ ហើយ​ភ្ញៀវ​នៅ​តែ​ចុះ​ងូត​ទឹក​លេង​កម្សាន្ត​ និង​ហូប​គ្រឿង​សមុទ្រ​នៅ​លើ​ដែន​កោះ​ធម្មតា។ នេះ​បើ​តាម​ លោក តុង អ្នក​គ្រប់​គ្រង​នៅ​ភោជនីយដ្ឋាន ​និង​ផ្ទះ​សំណាក់ គឹម លាង មាន​ទី​តាំង​នៅ​លើ​កោះ​ទន្សាយ​ បាន​បញ្ជាក់​ប្រាប់។​

 

​ទេសចរហូប​គ្រឿង​សមុទ្រ​ងូត​ទឹក​លេង​ធម្មតា ​នៅ​កោះ ​ក្នុង​ខេត្ត​កែប ទោះ​ទឹក​សមុទ្រ​ប្រែ​ពណ៌ក្ដី

 

 

អ្នក​គ្រប់​គ្រង រូប​នេះ​បន្ត​ថា ភ្ញៀវ​នៅ​តែ​កុម្ម៉ង់​គ្រឿង​សមុទ្រ និង​ចុះ​ងូត​ទឹក​លេង​ធម្មតា ដោយ​សារ​នៅ​កោះ​ ទឹក​ពុំ​មាន​ឡើង​ស្លែ​អ្វី​ឡើយ។ ម្យ៉ាង​ទៀត គ្រឿង​សមុទ្រ​ដូច​ជា ក្ដាម មឹក​ បង្គា គឺ​ខាង​លោក​ទិញ​ពី​ប្រជា​នេសាទ​ដែល​រក​បាន​នៅ​ជុំ​វិញ​កោះ ដែល​ឆ្ងាយ​ពី​ឆ្នេរ​កែប​ប្រមាណ​​ពី​ ៦​ទៅ ៨Km។ នៅ​លើ​កោះ​នេះ សម្រាប់​ថ្ងៃ​ធម្មតា គឺ​សំបូរ​ភ្ញៀវ​បរទេស ដែល​មួយ​ថ្ងៃ​មាន​គេ​មក​លេង ៤-១០ ទូក​ ហើយ​លោក​សង្កេត​ឃើញ​ថា​ ពួក​គាត់​មិន​ចាប់​អារម្មណ៍​លើ​បញ្ហា​នោះ​ឡើយ គឺ​ភ្ញៀវ​នៅ​តែ​ហូប គ្រឿង​សមុទ្រ ​និង​ចុះ​ងូត​ទឹក​លេង​សប្បាយ​​ធម្មតា​ជាមួយ​ទឹក​ស្អាត​នៅ​កោះ​ដដែល។

 
បើ​ទោះ​ជា​នៅ​ឆ្នេរ​កែប​មាន​ភាព​ប្រែ​ប្រួល​លើ​ទឹក​សមុទ្រ​ទៅ​ជា​ស្លែ​យ៉ាង​ណា​ក៏​ដោយ ក៏​ ​ប៉ុន្មាន​ថ្ងៃ​នេះ​មិន​មាន​បញ្ហា​ចោទ​លើ​អាជីវកម្ម​នោះ​ឡើយ។

 

​ទេសចរហូប​គ្រឿង​សមុទ្រ​ងូត​ទឹក​លេង​ធម្មតា ​នៅ​កោះ ​ក្នុង​ខេត្ត​កែប ទោះ​ទឹក​សមុទ្រ​ប្រែ​ពណ៌ក្ដី

 

យ៉ាង​ណា លោក​មាន​ការ​ព្រួយ​បារម្ភ​ខ្លះ​ដែរ នា​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ដោយសារ​ជា​ទូទៅ​ពេល​បុណ្យ​ទាន​តែង​មាន​ភ្ញៀវ​ខ្មែរ​មក​លេង​ច្រើន តែ​ដោយ​សារ​បាតុភាព​នេះ ភ្ញៀវ​អាច​ងាក​ទៅ​លេង​ខេត្ត​ផ្សេង​ដោយ​សារ​ខ្លាច​រឿង​នេះ។ ដូច្នេះ​ហើយ លោក​គិត​ថា វា​ផ្ដល់​ផល​ប៉ះ​ពាល់​ខ្លះ​ដែរ។

 

បើ​តាម​ការ​អះ​អាង​ពី​ លោក​សៅ សុភាព អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន បាន​ឲ្យ​ដឹង​ថា ​ទឹក​សមុទ្រ​នៅ​កែប​បាន​ប្រែ​សភាព​ជា​ល្អ​ប្រសើរ​ ៩០% ហើយ​នៅ​ព្រឹក​ថ្ងៃ​នេះ និង​មិន​មាន​ជន​ណា​ម្នាក់​រង​គ្រោះ​ប៉ះ​ពាល់​ដោយ​សារ​បញ្ហា​នេះ​​ទេ ។

 

ជុំវិញ​បញ្ហា​នេះ លោក​ថា ​ខាង​ក្រសួង​នឹង​រៀប​ចំ​ជា​សេចក្ដី​ជូន​ដំណឹង​ពី​បច្ចុប្បន្នភាព​ នៃ​ស្ថានភាព​ទឹក​ដោយ​ផ្អែក​លើ​លទ្ធផល​លើ​ការវិភាគ ​និង​ធ្វើការ​តាម​ដាន​បន្ត​ទៀត ដើម្បី​ចៀស​វាង​បញ្ហា​ផ្សេងៗ។ ​​

 

សូម​បញ្ជាក់​ថា ទឹកសមុទ្រ​នៅ​ឆ្នេរ​កែប បាន​ប្រែ​ជា​ពណ៌​ស្លែ​បណ្ដាល​មក​ពី​​បម្រែបម្រួល ​នៃ​បាតុភូត​ធម្មជាតិ​អែល​ញ្ញូវ ធ្វើ​អោយ​កម្ដៅ​ក្រាស់ ប៉ះ​ពាល់​ដល់​ប្លង់​តុង​ក្នុង​សមុទ្រ​ងាប់​មួយ​ចំនួន កំហាប់​ប៉េហាស់​ក្រាស់​ខ្វះ​អុក​ស៊ី​ហ្សែន (O2) ធ្វើ​អោយ​មាន​កំណក​បៃតង​លើ​ផ្ទៃ​ទឹក​សមុទ្រ​ដោយ​ដុំៗ ពិសេស​តំបន់​ទឹក​រាក់​ៗ៕

 

 

អត្ថបទ៖ លឹម សុ​នា
រូបភាព៖ google